បរទេស៖ លោក Potter អាចនឹងត្រូវបណ្តេញចេញពីតំណែងក្នុងពេលឆាប់ៗនេះ បន្ទាប់ពីក្រុម West Ham បានរងបរាជ័យជាលើកទី ៤ របស់ពួកគេក្នុងចំណោម ៥ ប្រកួតក្នុងក្របខ័ណ្ឌ Premier League ទល់នឹងក្រុម Crystal Palace កាលពីថ្ងៃសៅរ៍។ ក្រុម Hammers កំពុងជួបការលំបាកនៅក្នុងតំបន់កាត់ចោល ហើយថែមទាំងបានធ្លាក់ចេញពីពានរង្វាន់ Carabao Cup នៅវគ្គទីពីរ បន្ទាប់ពីចាញ់ក្រុម Wolves ។
យោងតាមសារព័ត៌មាន The Times បន្ទាប់ពីចាញ់ក្រុម Palace ក្នុងផ្ទះ ថ្នាក់ដឹកនាំក្រុម West Ham បានចាប់ផ្តើមពិចារណាលើជម្រើសរបស់ពួកគេដើម្បីជំនួសលោក Potter ហើយបាននិយាយជាមួយអតីតគ្រូបង្វឹកក្រុម Forest លោក Nuno ។ របាយការណ៍បន្ថែមថា អតីតគ្រូបង្វឹកក្រុម Wolves លោក Gary O’Neil និងលោក Slaven Bilic ដែលធ្លាប់ដឹកនាំក្រុម Hammers ចន្លោះឆ្នាំ ២០១៥ ដល់ ២០១៧ ក៏ស្ថិតនៅក្នុងបញ្ជីឈ្មោះគ្រូបង្វឹកសក្តានុពលរបស់ពួកគេផងដែរ។
អតីតអ្នកស្វែងរកកីឡាកររបស់ក្រុម West Ham លោក Mick Brown កាលពីមុនធ្លាប់បានណែនាំលោក Jose Mourinho ជាអ្នកជំនួសលោក Potter ប៉ុន្តែគ្រូបង្វឹកដ៏ល្បីល្បាញរូបនេះបានចូលកាន់តំណែងនៅក្លិបយក្សព័រទុយហ្គាល់ Benfica រួចទៅហើយ។
ការប្រកួតបន្ទាប់របស់ក្រុម West Ham គឺពួកគេនឹងត្រូវទៅជួបក្រុម Everton នៅក្រៅទឹកដីក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃទី ២៩ ខែកញ្ញា។ ការចាញ់អាចនឹងធ្វើឱ្យលោក Potter ត្រូវបណ្តេញចេញពីតំណែង៕