បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Defensa Central បានអោយដឹងថាគ្រូបង្វឹករបស់ City លោក Pep Guardiola បានទទូចចង់ចុះហត្ថលេខាលើតារាឆ្នើមរបស់ក្រុម Real Madrid កីឡាករ Bellingham ប៉ុន្តែកីឡាករវ័យ ២១ឆ្នាំរូបនេះមិនចង់ចាកចេញពីក្លឹបទេ។ ប្រភពដដែលបន្ថែមទៀតថាឥឡូវនេះពួកគេកំពុងបង្កើនចំណាប់អារម្មណ៍របស់ខ្លួនទៅលើខ្សែប្រយុទ្ធ Wirtz របស់ក្រុម Leverkusen ហើយកីឡាកររូបនេះអាចនឹងត្រូវអោយពួកគេចំណាយរហូតដល់ទៅ ១៥០លានអឺរ៉ូ។
កីឡាករ Wirtz វ័យ ២១ឆ្នាំបានស្ថិតនៅក្នុងរ៉ាដារបស់ City មួយរយៈមកហើយ ប៉ុន្តែវាមិនងាយស្រួលទេក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិអាឡឺម៉ង់ដែលមានក្លឹបជាច្រើនចង់បានគាត់។ ក្លឹប Bayern Munich ក៏ចង់បានកីឡាករវ័យក្មេងនេះផងដែរ ខណៈពេលដែលក្លឹប City ដែលដឹកនាំដោយលោក Pep Guardiola បានព្យាយាម និងធ្វើឱ្យគាត់ក្លាយជាផ្នែកមួយនៃការកសាងក្រុមឡើងវិញ។
ប្រភពផ្សេងទៀតបានអោយដឹងថាក្លឹប Real Madrid មិនពិចារណាលើការផ្ទេរយកកីឡាករ Wirtz ខណៈដែលពួកគេមាន Bellingham រួចហើយ ហើយមិនចង់បានខ្សែប្រយុទ្ធម្នាក់ទៀតឡើយ។
ក្រសែភ្នែកទាំងអស់នឹងសម្លឹងមើលថាតើ Wirtz ដែលមានកុងត្រារហូតដល់ឆ្នាំ២០២៧ អាចសម្រេចចិត្តចាកចេញពី Leverkusen ឬបន្តនៅជាមួយក្រុមរបស់លោក Xabi Alonso លើសពីរដូវកាលនេះ៕