បរទេស៖ កីឡាករ Dorgu ដែលមានព័ត៌មានចចាមអារ៉ាមយ៉ាងខ្លាំងក្នុងការផ្ទេរមកកាន់ក្លឹប Manchester United ពេញមួយទីផ្សារដោះដូរកីឡាករខែមករា ដោយបិសាចក្រហមចង់ពង្រឹងជម្រើសការពាររបស់ពួកគេ។ បន្ទាប់ពីការចរចាយ៉ាងទូលំទូលាយ ទីបំផុតពួកគេបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែការពារសញ្ជាតិដាណឺម៉ាកវ័យ ២០ឆ្នាំរូបនេះក្នុងតម្លៃមូលដ្ឋាន ២៥លានផោន ជាមួយនឹងប្រាក់បន្ថែមចំនួន ៤លានផោនសម្រាប់ប្រាក់រង្វាន់ពាក់ពន្ធនឹងទម្រង់លេងរបស់កីឡាករ។
ទោះជាយ៉ាងណាក៏ដោយ ការសម្រេចកិច្ចព្រមព្រៀងនេះគឺនៅឆ្ងាយពីអ្វីដែលមើលឃើញ។ ក្លឹប Lecce មានការស្ទាក់ស្ទើរក្នុងការចែកផ្លូវជាមួយនឹងកីឡាករវ័យក្មេងដែលមានទេពកោសល្យនៅពាក់កណ្តាលរដូវកាល ហើយបានព្យាយាមពន្យារពេលការផ្ទេរនេះរហូតដល់រដូវក្តៅ។ នេះបើយោងតាមប្រធាន Lecce លោក Saverio Sticchi Damianiបានអោយដឹងថាវិធីសាស្រ្តផ្ទេររបស់ក្លឹប United គឺថា “នៅពេលនេះ ឫក៏មិនផ្ទេរ” បានធ្វើអោយមានការផ្លាស់ប្តូរសម្រាប់ការចរចាមួយនេះ។
នេះបើយោងតាមការចេញផ្សាយរបស់ TuttoMercatoWeb បានអោយដឹងថាលោក Damiani បានពន្យល់ថា៖ “យើងបាននិយាយជាច្រើនដងថា Dorgu នឹងមិនចាកចេញក្នុងខែមករា ហើយឥឡូវនេះខ្ញុំនឹងពន្យល់ពីមូលហេតុដែលកើតឡើង។ នៅពេលដែល Manchester United មកដល់ ដែលបានធ្វើអោយពួកយើងដឹងអំពីរឿងផ្ទេរ។ យើងបានប្រាប់ពួកគេថា យើងមិនមានចេតនាចង់ឱ្យ Dorgu ចាកចេញក្នុងខែមករានោះទេ។ យើងមិនបាននិយាយអំពីតម្លៃនោះទេ ប៉ុន្តែផ្ទុយទៅវិញការស្នើសុំបានកើតឡើង”។
ទោះបីជាមានការបញ្ជាក់ម្តងហើយម្តងទៀតរបស់ក្លឹប Lecceក្នុងការពន្យារពេលការផ្លាស់ប្តូរក៏ដោយក៏ United បានបដិសេធមិនព្រមធ្វើ។ ពួកគេបានទទូចថា ការផ្ទេរត្រូវតែកើតឡើងភ្លាមៗ ដោយបានចេញឱសានវាទយ៉ាងម៉ឺងម៉ាត់។
លោក Damiani បង្ហើបថា “ពួកគេបានទទូច។ យើងបានស្នើសុំជាច្រើនដងដើម្បីពន្យារពេលគ្រប់យ៉ាងរហូតដល់រដូវក្តៅ ហើយក៏បានសន្យាជាមួយកីឡាករថាគាត់នឹងមិនបាត់បង់ឱកាសនោះទេ។ សម្រាប់យើងផងដែរ វាគឺជាជំហានប្រវត្តិសាស្ត្រមួយ យើងគ្រាន់តែចង់ធ្វើវានៅខែកក្កដា។ ក្លឹបនៅ Premier League ទាក់ទងមកយើងដោយបញ្ជាក៉អំពីបំណង់របស់ពួកគេ និងគ្រូបង្វឹកដើម្បីធ្វើកិច្ចព្រមព្រៀងភ្លាមៗ។ មានឱសានវាទ ពេលនេះ ឬមិនផ្ទេរតែម្តង។ ពួកគេក៏បានប្រាប់កីឡាករដូចគ្នាដែរ”។
“អ្នកមិនអាចធ្វើការបន្ទោសកីឡាករ Dorgu បានទេ។ ក្តីស្រម៉ៃរបស់កីឡាករវ័យ ២០ឆ្នាំ ហើយក្លឹប Manchester United បានមកគោះទ្វាររបស់អ្នកនឹងផ្តល់សំណើរ។ ការរួមបញ្ចូលគ្នានៃកត្តាទាំងនេះនាំឱ្យយើងគិតថាយើងបានបញ្ចប់ការបដិសេធមួយនេះ”។
អ្នកគាំទ្របិសាចក្រហមនឹងអន្ទះសារចង់មើលថាតើខ្សែការពារសញ្ជាតិដាណឺម៉ាករូបនេះអាចជួយក្រុមភ្លាមៗ និងជួយពង្រឹងទីតាំងដែលជាតំបន់មានបញ្ហាសម្រាប់ក្រុមនៅពេលដែល United ប្រកួតជាមួយក្លឹប Leicester City ក្នុងការប្រកួត FA Cup ជុំទី 4 នៅ Old Trafford ថ្ងៃសុក្រនេះ៕