បរទេស៖ ទម្រង់លេងដ៏លេចធ្លោរបស់កីឡាករ Huijsen បានទាក់ទាញចំណាប់អារម្មណ៍របស់ក្លឹបយក្សជាច្រើន។ ក្លឹប Chelsea, Liverpool, United និង Tottenham សុទ្ធតែបានបង្ហាញពីបំណងក្នុងការចុះហត្ថលេខាយកកីឡាករជម្រើសជាតិអេស្ប៉ាញ។ ក្លឹបនីមួយៗត្រូវបានរាយការណ៍ថាមានឆន្ទៈក្នុងការចំណាយប្រាក់ ៥៨លានអឺរ៉ូដែលជាលក្ខខណ្ឌផ្តាច់កុងត្រារបស់កីឡាករខាងលើ ហើយទឹកប្រាក់នេះក៏អាចជួយដល់ស្ថានភាពហិរញ្ញវត្ថុរបស់ក្លឹបផងដែរ។
នេះបើយោងតាមការចេញផ្សាយរបស់ Relevo បានអោយដឹងថាកីឡាករ Huijsen មានបំណងចង់បន្តនៅ Premier League ចំពេល Real Madrid ចាប់អារម្មណ៍លើកីឡាកររូបនេះ។ ខ្សែការពាររូបនេះធ្លាប់ចំណាយពេលនៅក្នុងសាលាយុវជនរបស់ពួកគេ ហើយការវិលត្រឡប់ទៅកាន់ក្លឹបយក្សអេស្ប៉ាញវិញ គឺជាក្តីសុបិនដែលគាត់ចង់បាន។ ទោះបីជាមានការចាប់អារម្មណ៍យ៉ាងណាក៏ដោយ ក៏ក្លឹប Real Madrid នៅតែមិនទាន់សម្រេចចិត្តថាតើត្រូវផ្ទេរនៅក្នុងរដូវក្តៅ ឫអត់។ ក្លឹបត្រូវបានគេរាយការណ៍ថាមានការស្ទាក់ស្ទើរក្នុងការចំណាយដ៏ធំលើខ្សែការពារកណ្តាលម្នាក់។ ជាមួយនឹងការផ្តោតអារម្មណ៍របស់ពួកគេដែលមានសក្តានុពលនៅតំបន់ផ្សេងទៀតនៃទីផ្សារដោះដូរ ដូច្នេះតម្លៃផ្ទេរ ៥៨លានអឺរ៉ូគឺវាខ្ពស់ខ្លាំងពេកសម្រាប់ពួកគេ។
ខណៈដែលអង់គ្លេសហាក់ដូចជាជាគោលដៅទំនងបំផុត ក្លឹបយក្សនៅអឺរ៉ុបដ៏គួរឲ្យកត់សម្គាល់មួយចំនួនក៏កំពុងតាមដានស្ថានភាពរបស់ Huijsen ដែរ។ ក្លឹប Bayern Munich ដែលកំពុងសម្លឹងរកមើលខ្សែការពារកណ្តាលវ័យក្មេងដ៏លេចធ្លោមួយរូប បានបង្ហាញចំណាប់អារម្មណ៍ បើទោះបីជាឧបសគ្គផ្នែកហិរញ្ញវត្ថុអាចកំណត់សមត្ថភាពរបស់ពួកគេក្នុងការប្រកួតប្រជែងជាមួយនឹងការផ្តល់ជូនពីសំណាក់ក្លឹបនៅ Premier League ក៏ដោយ។ ក្លឹប Paris Saint-Germain គឺជាក្លឹបមួយផ្សេងទៀតដែលចង់ពង្រឹងខ្សែការពារ។ ដោយត្រូវបានគេស្គាល់ថាជាក្លឹបដែលមានផ្នែកហិរញ្ញវត្ថុដល់ខ្លាំង ក្លឹប PSG មិនមានបញ្ហាណាមួយពាក់ព័ន្ធនឹងការទាមទាររបស់ក្លឹប Bournemouth នោះទេ។ ទោះជាយ៉ាងណាក៏ដោយ ភាពទាក់ទាញនៃបាល់ទាត់អង់គ្លេស និងលក្ខណៈប្រកួតប្រជែងនៃក្របខ័ណ្ឌ Premier League អាចផ្តល់ឱ្យក្លឹបអង់គ្លេសនូវភាពទាក់ទាញមួយ។
ខណៈពេលដែល Huijsen បានបញ្ជាក់យ៉ាងច្បាស់ថាគាត់ពេញចិត្តចំពោះអ្វីគ្រប់យ៉ាងដែល Bournemouth បានធ្វើសម្រាប់គាត់ ពេលវេលារបស់គាត់នៅលើក្លឹបភាគខាងត្បូងហាក់ដូចជាជិតដល់ទីបញ្ចប់ហើយ។ គាត់ទំនងជានឹងធ្វើការពិចារណាទៅលើក្លឹបបន្ទាប់របស់គាត់ ខណៈកីឡាករជម្រើសជាតិអេស្បាញពេលនេះមើលទៅត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងបន្ទាប់ក្នុងអាជីពរបស់គាត់៕