បរទេស៖ អតីតខ្សែបម្រើក្រុម Manchester United លោក Darren Fletcher ត្រៀមនឹងចូលកាន់តួនាទីគ្រូបង្វឹកថ្មីនៅក្នុងក្រុមយុវជនរបស់ក្លឹប។ លោក Fletcher ដែលកំពុងបម្រើការជាគ្រូបង្វឹកក្រុមដំបូងក្រោមការដឹកនាំរបស់ Ruben Amorim នៅក្នុងក្រុមជាន់ខ្ពស់របស់ United ឥឡូវនេះនឹងផ្លាស់ប្តូរទៅធ្វើគ្រូបង្វឹកក្រុមយុវជន។ អតីតតារាស្កុតឡេនចាត់ទុកតួនាទីនេះថាជាជំហានដំបូងឆ្ពោះទៅរកការសម្រេចក្តីសុបិន្តរបស់គាត់ក្នុងការក្លាយជាអ្នកគ្រប់គ្រង។
នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាលោក Fletcher នឹងជំនួស Adam Lawrence ជាគ្រូបង្វឹកក្រុមអាយុក្រោម ១៨ឆ្នាំរបស់ United នៅរដូវក្តៅនេះ។ លោក Lawrence បានសម្រេចចិត្តចាកចេញបន្ទាប់ពីចំណាយពេលពីរឆ្នាំនៅក្លឹប។ នៅពេលដែលការចាកចេញរបស់គ្រូបង្វឹកបច្ចុប្បន្នត្រូវបានបញ្ជាក់ នាយកផ្នែកបាល់ទាត់របស់បិសាចក្រហមលោក Jason Wilcox និងនាយកសាលា Nick Cox បានផ្តល់តំណែងនេះទៅអោយលោក Fletcher ៕



