បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Everton កំពុងតាមដានយ៉ាងជិតស្និទ្ធអំពីស្ថានភាពរបស់ Grealish នៅ Manchester City ខណៈពេលដែលកីឡាករសញ្ជាតិអង់គ្លេសមិនស្ថិតនៅក្នុងជម្រើសរូបនេះអាចនឹងចាកចេញពីទឹកដី Etihad នៅរដូវក្តៅនេះ។ ក្លឹប Everton បានចូលមកប្រជែងជាមួយក្លឹប Newcastle ដែលស្ថិតនៅក្នុងបញ្ជីក្លឹបដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកកីឡាករ Jack Grealish មុនរដូវកាល ២០២៥-២៦ចាប់ផ្តើម។
ខណៈដែលមិនមានការចរចាជាផ្លូវការបានកើតឡើងរវាងក្លឹបទាំងពីរ ខាងក្លឹប Everton ដឹងយ៉ាងច្បាស់អំពីលទ្ធភាពដែល Grealish អាចចាកចេញ។ កិច្ចព្រមព្រៀងណាមួយទំនងជាមានទម្រង់ជាការខ្ចីជើង ដោយសារមានឧបសគ្គផ្នែកហិរញ្ញវត្ថុដែលកំណត់ដោយបទប្បញ្ញត្តិប្រាក់ចំណេញ និងនិរន្តរភាពរបស់ Premier League ។ បច្ចុប្បន្ន Grealish រកបាន ៣សែនផោនក្នុងមួយសប្តាហ៍ដែលជាតួលេខប្រាក់ឈ្នួលដ៏ខ្ពស់មួយសម្រាប់ក្លឹបក្នុងស្រុក។
ក្លឹប Bayern Munich ក៏ត្រូវបានគេរាយការណ៍ថាកំពុងតាមដានស្ថានភាពរបស់ខ្សែបម្រើស្លាបរូបនេះយ៉ាងដិតដល់ផងដែរ ដោយក្លឹបយក្ស Bundesliga ប្រឈមនឹងភាពមិនច្បាស់លាស់អំពីអនាគតរបស់ Kingsley Coman និង Leroy Sane ។ ក្លឹប Newcastle ក៏ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹង Grealish ទោះបីជាអ្នកចាត់ការ Eddie Howe ត្រូវបានគេដឹងថាមានការស្ទាក់ស្ទើរក្នុងកិច្ចសន្យាខ្ចីជើង ហើយក្លឹបកំពុងវាយតម្លៃលើគោលដៅខ្សែប្រយុទ្ធផ្សេងទៀត។
កីឡាករវ័យ ២៩ឆ្នាំនឹងត្រូវធ្វើការវថ្លឹងថ្លែងលើជម្រើសរបស់គាត់ក្នុងពេលឆាប់ៗនេះ ព្រោះគាត់នឹងមិនជាផ្នែកមួយនៃក្រុម Man City ដែលនឹងចូលរួមក្នុងការប្រកួត Club World Cup នោះទេ៕