បរទេស៖នេះបើយោងតាមការចេញផ្សាយរបស់ Sky Sport បានអោយដឹងថាក្លឹប Napoli បានច្រានចោលសំណើដំបូងពីក្លឹប Al-Hilal សម្រាប់កីឡាករ Osimhen។ ក្លឹបនៅ Saudi Pro League បានដាក់សំណើមានតម្លៃ ៧០លានអឺរ៉ូដែលតិចជាងតម្លៃរបស់ក្លឹបអ៊ីតាលីចង់បាន ហើយត្រូវបានជឿជាក់ថាក្លឹបចង់បានតម្លៃពេញនៅក្នុងលក្ខខណ្ឌផ្តាច់កុងត្រាប្រមាណ ៧៥លានអឺរ៉ូ។ លើសពីនេះ Osimhen មិនបានទទួលយកសំណើកិច្ចសន្យាពីមជ្ឈឹមបូព៌ា ដែលត្រូវបានគេរាយការណ៍ថាមានតម្លៃ ២៦លានអឺរ៉ូក្នុងមួយរដូវកាល បូករួមទាំងប្រាក់រង្វាន់ផងដែរ។
អនាគតរបស់ខ្សែប្រយុទ្ធនីហ្សេរីយ៉ានៅតែមិនទាន់ដោះស្រាយបានបន្ទាប់ពីរដូវកាលដ៏ជោគជ័យនៅ Galatasaray ជាកន្លែងដែលគាត់អាចស៊ុតបញ្ចូលទីបាន ៣៧គ្រាប់នៅក្នុងការបង្ហាញខ្លួនគ្រប់ព្រឹត្តិការណ៍ទាំងអស់ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប Napoli។ ផ្ទុយពីទម្រង់លេងរបស់គាត់ Osimhen និងក្លឹបដែលចង់បានគាត់មិនបានឈានដល់កិច្ចព្រមព្រៀងនោះទេ។ បន្ទាប់ពីទម្រង់ដ៏ល្អរបស់គាត់ ខាងក្លឹប Galatasaray ក៏កំពុងស្វែងរកការរក្សាខ្សែប្រយុទ្ធ និងបញ្ចុះបញ្ចូលគាត់ឱ្យស្នាក់នៅជាអចិន្ត្រៃយ៍នៅក្នុងប្រទេសទួរគី។
កីឡាករ Osimhen ស៊ុតបញ្ចូលទីបាន ៣៧គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីចំនួន ៨ដងក្នុងការបង្ហាញខ្លូន ៤១ប្រកួតនៅSuper League, Turkish Cup និង Europa League សម្រាប់ Galatasaray ក្នុងរដូវកាល ២០២៤-២៥។ គាត់បានលើកពាន Super Lig និង Turkish Cup ខណៈក៏ត្រូវបានគេដាក់ឈ្មោះជាកីឡាករឆ្នើមប្រចាំរដូវកាលផងដែរ។
កីឡាករ Osimhen ទំនងជានឹងត្រលប់ទៅ Napoli វិញនៅចុងបញ្ចប់នៃការខ្ចីជើងរបស់គាត់ ដោយកិច្ចសន្យារបស់គាត់ជាមួយក្លឹបម្ចាស់ជើងឯង Serie A មានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៦។ ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវបានគេរាយការណ៍ថា Galatasaray នៅតែកំពុងធ្វើការលើការផ្តល់ជូនដើម្បីនាំយកគាត់មកវិញសម្រាប់រដូវកាល ២០២៥-២៦ មិនថាជាអចិន្ត្រៃយ៍ ឬខ្ចីជើងផ្សេងទៀត៕