Alvaro Morata ខឹងសម្បារនឹងប្រព័ន្ធ VAR ចំពោះការផ្តល់កាតក្រហមនៅចុងម៉ោងដល់ក្រុម Como

បរទេស៖ ក្រុម Como ហៀបនឹងទទួលបាន ៣ ពិន្ទុពេញទៅហើយ បន្ទាប់ពីនាំមុខ ១-០ នៅក្នុងនាទីទី១៣ ដោយការស៊ុតបញ្ចូលទីពីកីឡាករ Nico Paz។ ប៉ុន្តែនៅនាទីទី៨៨ ខ្សែការពារ Ramon ត្រូវបានពិន័យកាតក្រហមដោយសារបង្កកំហុសទៅលើកីឡាករ Junior Messias របស់ក្រុម Genoa។ ៤ នាទីក្រោយមក ក្រុមភ្ញៀវក៏បានតាមស្មើវិញដោយកីឡាករ Caleb Ekuban

លោក Morata មិនសប្បាយចិត្តជាមួយការសម្រេចចិត្តបណ្តេញខ្សែការពារវ័យក្មេងរូបនេះចេញឡើយ ដោយគាត់យល់ថាការសម្រេចចិត្តនេះគួរតែត្រូវបានពិនិត្យមើលឱ្យបានដិតដល់ដោយអាជ្ញាកណ្តាល។

Como 1907 v Genoa CFC - Serie A

ក្រោយចប់ការប្រកួត លោក Morata បានថ្លែងថា៖ “ពួកយើងបានបាត់បង់ ២ ពិន្ទុដ៏សំខាន់។ ខ្ញុំយល់ថាវាពិបាកក្នុងការធ្វើការសម្រេចចិត្ត ប៉ុន្តែខ្ញុំមិនយល់ថាហេតុអ្វីបានជាការបណ្តេញកីឡាករ Ramon មិនត្រូវបានត្រួតពិនិត្យដោយប្រព័ន្ធ VAR នោះទេ។ អ្នកអាចដឹងភ្លាមៗថាជើងរបស់គាត់មិនបានលូកត្រង់នោះទេ។ ខ្ញុំមិនយល់ទេថាហេតុអ្វីបានជាបច្ចេកវិទ្យាសព្វថ្ងៃនេះ ពួកគេមិនត្រួតពិនិត្យការលេងនោះតាមរយៈ VAR។ ការប៉ះទង្គិចនោះមើលទៅហាក់ដូចជាខ្លាំង ប៉ុន្តែបើយើងមើលយឺតៗ វាពិតជាមិនគួរទទួលបានកាតក្រហមនោះទេ។ គាត់គ្រាន់តែប៉ះបន្តិចបន្តួចប៉ុណ្ណោះ។ យើងទាំងអស់គ្នាជាមនុស្ស ហើយយើងតែងតែមានកំហុស”។

បន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១០ នៅ Serie A កាលពីរដូវកាលមុន និងបានចំណាយលុយយ៉ាងច្រើនលើកីឡាករថ្មីនៅរដូវក្តៅនេះ ក្រុម Como កំពុងតែទន្ទឹងរង់ចាំឈានដល់កម្រិតខ្ពស់ជាងមុនក្រោមការដឹកនាំរបស់លោក Cesc Fabregas ទោះបីជាគ្រូបង្វឹករូបនេះបាននិយាយថាគាត់កំពុងមានការអត់ធ្មត់ក៏ដោយ។ ពួកគេបានបើករដូវកាលថ្មីជាមួយនឹងជ័យជម្នះលើក្រុម Lazio មុននឹងចាញ់ក្រុម Bologna ១-០ ក្នុងការប្រកួតទី២ របស់ពួកគេ មុនពេលពួកគេទទួលក្រុម Genoa នៅសប្តាហ៍នេះ។

Como 1907 v Genoa CFC - Serie A

ក្រុម Como ដែលមាន ៤ ពិន្ទុពីការប្រកួត ៣ លើក បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់ទី៩ ក្នុងតារាង Serie A។ ពួកគេនឹងត្រូវប្រកួតជាមួយក្រុម Fiorentina ក្នុងការប្រកួតបន្ទាប់របស់ពួកគេនៅថ្ងៃទី២១ ខែកញ្ញា៕

Previous articleLiverpool មិនទាន់បានឃើញ “គុណភាព” របស់ Chiesa
Next articleBarca បញ្ជាក់​ពី​ការ​ពន្យារពេលបើទ្វាកីឡដ្ឋាន Camp Nou ទទួលភ្ញៀវ Getafe