បរទេស៖ ក្រុម Lorient បានជួបនូវការខាតបង់ដ៏ធំនៅដើមការប្រកួត នៅពេលដែលកីឡាករ Darlin Yongwa ត្រូវបានបណ្តេញចេញដោយសារការបង្កកំហុសលើ Michael Amir Murillo ក្នុងតំបន់គ្រោះថ្នាក់។ Greenwood បានស៊ុតបំបែកពងមាន់ពីបាល់ប៉េណាល់ទី ដើម្បីស៊ុតបញ្ចូលទីគ្រាប់ទីពីររបស់គាត់ក្នុងលីគសម្រាប់រដូវកាលនេះ។ Marseille ឆាប់ៗនេះក៏បានបង្កើនការនាំមុខទ្វេដងនៅនាទីទី ២០ នៅពេលដែលកីឡាករដែលទើបចុះហត្ថលេខាថ្មី Benjamin Pavard បានស៊ុតបញ្ចូលទីពីការបញ្ជូនបាល់របស់ Greenwood។
បន្ទាប់ពីរដូវកាលដំបូងដ៏ល្អនៅប្រទេសបារាំងកាលពីឆ្នាំមុន ដែលគាត់បានបញ្ចប់ជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេរួមជាមួយនឹង Ousmane Dembele។ អតីតកីឡាកររបស់ Manchester United រូបនេះបានចាប់ផ្តើមរដូវកាលថ្មីដោយទម្រង់លេងដ៏រឹងមាំមួយ។ គាត់ក៏បានស៊ុតបញ្ចូលទី និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបានពីរគ្រាប់ក្នុងការប្រកួតលើកទីពីររបស់ Marseille ទល់នឹង Paris FC។
ជាមួយនឹងជ័យជម្នះទីពីររបស់ពួកគេក្នុងចំណោមការប្រកួតបួនលើក ក្រុម Marseille របស់លោក Robert De Zerbi បានឡើងទៅកាន់ចំណាត់ថ្នាក់ទីបួនក្នុងតារាងលីគដោយមាន ៦ ពិន្ទុ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេបានរងបរាជ័យពីរលើករួចទៅហើយ ដែលថ្មីៗនេះគឺទល់នឹងក្រុម Lyon។
Greenwood និង Marseille នឹងត្រលប់មកសកម្មភាពវិញនៅថ្ងៃទី ១៦ ខែកញ្ញា នៅពេលដែលពួកគេចាប់ផ្តើមដំណើរ Champions League របស់ពួកគេទល់នឹងក្រុមយក្សអឺរ៉ុប Real Madrid នៅក្រៅទឹកដី។ ខ្សែប្រយុទ្ធរូបនេះនឹងត្រឡប់ទៅទីក្រុង Madrid វិញ ដែលជាកន្លែងដែលគាត់ធ្លាប់លេងឱ្យក្លិប Getafe ក្នុងលក្ខខណ្ឌខ្ចីជើង៕