AC Milan ពិចារណាលក់កីឡាករសំខាន់ម្នាក់ ដើម្បីយកលុយទុកផ្ទេរយក Felix ជាអចិន្ត្រៃយ៍

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ​​La Gazzetta dello Sport បានអោយដឹងថាកីឡាករ Felix បានចុះហត្ថលេខាផ្ទេរមកកាន់ក្លឹបនៅ Serie A ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប Chelsea កាលពីខែមករា ហើយបានចាប់ផ្តើមបង្ហាញខ្លួនយ៉ាងល្អសម្រាប់ក្លឹប AC Milan ដែលបានធ្វើអោយក្លឹបពិចារណាក្នុងការផ្ទេរយកគាត់ជាអចិន្ត្រៃយ៍។ ទោះជាយ៉ាងណាក៏ដោយការផ្ទេរមួយនេះអាចនឹងត្រូវចំណាយប្រាក់យ៉ាងច្រើន ដែលបានទាមទារអោយក្លឹបធ្វើការលក់កីឡាករ Leao។ បើមិនដូច្នេះទេក្លឹប AC Milan អាចនឹងត្រូវលក់កីឡាករ Theo Hernandez នៅរដូវក្តៅនេះ ដើម្បីកុំអោយបាត់បង់គាត់ដោយគ្មានតម្លៃខ្លួន នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅឆ្នាំក្រោយនេះ។

Empoli v AC Milan - Serie A

យោងតាមប្រភពដដែលបានអោយដឹងថាកីឡាករ Felix និងអ្នកចាត់ក្លឹប AC Milan លោក Sergio Conceicao គឺមានភ្នាក់ងាររួមគ្នាជាលោក Jorge Mendes ដែលបានជួយសម្របសម្រួលការផ្ទេរនៅក្នុងខែមករា។ ខ្សែប្រយុទ្ធរូបនេះបានធ្វើឱ្យអ្នកគាំទ្ររបស់ក្លឹបចាប់អារម្មណ៍រួចហើយ ដោយបានស៊ុតបញ្ចូលទីក្នុងការប្រកួត Coppa Italia វគ្គ 1/4 ផ្តាច់ព្រ័ត្រកាលពីសប្តាហ៍មុនលើក្រុម Roma។

កីឡាករ Leao មានការតស៊ូយ៉ាងខ្លាំងក្នុងការបង្ហាញទម្រង់លេងរបស់គាត់នៅក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ៩គ្រាប់ក្នុងការបង្ហាញខ្លួន ៣៤លើក ដែលបានធ្វើអោយមានការពិចារណាក្នុងការចាកចេញនារដូវក្តៅខាងមុខ។ ខ្សែ​បម្រើ​ស្លាប​រូប​នេះ​បាន​បដិសេធ​ការ​ផ្ទេរ​ទៅ​អារ៉ាប៊ីសាអូឌីត​ក្នុង​ខែ​មករា ប៉ុន្តែ​ការសម្រេចចិត្តមួយនេះអាចនឹងត្រូវធ្វើការពិចារណាម្តងទៀតប្រសិនបើក្លឹប Barcelona ឫក៏ក្លឹបកំពូលណាមួយធ្វើការដាក់សំណើរនៅរដូវក្តៅនេះ។ កិច្ចសន្យារបស់គាត់នៅ San Siro មានសុពលភាពដល់ឆ្នាំ២០២៨។

Joao Felix Milan

កីឡាករ Felix និង Leao នឹងសង្ឃឹមថានឹងរួមកម្លាំងគ្នាសម្រាប់ Milan ចន្លោះពេលនេះរហូតដល់ចុងបញ្ចប់នៃរដូវកាល ពួកគេទើបតែបានចាប់ផ្តើមលេងជាមួយគ្នាតែម្តងប៉ុណ្ណោះកាលពីថ្ងៃពុធ នៅពេលដែលពួកគេប្រកួតចាញ់ ១-០ នៅ Champions League ជាមួយក្រុម Feyenoord ។ ការប្រកួតជើងទី២ នាថ្ងៃអង្គារ៍ខាងមុខ អាចជាអាទិភាពភ្លាមៗ សម្រាប់ពួកគេដើម្បីបន្តប្រកួតប្រជែងពានតំបន់អឺរ៉ុប៕

Previous articleAmad Diallo នឹងមិនអាចជួយក្រុមបិសាចក្រហមបានទៀតទេ!!
Next articleRashford នៅតែរក្សាគំនិតក្នុងការផ្ទេរទៅកាន់ Barcelona ដដែរ