បរទេស៖ នាយកផ្នែកកីឡារបស់ក្លឹប Barcelona លោក Deco ត្រូវបានរាយការណ៍ថាបានជួបជាមួយភ្នាក់ងាររបស់ Nico Williams ក្នុងគោលបំណងដើម្បីបន្តការចាប់អារម្មណ៍របស់ពួកគេលើខ្សែបម្រើស្លាបរបស់ក្លឹប Athletic ។
នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាក្លឹប Barcelona បានបើកការពិភាក្សាឡើងវិញជាមួយភ្នាក់ងាររបស់ Williams គឺលោក Felix Tainta ដោយលោក Deco ដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញកីឡាករវ័យ ២២ឆ្នាំរូបនេះឱ្យចាកចេញពីក្លឹប Athletic ។ ខ្សែបម្រើស្លាបសញ្ជាតិអេស្ប៉ាញរូបនេះបើកចំហចំពោះការផ្លាស់ប្តូរនេះ ប៉ុន្តែលុះត្រាតែ Barca បង្ហាញការប្តេជ្ញាចិត្តពេញលេញក្នុងការបង់ប្រាក់ ៦២លានអឺរ៉ូដែលមាននៅក្នុងលក្ខខណ្ឌផ្តាច់កុងត្រារបស់គាត់ និងធ្វើការធានាក្នុងការចុះឈ្មោះគាត់ដោយរលូន ដែលជាអ្វីដែលបានធ្វើឱ្យក្រុមកាតាឡានមានបញ្ហាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕