បរទេស៖ កីឡាករ Chilwell គឺជាកីឡាករម្នាក់ដែលមិនស្ថិតនៅក្នុងជម្រើសរបស់ក្លឹប Chelsea បន្ទាប់ពីលោក Enzo Maresca បានមកកាន់តំណែងជាគ្រូបង្វឹកកាលពីរដូវក្តៅមុន។ កីឡាករសញ្ជាតិអង់គ្លេសត្រូវបានអ្នកចាត់ការថ្មីណែនាំឲ្យស្វែងរកក្លឹបផ្សេង ហើយថែមទាំងត្រូវបានដកចេញពីក្រុមទៀតផង។

កីឡាករវ័យ ២៨ឆ្នាំរូបនេះមិនអាចត្រលប់ទៅក្រុមដំបូងវិញបានទេ ហើយបានបង្ហាញខ្លួនតែមួយដងគត់សម្រាប់ក្រុមតោខៀវក្នុងរដូវកាលនេះ គឺបានលេងរយៈពេល ៤៥នាទីក្នុងការជាមួយក្លឹប Barrow នៅជុំដំបូងនៃពានរង្វាន់ Carabao Cuo។ ការផ្ទេរនៅក្នុងខែមករាហាក់ដូចជាជិតមកដល់ហើយ ដោយ Juventus ត្រូវបានរាយការណ៍ថាចាប់អារម្មណ៍ ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាជម្រើសនៃការផ្ទេររបស់គាត់បានថយចុះទៅវិញ ហើយគាត់ទំនងជាបន្តស្នាក់នៅ Stamford Bridge។
ក្រុមនៅភាគខាងលិចទីក្រុងឡុងដ៍សង្ឃឹមថានឹងរៀបចំការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងមួយសម្រាប់អតីតតារាឆ្នើមរបស់ក្លឹប Leicester City ប៉ុន្តែវាហាក់ដូចជាគាត់ចង់បន្តស្នាក់នៅរាជធានីរបស់អង់គ្លេសរហូតដល់រដូវក្តៅ។ កុងត្រារបស់គាត់នៅ Stamford Bridge មានសុភាពដល់រដូវក្តៅ ឆ្នាំ២០២៧។

ជាមួយនឹងរយៈពេលប៉ុន្មានថ្ងៃទៀតមុនទីផ្សារដោះដូរបិទ កីឡាករ Chilwell សង្ឃឹមថានឹងមានក្លឹបដាក់សំណើរផ្ទេរយកគាត់ ដែលអាចជួយសង្គ្រោះគាត់ពីភាពងងឹតនៅក្លឹប Chelsea។ ទន្ទឹមនឹងនេះដែរ ក្រុមរបស់លោក Maresca នឹងរៀបចំសម្រាប់ការប្រកួត Premier League របស់ពួកគេជាមួយនឹងក្រុម West Ham នៅថ្ងៃចន្ទ៕



