បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fotomac បានអោយដឹងថាក្លឹប Fenerbahce គ្រោងនឹងបង្កើនការតាមប្រមាញ់កីឡាករ Hojlund ខណៈដែលពួកគេមានបំណងនាំយកកីឡាករសញ្ជាតិដាណឺម៉ាករូបនេះមកកាន់ទួរគីក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវក្តៅនេះ។ ក្លឹបទួរគីបានដឹងយ៉ាងច្បាស់អំពីតម្រូវការក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មីនៅរដូវក្តៅនេះ ដោយកិច្ចសន្យារបស់ Edin Dzeko នឹងផុតកំណត់ ហើយទាំង Cenk Tosun និង Youssef En-Nesyri អាចចាកចេញក្នុងទីផ្សារដោះដូរ។
យោងតាមប្រភពដដែលបានអោយដឹងថានាយកផ្នែកកីឡារបស់ Fener លោក Mario Branco ត្រៀមធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស ដើម្បីចាប់ផ្តើមការចរចាជាមួយ United ជុំវិញការផ្លាស់ប្តូរសម្រាប់កីឡាករវ័យ ២២ឆ្នាំ។ ក្លឹបសង្ឃឹមថានឹងចុះហត្ថលេខាលើកីឡាករសញ្ជាតិដាណឺម៉ាកក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹងជម្រើសក្នុងការទិញ ប៉ុន្តែវាមិនច្បាស់ទេថាតើក្លឹប Unitedនឹងយល់ព្រមចំពោះសំណើរនេះ ឫយ៉ាងណា។
កីឡាករ Hojlund បានស៊ុតបាល់បញ្ចូលទី ៤គ្រាប់នៅ Premier League នៅរដូវកាលនេះក្នុង ៣១ប្រកួត ហើយបានស្ថិតនៅចំកណ្តាលនៃការរិះគន់យ៉ាងខ្លាំង។ វីរបុរសក្រុមបិសាចក្រហមលោក Roy Keane ថ្មីៗនេះបានអះអាងថាក្លឹបមិនមានខ្សែប្រយុទ្ធមុតស្រួលនៅក្នុងតំបន់ប្រយុទ្ធនោះទេ។
ក្លឹប United ប៉ះ Tottenham Hotspur ក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League នៅល្ងាចថ្ងៃពុធ។ បន្ទាប់មក គេអាចស្រមៃថាការចរចានឹងចាប់ផ្តើមសម្រាប់កិច្ចព្រមព្រៀងរដូវក្តៅ៕