បរទេស៖ ក្លឹប Manchester United ត្រូវបានរាយការណ៍ថានឹងមានកញ្ចប់ថវិកាផ្ទេររដូវក្តៅចំនួន ២០០លានផោន ប៉ុន្តែចំនួននេះគឺអាស្រ័យលើលក្ខខណ្ឌសំខាន់មួយ។
មានការព្រួយបារម្ភអំពីស្ថានភាពហិរញ្ញវត្ថុរបស់ United នៅរដូវក្តៅនេះ ខណៈដែលសំណួរត្រូវបានលើកឡើងថាតើបិសាចក្រហមនឹងអាចចុះហត្ថលេខាលើកីឡាករដែលលោក Amorim ចង់បានដែរ ឫទេ។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះ The Sun បានរាយការណ៍ថាម្ចាស់ជើងឯក Premier League ចំនួន ១៣សម័យនឹងមានកញ្ចប់ផ្ទេរប្រាក់ប្រហែល ២០០លានផោន សម្រាប់ Amorim ដើម្បីប្រើប្រាស់ក្នុងទីផ្សារផ្ទេរបន្ទាប់។
ហើយលក្ខខណ្ឌមួយនោះគឺថាក្លឹបបិសាចក្រហមអាចលក់កីឡាករមួយចំនួនបានដែរ ឫទេនៅក្នុងទីផ្សារដោះដូរកីឡាករខាងមុខ។ ដោយកីឡាករទាំងនោះរួមមាន៖ Marcus Rashford, Antony និង Jadon Sancho។ ក្រៅពីនោះមាន Christian Eriksen, Casemiro ហើយនិងកីឡាករណាម្នាក់ក្នុងចំណោម Kobbie Mainoo ឫ Alejandro Garnacho។ ហើយរឿងសំខាន់មួយទៀតពួកគេត្រូវតែទទួលបានកៅអីលេង Champions League នៅរដូវកាលក្រោយ ដើម្បីអាចទាក់ទាញកីឡាករអោយយល់ព្រមផ្ទេរមកកាន់ Old Trafford៕



