បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាខ្សែការពារវ័យ ២២ឆ្នាំនាំរូបនេះបានស្ថិតនៅក្នុងរ៉ាដារបស់ក្លឹប United អស់រយៈពេលជាងមួយឆ្នាំហើយ ហើយបុគ្គលិកក្លឹបបិសាចក្រហមនៅតែចង់បញ្ចប់កិច្ចព្រមព្រៀងដែលឆ្លើយតបនឹងតម្លៃដែលខាងក្លឹប Everton ទាមទារ ។ កីឡាករ Branthwaite នៅតែបើកចំហចំពោះគំនិតនៃការចាកចេញពី Goodison Park ដោយទទួលស្គាល់ថាការផ្ទេរទៅកាន់ Manchester United នឹងបង្កើនទម្រង់របស់គាត់យ៉ាងខ្លាំង។
ទោះជាយ៉ាងណាក៏ដោយ Branthwaite នៅតែប្តេជ្ញាចិត្តក្នុងការលេងក្នុងក្របខ័ណ្ឌ Champions League ខណៈដែលគាត់ជឿជាក់ថាការប្រកួតប្រជែងនៅកម្រិតខ្ពស់បំផុតនឹងបង្កើនឱកាសរបស់គាត់ក្នុងការទទួលបានកៅអីក្នុងក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក។ ការទាមទារនេះអាចនឹងមានភាពពិបាកសម្រាប់ក្លឹប United ព្រោះថាលុះត្រាតែក្រុមរបស់លោក Amorim ត្រូវឈ្នះពាន Europa League ទើបអាចទទួលបានកៅអីលេង Champions League នៅរដូវកាលក្រោយ ខណៈពួកគេទំនងជាមិនអាចបញ្ចប់នៅក្នុងចំណោមក្រុមកំពូលតារាងទាំង៤ នៅ Premier League នោះទេ។
កាលពីរដូវក្តៅមុនក្រុម Everton បានបដិសេធសំណើរដេញថ្លៃចំនួន ២ ពីក្លឹប Man Utd ជាមួយនឹងសំណើរទី២ មានតម្លៃ ៤៥លានផោនសម្រាប់ការបង់ជំហ៊ានដំបូង និង ៥លានផោនសម្រាប់តម្លៃបន្ថែម។ ទោះបីជា Everton មានការស្ទាក់ស្ទើរក្នុងការលក់ក៏ដោយ ការពិចារណាផ្នែកហិរញ្ញវត្ថុអាចបង្ខំឱ្យពួកគេលក់។ ក្លឹបកំពុងដោះស្រាយជាមួយនឹងក្តីកង្វល់នៃច្បាប់ស្តីពីប្រាក់ចំណេញ និងនិរន្តរភាព (PSR) ហើយអាចត្រូវបានតម្រូវឱ្យស្វែងរកនៅប្រាក់បន្ថែម ដើម្បីធ្វើអោយបញ្ជីគណនេយ្យរបស់ក្លឹបមានភាពស្ថិតស្ថេរ។ លើសពីនេះទៅទៀត របាយការណ៍បង្ហាញថាក្លឹប Everton ខ្វះខាតហិរញ្ញវត្ថុដើម្បីផ្តល់កិច្ចសន្យាថ្មីដល់អ្នកការពារ Branthwaite ទោះបីជាកិច្ចសន្យាបច្ចុប្បន្នរបស់គាត់មានសុពលភាពដល់ឆ្នាំ២០២៧ ក៏ដោយ។
ទោះបីជាមានការប្រកួតប្រជែងពីក្រុម Tottenham ហើយមានការចរចាយ៉ាងស្វិតស្វាញជាមួយនឹងក្លឹប Everton ក៏ដោយ ក៏ក្លឹប United ជឿជាក់ថាពួកគេអាចឈានដល់កិច្ចព្រមព្រៀងផ្ទេរ។ ការមកដល់ដ៏មានសក្តានុពលរបស់ Branthwaite នឹងក្លាយជាការជំរុញដ៏សំខាន់សម្រាប់ខ្សែការពាររបស់ Man Utd ជាពិសេសនៅពេលដែល Amorim សម្លឹងរកការកសាងក្រុមឡើងវិញនៅមុនរដូវកាលថ្មី ដើម្បីប្រកួតប្រជែងដណ្តើមយកពានសំខាន់ៗ៕