បរទេស៖ ទោះបីជាមានការបណ្តាក់ទុនយ៉ាងច្រើនក្នុងតំបន់ប្រយុទ្ធរបស់ពួកគេក្នុងរយៈពេលពីររដូវកាលកន្លងមក ដោយចំណាយប្រាក់ជិត ១០០លានផោនដើម្បីនាំយកកីឡាករ Joshua Zirkzee និង Rasmus Hojlund ក៏ប៉ុន្តែពួកគេនៅតែមានបញ្ហាក្នុងការស្វែងរកគ្រាប់បាល់ដដែរ។
ឈ្មោះមួយដែលត្រូវបានផ្សារភ្ជាប់ជាញឹកញាប់ជាមួយនឹងការផ្ទេរទៅកាន់ Old Trafford គឺកីឡាករ Osimhen ។ កីឡាករសញ្ជាតិនីហ្សេរីយ៉ាដែលបច្ចុប្បន្នកំពុងលេងខ្ចីជើងនៅក្លឹប Galatasaray បានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយរកបាន ២០គ្រាប់ក្នុងការបង្ហាញខ្លួន ២៧ប្រកួតនៅគ្រប់ការប្រកួតទាំងអស់។ ជាមួយនឹងក្លឹប Napoli បានរៀបចំដើម្បីលក់គាត់ចេញជាអចិន្ត្រៃយ៍ក្នុងរដូវក្តៅ គាត់អាចទំនេរហើយជាឪកាសសម្រាប់ក្លឹប United ក្នុងការនាំយកគាត់មកពង្រឹងនៅតំបន់ប្រយុទ្ធរបស់ពួកគេ។ លក្ខខណ្ឌផ្តាច់កុងត្រារបស់ Osimhen ត្រូវបានកំណត់ក្នុងតម្លៃ ៧៥លានអឺរ៉ូ ហើយរបាយការណ៍បង្ហាញថា Napoli បើកចំហរក្នុងការចរចារទាក់ទងនឹង Hojlund ខណៈពេលដែលកីឡាករ Osimhen អាចធ្វើដំណើរទៅកាន់ក្លឹប United ក្នុងកិច្ចព្រមព្រៀងជាសាច់ប្រាក់ និងបូកថែមកីឡាករ។
អតីតខ្សែប្រយុទ្ធក្រុម United លោក Louis Saha បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះការចង់ចុះហត្ថលេខាយកកីឡាករ Osimhen ដោយសង្កត់ធ្ងន់ទៅលើទម្រង់លេង និងបទពិសោធន៍របស់ខ្សែប្រយុទ្ធនៅក្នុងកម្រិតខ្ពស់បំផុត។
នៅក្នុងបទសម្ភាសន៍ជាមួយ Genting Casino គាត់បាននិយាយថា “Osimhen ខ្ញុំជាអ្នកគាំទ្រដ៏ធំមួយ គាត់ជាតួអង្គធំ គាត់មានបទពិសោធន៍នៅកម្រិតកំពូល ពីព្រោះដូចដែលខ្ញុំនិយាយ គាត់ជាតួអង្គធំ ប៉ុន្តែគាត់ជាប្រភេទកីឡាករដែលអ្នកគួរនាំយកមក។ ជាប្រភេទកីឡាករដែលខ្ញុំចង់បាន។ នៅក្នុងទីផ្សារដោះដូរ គឺជាការប្រកួតប្រជែង។ ដូច្នេះអ្នកអាចសម្លឹងឃើញកីឡាករជាច្រើន ហើយអ្នកនឹងមានការភ្ញាក់ផ្អើលចំពោះលទ្ធផលដោះដូរ”។
លោក Saha ក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការចុះហត្ថលេខាលើខ្សែបម្រើកណ្តាល ដើម្បីបំពេញបន្ថែមសម្រាប់ជួយតំបន់ប្រយុទ្ធ ដោយបញ្ជាក់ពីតម្រូវការសម្រាប់ការបង្កើតឪកាស។
លោកបានបន្ថែមថា៖ “មិនមានការធានានៅក្នុងកីឡាបាល់ទាត់ទេ ប៉ុន្តែខ្ញុំចូលចិត្តយុទ្ធសាស្ត្រ នៅពេលអ្នកព្យាយាមជ្រើសរើសខ្សែប្រយុទ្ធដែលស៊ុតបញ្ចូលទី ឬនរណាម្នាក់ដែលមានឥទ្ធិពលលើគ្រប់ការប្រកួតដូចជាអ្នកលេងល្បែង។ នរណាម្នាក់ដែលបង្កើតរឿង មិនអាចទាយទុកជាមុនបាន ស្ទើរតែមិនអាចលេងបាន។ យើងត្រូវការកីឡាករបន្ថែម។ កីឡាករទាំងនោះគឺកម្រមានណាស់។ មានពីរបីនាក់នៅទីនោះ”។
ប្រសិនបើ United ចង់ត្រឡប់ទៅរកអតីតកាលដ៏រុងរឿងរបស់ពួកគេវិញ ការទទួលបាននូវការពង្រឹងគុណភាពខ្ពស់ដូចជា Osimhen និងកីឡាករដែលអាចបង្កើតឪកាសអាចមានសារៈសំខាន់ក្នុងរយៈពេលយូរ។ ក្លឹបបិសាចក្រហមមានការប្រកួត Premier League បន្ទាប់របស់ពួកគេដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១ ខែមេសា នៅពេលដែលពួកគេនឹងជួបជាមួយក្លឹប Nottingham Forest ៕