បរទេស៖ លោក Alonso បានរីករាយនឹងទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ក្នុងនាមជាគ្រូបង្វឹក Leverkusen។ ក្រុមរបស់គាត់បានយកឈ្នះក្រុម Bayern Munich លើកពាន Bundesliga កាលពីរដូវកាលមុន ហើយបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី២ ក្នុងតារាង។ សមិទ្ធិផលរបស់ Alonso ជាមួយ Leverkusen បានធ្វើអោយគាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Real Madrid ដើម្បីជំនួសតំណែងលោក Carlo Ancelotti ជាគ្រូបង្វឹក។
ការផ្លាស់ប្តូរទៅកាន់ Madrid នឹងឃើញ Alonso ត្រលប់ទៅក្លឹបដែលគាត់បានឈ្នះ La Liga, Copa del Rey និង Champions League កាលលេងជាកីឡាករ។ ទោះជាយ៉ាងណាក៏ដោយ Leverkusen មានបំណងចង់រក្សាអ្នកគ្រប់គ្រងរបស់ពួកគេ ហើយឥឡូវនេះប្រធានផ្នែកកីឡាលោក Rolfes បានចេញព័ត៌មានថ្មីៗអំពីស្ថានភាពបច្ចុប្បន្ន ក៏ដូចជាការរំពឹងទុកជុំវិញអនាគតរបស់ Alonso ។
លោក Simon Rolfes នាយកផ្នែកកីឡាបាននិយាយថា៖ “អត់ទេ គាត់នៅតែដដែល។ គាត់ប្រាប់ខ្ញុំថាអត់មានអីទេ។ គាត់មានកុងត្រាជាមួយយើង”។
លោក Alonso មានកុងត្រាជាមួយក្លឹប Leverkusen ដែលមានសុពលភាបដល់ឆ្នាំ២០២៦ ហើយគាត់មើលទៅនឹងបន្តស្នាក់នៅទីនោះ។ ទន្ទឹមនឹងនេះ អនាគតរបស់លោក Ancelotti នៅក្លឹប Real Madrid នៅតែជាចំណុចចាប់អារម្មណ៍ ដោយបុរសសញ្ជាតិអ៊ីតាលីរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការងារជាគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលម្តងទៀតបន្ទាប់ពីការបណ្តេញលោក Dorival Jr ៕