បរទេស៖ ពេលវេលាដែលលោក Conceicao ដើរតួរជាគ្រូបង្វឹករបស់ក្លឹប AC Milan ហាក់ដូចជាត្រូវបានរាបថយក្រោយ ខណៈដែលអតីតគ្រូបង្វឹក Porto ទំនងជាមិនស្ថិតនៅក្លឹបអ៊ីតាលីសម្រាប់រដូវកាលក្រោយនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់ Gazzetta dello Sport បានអោយដឹងថាគ្រូបង្វឹក Marseille លោក De Zerbi បានក្លាយជាជម្រើសដ៏ទាក់ទាញក្នុងការមកបន្តតំណែងរបស់លោក Conceicao បើទោះបីជាមានការរិះគន់ម្តងហើយម្តងទៀតជុំវិញការចាត់ចែងខ្សែប្រយុទ្ធ Mason Greenwood នៅក្លឹបក្នុងទឹកដីបារាំងក៏ដោយ។
បន្ទាប់ពីតែងតាំងគ្រូបង្វឹកបរទេសចំនួន ២រូបរួចមកហើយដែលមានលោក Paulo Fonseca និង Conceicao ក្លឹប AC Milan ចង់ត្រលប់មកតែងតាំងគ្រូបង្វឹកសញ្ជាតិអ៊ិតាលីវិញ ហើយបានកំណត់អត្តសញ្ញាណរបស់លោក De Zerbi ជាបេក្ខជនដ៏ល្អសម្រាប់ការងារនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ Gazzetta បានអោយដឹងថាលោក Fabio Paratici ដែលត្រូវបានគេរំពឹងយ៉ាងខ្លាំងក្នុងការក្លាយជានាយកកីឡាថ្មីរបស់ Milan នាពេលខាងមុខនេះ បានជួបពិភាក្សាជាមួយនឹងភ្នាក់ងាររបស់គ្រូបង្វឹកក្លឹប Marseille នៅទីក្រុង Milan ។
ចំណាប់អារម្មណ៍របស់ Milan ក្នុងការចង់បាន De Zerbi បានកើតឡើង បន្ទាប់ពីពួកគេមិនសប្បាយចិត្តជាមួយគ្រូបង្វឹកបច្ចុប្បន្នលោក Conceicao គាត់ប្រហែលជាមិនអាចជួយសង្គ្រោះការងាររបស់គាត់បាននោះទេ បើទោះបីជាគាត់ដឹកនាំក្រុមលើកពានរង្វាន់ Coppa Italia ក៏ដោយ។ ក្លឹបយក្ស Serie A បច្ចុប្បន្នកំពុងឈរនៅលេខរៀងទីប្រាំបួននៅលើតារាងលីក ហើយកំពុងរកការរិះគន់យ៉ាងខ្លាំង ខណៈដែលលោក Conceicao ត្រូវតែជួយក្រុមអោយបញ្ចប់នៅក្នុងចំណាត់ថ្នាក់កំពូលទាំងបួន និងរក្សាសិទ្ធិសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។
លោក De Zerbi មិនមែនជាបេក្ខភាពតែមួយគត់ដែលភ្ជាប់ទៅនឹងការងារ Milan នោះទេ។ ប្រភពជាច្រើននៅក្នុងប្រទេសអ៊ីតាលីបានលើកឡើងផងដែរថាអ្នកចាត់ការ Manchester City លោក Pep Guardiola គឺជាគោលដៅរយៈពេលវែងសម្រាប់ក្លឹប AC Milan ដូចគ្នា។ ខណៈពេលដែលឱកាសនៅតែមានតិចតួច ចំពោះការរំពឹងទុកដែលថាលោក Pep Guardiola នឹងផ្ទេរមកកាន់តំណែងនៅអ៊ីតាលី ស្របពេលដែលក្លឹប Man City កំពុងធ្វើការតស៊ូយ៉ាងខ្លាំង ហើយលោក Pep Guardiola ទើបតែចុះកុងត្រាថ្មីជាមួយក្លឹបនៅអង់គ្លេសដែលមានរយៈពេល ២ឆ្នាំ។
ក្រុម Milan បានប្រកួតស្មើ ១-១ ទល់នឹងគូប្រជែងឆ្លងទីក្រុង Inter ក្នុងជើងទីមួយនៃពានរង្វាន់ Coppa Italia កាលពីថ្ងៃពុធ ដោយជើងទីពីរនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែមេសា។ នៅក្នុងការប្រកួតបន្ទាប់របស់ពួកគេ ក្រុមលោក Conceicao នឹងប៉ះ Fiorentina នៅថ្ងៃសៅរ៍ ទី៥ ខែមេសា៕