បុរសម្នាក់នេះជាកត្តាជម្រុញអោយ Mathys Tel ផ្ទេរមកកាន់ Spurs

បរទេស៖ ដំបូងឡើយក្លឹប Tottenham បានយល់ព្រមលើតម្លៃ ៦០លានអឺរ៉ូជាមួយនឹងក្លឹប Bayern សម្រាប់ការផ្ទេរខ្សែប្រយុទ្ធ Tel។ ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ ១៩ឆ្នាំរូបនេះមានការស្ទាក់ស្ទើរ និងចង់ស្វែងរកនៅជម្រើសផ្សេង ស្របពេលដែលក្លឹប Manchester United កំពុងតែចង់បានគាត់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយនៅទីបញ្ចប់ក្លឹបបិសាចក្រហមសម្រេចចិត្តដើរចេញពីការចរចា ដោយទុកអោយ Tel មានជម្រើសតែមួយប៉ុណ្ណោះ។ ជាលទ្ធផលខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានទទួលយកជម្រើសក្នុងការខ្ចីជើងទៅកាន់ក្លឹប Tottenham រហូតដល់ចប់រដូវកាលនេះ ហើយក៏មានជម្រើសក្នុងការទិញផ្តាច់ក្នុងតម្លៃ ៥៥លានផោនផងដែរ។

កីឡាករ Kane ដែលបានចាកចេញពី Tottenham ទៅ Bayern ក្នុងឆ្នាំ២០២៣ បានធ្វើការសរសើរចំពោះអតីតក្លឹបរបស់គាត់នៅពេលដែលពិភាក្សាអំពីការផ្ទេរជាមួយកីឡាករ Tel។

FC Bayern München v Sport-Club Freiburg - Bundesliga

ថ្លែងទៅកាន់បណ្តាញសារព័ត៌មានផ្លូវការរបស់ Spurs កីឡាករវ័យជំទង់រូបនេះបានបង្ហើបថា “Kane បានប្រាប់ខ្ញុំថា នេះគឺជាក្លឹបធំមួយដែលមានមនុស្សល្អច្រើន កីឡដ្ឋានគឺស្អាតណាស់ មជ្ឈមណ្ឌលហ្វឹកហាត់ក៏ល្អ ហើយប្រសិនបើអ្នកទៅទីនោះអ្នកនឹងរីករាយ។ អ្វីគ្រប់យ៉ាងគឺវិជ្ជមានពី Harry Kane”។

លោក Ange Postecoglou ក៏ត្រូវបានរាយការណ៍ថាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចុះបញ្ចូល Tel ដើម្បីធ្វើការផ្លាស់ប្តូរនេះ។ អ្នកចាត់ការទូទៅរបស់ Tottenham បានចូលរួមក្នុងការពិភាក្សាយ៉ាងទូលំទូលាយជាមួយកីឡាករនៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ ដោយបានគូសបញ្ជាក់ពីការស័ក្តិសមរបស់គាត់ទៅនឹងទម្រង់ប្រយុទ្ធរបស់ក្លឹប ​Tottenham។ ក្លឹប Spurs បាន​តាម​ដានកីឡាករ​ Tel មួយ​រយៈ​មក​ហើយ ដោយបានព្យាយាមក្នុងការចុះហត្ថលេខាយកគាត់មុនពេលលក់ Kane ទៅកាន់ក្លឹប Bayern Munich ទៀត។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលនោះ ម្ចាស់ជើងឯកអាឡឺម៉ង់បានបដិសេធមិនអនុញ្ញាតឱ្យគាត់ចាកចេញ ដោយជឿជាក់ថាគាត់នឹងមានអនាគតភ្លឺស្វាងនៅកីឡដ្ឋាន Allianz Arena ។

Mathys Tel Bayern Munich HIC

ជាមួយនឹងកីឡាករ Dominic Solanke ត្រូវបានអវត្តមានដោយសាររបួសជង្គង់ កីឡាករចំណូលថ្មី Tel ទំនងជានឹងដើរតួជាខ្សែប្រយុទ្ធកណ្តាលសម្រាប់ក្លឹប Tottenham ។ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះអាចបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លឹប Tottenham នៅល្ងាចថ្ងៃព្រហស្បតិ៍ នៅពេលដែល Spurs ប៉ះ Liverpool ក្នុងជើងទីពីរនៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup របស់ពួកគេនៅកីឡដ្ឋាន Anfield ៕

Previous articleNapoli ខ្ចីជើងខ្សែប្រយុទ្ធ Noah Okafor ពីក្លឹប AC Milan
Next articleSteven Gerrard អាចនឹងវិលត្រលប់ទៅដឹកនាំក្លឹប Ranger វិញ