បរទេស៖ យោងតាមរបាយការណ៍នៅប្រទេសហូឡង់តាមរយៈសារព័ត៌មាន talkSPORT បានឱ្យដឹងថា អតីតកីឡាករ Manchester City លោក Kiki Musampa ត្រូវបានអាជ្ញាធរហូឡង់ឃាត់ខ្លួនកាលពីថ្ងៃអង្គារ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទឆបោកពន្ធជិត ១០០,០០០ ផោន។ របាយការណ៍បានលើកឡើងថា សេវាកម្មព័ត៌មាន និងស៊ើបអង្កេតសារពើពន្ធរបស់ហូឡង់ (FIDO) បានអះអាងថាអតីតកីឡាករវ័យ ៤៨ ឆ្នាំ រូបនេះត្រូវបានចោទប្រកាន់ពីបទឆបោកអាជ្ញាធរក្នុងចំនួនទឹកប្រាក់ជាង ១០០,០០០អឺរ៉ូ (៨៦,៥០០ផោន / ១១៧,៤៦២ដុល្លារ) បន្ទាប់ពីគាត់បានប្រកាសថាគាត់ជាអ្នករស់នៅក្រៅប្រទេសសម្រាប់គោលបំណងបង់ពន្ធ ខណៈដែលគាត់កំពុងធ្វើការ និងទទួលបានប្រាក់ចំណូលនៅក្នុងប្រទេសហូឡង់។
របាយការណ៍ក៏បានអះអាងផងដែរថា ការឆែកឆេរផ្ទះរបស់ Musampa ដោយអាជ្ញាធរបានរកឃើញឯកសារ និងនាឡិកាប្រណីតជាច្រើនត្រូវបានរឹបអូស។ អតីតកីឡាករអន្តរជាតិហូឡង់អាយុក្រោម ២១ ឆ្នាំរូបនេះ ត្រូវបានគេរាយការណ៍ថាត្រូវបានដោះលែងពីការឃុំឃាំងកាលពីរសៀលថ្ងៃពុធ។
Musampa បានចំណាយពេលមួយរដូវកាលកន្លះនៅក្លិប City ក្នុងលក្ខខណ្ឌខ្ចីជើងចន្លោះឆ្នាំ ២០០៥ និង ២០០៦ បន្ទាប់ពីចូលរួមពីក្លិប Atletico Madrid ក្នុងក្របខណ្ឌ La Liga។ គាត់បានបង្ហាញខ្លួន ៤៥ ប្រកួត ក្នុងការប្រកួតទាំងអស់សម្រាប់ City ដោយស៊ុតបាន ៤ គ្រាប់។ បច្ចុប្បន្ន Musampa ជាជំនួយការអ្នកចាត់ការនៃក្រុមបម្រុងរបស់អតីតក្លិបរបស់គាត់ Ajax។
City នឹងត្រលប់មកប្រកួត Premier League វិញនៅថ្ងៃអាទិត្យនេះ នៅពេលដែលពួកគេទទួលស្វាគមន៍ក្រុមគូប្រជែង Manchester United នៅកីឡដ្ឋាន Etihad។ បន្ទាប់មកក្រុមរបស់លោក Pep Guardiola នឹងចាប់ផ្តើមយុទ្ធនាការ Champions League របស់ពួកគេនៅពេលដែលពួកគេបើកទ្វារទទួលក្រុម Napoli នៅថ្ងៃទី ១៨ ខែកញ្ញា៕