បរទេស៖ ការស៊ុតបញ្ចូលទីពីរគ្រាប់ទល់នឹង Burnley បានធ្វើឲ្យចំនួនគ្រាប់បាល់សរុបរបស់ Haaland សម្រាប់ Manchester City កើនដល់ ១៣៣ គ្រាប់ក្នុងការបង្ហាញខ្លួន ១៥៣ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ ដែលជួយឲ្យរូបគេឡើងដល់ចំណាត់ថ្នាក់លេខ ៩ ក្នុងបញ្ជីអ្នកស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ពេលវេលារបស់ក្លឹប។ ឥឡូវនេះ រូបគេបានវ៉ាដាច់ Billy Gillespie និង Fred Tilson ក្នុងបញ្ជីនោះហើយ។
Haaland ក៏បានបង្កើនចំនួនគ្រាប់បាល់ Premier League របស់ខ្លួនដល់ ៩២ គ្រាប់ក្នុងការប្រកួត ១០៣ ដង ខណៈដែលរូបគេបានវ៉ាដាច់វីរៈរបស់ United គឺ Solskjaer ដើម្បីក្លាយជាអ្នកស៊ុតបញ្ចូលទីជនជាតិន័រវេសច្រើនជាងគេក្នុងប្រវត្តិសាស្ត្រលីគកំពូលអង់គ្លេស។ អតីតខ្សែប្រយុទ្ធ និងជាអ្នកចាត់ការរបស់ United រូបនេះធ្លាប់ស៊ុតបាន ៩១ គ្រាប់ក្នុងការបង្ហាញខ្លួន ២៣៦ ប្រកួតក្នុងលីគ។
ឥឡូវនេះ Haaland បានស៊ុតបញ្ចូលទី ៥២ គ្រាប់ក្នុងការបង្ហាញខ្លួន ៥១ ប្រកួតក្នុង Premier League នៅកីឡដ្ឋាន Etihad ដែលជាទឹកដីរបស់ City ខណៈដែលរូបគេបានវ៉ាដាច់ចំនួនសរុប ៥១ គ្រាប់របស់ Raheem Sterling ដែលខ្សែបម្រើស្លាបរូបនេះសម្រេចបានក្នុង ១០៩ ប្រកួត។ មានតែ Sergio Aguero ម្នាក់គត់ដែលមានគ្រាប់បាល់ក្នុងលីគច្រើនជាង Haaland នៅលើទឹកដីខ្លួនឯង ដោយតួលេខរបស់កីឡាករអាហ្សង់ទីនរូបនេះគឺ ១០៦ គ្រាប់ក្នុង ១៤២ ប្រកួត។
កីឡាករជម្រើសជាតិន័រវេសរូបនេះបានចាប់ផ្តើមយុទ្ធនាការ ២០២៥-២៦ សម្រាប់ Manchester City យ៉ាងភ្លឺស្វាង ហើយតារារបស់ Cityzens រូបនេះត្រូវបានគេគាំទ្រថានឹងបំបែកកំណត់ត្រាស៊ុតបញ្ចូលទីរបស់ Cristiano Ronaldo និង Alan Shearer ប្រសិនបើរូបគេអាចរក្សាកាយសម្បទាបានពេញមួយអាជីពរបស់ខ្លួន៕