បរទេស៖ កាលពីសប្តាហ៍មុន ក្លិប Tottenham បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលពួកគេបានប្រកាសជាផ្លូវការអំពីការចាកចេញរបស់លោក Levy ពីតំណែងជាប្រធានក្លិប។ អ្នកជំនួញជនជាតិអង់គ្លេសរូបនេះបានលាលែងពីតំណែង បន្ទាប់ពីបានបម្រើការងារឱ្យក្លិបរយៈពេលជាងពីរទសវត្សរ៍។ ក្រោមការដឹកនាំរបស់គាត់ ក្លិប Spurs បានក្លាយជាក្លិបបាល់ទាត់ដែលត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក ហើយថ្មីៗនេះ ពួកគេបានឈ្នះពាន Europa League ដើម្បីបញ្ចប់ការរង់ចាំរយៈពេល ១៧ ឆ្នាំសម្រាប់ពានរង្វាន់។
ពេលនិយាយអំពីការចាកចេញរបស់លោក Levy អតីតតារាឆ្នើមរបស់ក្លិប Spurs កីឡាករ Kane បាននិយាយថា៖ «តាមពិតទៅវាពិតជាគួរឱ្យភ្ញាក់ផ្អើលបន្តិច។ ខ្ញុំមិនបានរំពឹងទុក ហើយក៏មិនបានគិតថានឹងកើតឡើងបែបនេះដែរ។ លោក Daniel គឺជាប្រធានក្លិបដ៏អស្ចារ្យសម្រាប់ Tottenham ក្នុងរយៈពេលប្រហែល ២០ ឆ្នាំដែលគាត់នៅទីនោះ។ បើគិតពីស្ថានភាពដែលក្លិបធ្លាប់មាន និងស្ថានភាពបច្ចុប្បន្ន ខ្ញុំគិតថាមានការផ្លាស់ប្តូរដ៏ធំមួយ មិនត្រឹមតែនៅក្នុងទីលានប្រកួតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្រៅទីលានផងដែរ។ នៅដំណាក់កាលណាក៏ដោយ តែងតែមានការផ្លាស់ប្តូរនៅក្នុងក្លិប ហើយមានការផ្លាស់ប្តូរនៅក្នុងតំណែងខ្ពស់ផងដែរ»។
កីឡាករ Kane បានបន្ថែមថា៖ « ខ្ញុំមិនដឹងច្រើនពេកអំពីមូលហេតុ ឬអ្វីដែលបានកើតឡើងនោះទេ។ អ្វីដែលខ្ញុំអាចនិយាយបានគឺខ្ញុំសូមជូនពរឱ្យលោក Daniel ទទួលបានជោគជ័យនៅក្នុងអ្វីដែលគាត់នឹងធ្វើបន្ទាប់ទៀត។ យើងពិតជាបានកសាងទំនាក់ទំនងល្អជាមួយគ្នា។ ខ្ញុំប្រាកដថានៅពេលណាមួយយើងនឹងជួបគ្នា។ សរុបមក សម្រាប់ក្លិប Tottenham នេះគឺជាជំពូកថ្មីមួយដែលពួកគេកំពុងព្យាយាមបង្កើតឥឡូវនេះ»។
តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីការចាកចេញរបស់លោក Levy ក្រុមប្រឹក្សាភិបាលរបស់ក្លិប Tottenham បានចេញសេចក្តីថ្លែងការណ៍មួយដែលបង្ហាញថាពួកគេបានបដិសេធសំណើទិញយកពីរលើក ដោយទទូចថាក្លិបនេះ “មិនមែនសម្រាប់លក់ទេ”។ យោងតាមទូរទស្សន៍ Sky Sports បានឱ្យដឹងថា អតីតម្ចាស់ក្លិប Newcastle លោកស្រី Amanda Staveley គឺជាភាគីមួយក្នុងចំណោមភាគីដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការកាន់កាប់តំណែងនេះ។
កីឡាករ Kane នឹងត្រលប់មកលេងឱ្យក្រុមជម្រើសជាតិអង់គ្លេសវិញនៅថ្ងៃអង្គារនេះ ខណៈដែលក្រុមរបស់លោក Thomas Tuchel មានបំណងរក្សាកំណត់ត្រាឈ្នះ ១០០ ភាគរយ ក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ ២០២៦ ទល់នឹងក្រុមស៊ែប៊ី៕