បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ទស្សនាវដ្តីអូទ្រីស Profil និងកាសែតអាល្លឺម៉ង់ Bild បានឱ្យដឹងថាលោក Ralf Rangnick អាចនឹងត្រលប់មក Bundesliga វិញយ៉ាងគួរអោយផ្អើល ខណៈដែលក្លឹប Bayern Munich និង Borussia Dortmund ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចង់បានអ្នកចាត់ការសញ្ជាតិអូទ្រីស។
នេះបើយោងតាមការចេញផ្សាយរបស់ Bild បានអោយដឹងថាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្លឹប Bayern Munich លោក Uli Hoeness បានបញ្ជាក់ថាចង់តែងតាំង Rangnick ជា “អ្នកផ្តល់យុទ្ធសាស្ត្រ” របស់ក្លឹប ដែលស្រដៀងទៅនឹងតួនាទីរបស់លោក Jurgen Klopp ជាប្រធានបាល់ទាត់របស់ Red Bull។ ជំនាញរបស់លោក Rangnick ក្នុងការតាមដានកីឡាករ និងការអភិវឌ្ឍន៍យុវជនអាចផ្តល់អត្ថប្រយោជន៍ដល់ Bayern ខណៈដែលគាត់នៅតែជាជម្រើសបម្រុងសម្រាប់តួនាទីគ្រូបង្វឹក ឬជានាយកកីឡា។ ទោះបីជាក្លឹប Bayern ធ្លាប់បានពិចារណាគាត់ជាជម្រើសកាលពីខែកុម្ភៈ ប៉ុន្តែមិនមានការទំនាក់ទំនងដោយផ្ទាល់ណាមួយនៅឡើយទេ។ ទោះបីជាមានការបដិសេធកាលពីឆ្នាំមុន លោក Rangnic នៅតែរក្សាទំនាក់ទំនងរឹងមាំជាមួយតួអង្គសំខាន់ៗរបស់ក្លឹប។
លោក Christoph Freund នាយកផ្នែកកីឡារបស់ Bayern បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា៖ “Ralf គឺជាគ្រូបង្វឹកនៅក្រុមជម្រើសជាតិអូទ្រីស។ គាត់កំពុងធ្វើការងារដ៏ល្អមួយនៅទីនោះ។ ខ្ញុំមិនដឹងថាតើឈ្មោះរបស់គាត់កំពុងលេចឡើងនៅជុំវិញ Sabener Strasse នៅ Dortmund ឬនៅក្លឹបផ្សេងទៀត។ គាត់សប្បាយចិត្តខ្លាំងណាស់នៅក្នុងប្រទេសអូទ្រីសជាមួយក្រុមរបស់គាត់។ ជាមូលដ្ឋាន ខ្ញុំជឿថាគាត់ចូលចិត្តការងារនេះច្រើន ហើយមានអារម្មណ៍សុខស្រួលក្នុងប្រទេសអូទ្រីស”។
Bayern Munich អាចរកឃើញថាខ្លួនកំពុងប្រជែងជាមួយគូប្រជែង Borussia Dortmund សម្រាប់ការចង់បានលោក Rangnick ដោយការចេញផ្សាយរបស់ Bild បានអោយដឹងអំពីចំណាប់អារម្មណ៍របស់ BVB។ ក្នុងខែមករា គាត់ត្រូវបានគេចាត់ទុកថាជាអ្នកស្នងតំណែងពីគ្រូបង្វឹក Nuri Sahin សូម្បីតែជួបជាមួយបុគ្គលិកក្លឹប Dortmund នៅ Salzburg ក៏ដោយ។ ទីបំផុតលោក Niko Kovac ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មី ប៉ុន្តែគាត់បានព្យាយាមបង្កើតឥទ្ធិពលវិជ្ជមាន ជាមួយនឹងទម្រង់លេងរបស់ក្លឹបនៅ Bundesliga ដែលពួកគេឈរនៅលេខរៀងទី១១ ដែលវាប៉ះពាល់ដល់ឪកាសលេងនៅពានតំបន់អឺរ៉ុបរបស់ពួកគេសម្រាប់រដូវកាលក្រោយ។ ទន្ទឹមនឹងនេះ Rangnick ត្រូវបានគេភ្ជាប់ទៅនឹងតួនាទីជានាយកកីឡានៅក្លឹប Dortmund ផងដែរ។
កាលពីមួយឆ្នាំមុន Rangnick បានប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះតួនាទីរបស់គាត់ជាគ្រូបង្វឹករបស់ប្រទេសអូទ្រីស ប៉ុន្តែរបាយការណ៍ជាច្រើនបានបង្ហាញថាទំនាក់ទំនងរបស់គាត់ជាមួយសហព័ន្ធកីឡាបាល់ទាត់អូទ្រីស (OFB) បានធ្លាក់ចុះចាប់តាំងពីពេលនោះមក។ កាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន ក៏មានពាក្យចចាមអារ៉ាមអំពីការលាលែងពីតំណែងរបស់គាត់ ហើយប្រធានសហព័ន្ធកីឡាបាល់ទាត់អូទ្រីស (OFB) លោក Wolfgang Bartosch ថ្មីៗនេះបានច្រានចោលការបន្តកិច្ចសន្យាថ្មី ដោយបានបញ្ជាក់ថាវាវាមិនមែនជាបញ្ហាសំខាន់នោះទេនៅពេលនេះ។ ទោះបីជាធ្វើបានល្អនៅក្នុងយុទ្ធនាការ Euro ២០២៤ ក៏ដោយ ក៏ប៉ុន្តែប្រទេសអូទ្រីសបានបរាជ័យក្នុងការឡើងមកលេងនៅ Nations League ដោយសារតែរងបរាជ័យក្នុងវគ្គ Play-off ក្រោមស្នាដៃក្រុម Serbia ក្នុងការប្រកួតអន្តរជាតិចុងក្រោយ៕