បរទេស៖ ម្ចាស់ជើងឯក Premier League បានធ្វើការយ៉ាងខ្លាំងចាប់តាំងពីចុងបញ្ចប់នៃរដូវកាលនេះដើម្បីចុះហត្ថលេខាលើកីឡាករ Wirtz របស់ក្លឹប Bayer Leverkusen ខណៈដែលពួកគេចង់យកឈ្នះ Real Madrid, Manchester City និង Bayern Munich ក្នុងការចុះហត្ថលេខាលើកីឡាករវ័យ ២២ឆ្នាំ។ ក្លឹប Liverpool បានដាក់សំណើរដំបូងរបស់ពួកគេសម្រាប់ការផ្ទេរកីឡាករសញ្ជាតិអាឡឺម៉ង់កាលពីសប្តាហ៍មុន ប៉ុន្តែសំណើរដែលមានតម្លៃ ១៣០លានអឺរ៉ូត្រូវបានច្រានចោលដោយ Die Werkself ខណៈដែលពួកគេចង់បានតម្លៃផ្ទេរ ១៥០លានអឺរ៉ូ។
នេះបើយោងតាមការចេញផ្សាយរបស់ Paul Joyce អ្នកកាសែតរបស់ The Times បានអោយដឹងថាក្លឹប Liverpool បានដាក់សំណើរថ្មីជាផ្លូវការដែលមានតម្លៃ ១០០លានផោន ជាមួយនឹងតម្លៃបន្ថែម ១៣លានផោនទៀត។ ការផ្តល់ជូនសរុបនៅតែទាបជាងបន្តិចពីអ្វីដែលក្លឹប Bayer Leverkusen ចង់បាន ដែលជាចំនួនដែលក្លឹបហង្សក្រហមមិនចង់ផ្តល់អោយ។
ហើយបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Germany ក៏បានរាយការណ៍ផងដែរថា Liverpool ពិតជាបានពិភាក្សាគ្នាថ្មីៗជាមួយ Die Werkself ហើយភាគីទាំងពីរគឺជិតឈានដល់កិច្ចព្រមព្រៀងសម្រាប់ការផ្ទេរ Wirtz ដែលជាចំនួនបំបែកកំណត់ត្រា។ របាយការណ៍បានបន្ថែមថាកិច្ចព្រមព្រៀងពេលនេះត្រូវការតែពេលវេលាប៉ុណ្ណោះដើម្បីសម្រេច។
កីឡាករសញ្ជាតិអាឡឺម៉ង់បានសង្ឃឹមថានឹងមានការផ្ទេរចេញពីក្លឹប Leverkusen នៅរដូវក្តៅនេះ ខណៈដែលគាត់កំពុងសម្លឹងមើលការប្រជែងថ្មីមួយ។ កីឡាករ Wirtz ត្រូវបានបញ្ចុះបញ្ចូលដោយគម្រោងរបស់ក្លឹប Liverpool ហើយបានបដិសេធសំណើររបស់ក្លឹប Bayern និង City ដើម្បីផ្លាស់ប្តូរទៅកាន់ក្រុមរបស់ Arne Slot ៕