បរទេស៖ ការស៊ុតបញ្ចូលទីដ៏អស្ចារ្យពីសំណាក់ Fabio Gatti បានជួយ Juventus តាមស្មើនៅដើមតង់ទីពីរ បន្ទាប់ពី Villarreal នាំមុខនៅតង់ទីមួយតាមរយៈ Georges Mikautadze។ ជាមួយនឹងលទ្ធផល ១-១ Francesco Conceicao បានឆ្លៀតយកប្រយោជន៍ពីការបញ្ជូនបាល់ខុសពីប្រធានក្រុម Villarreal កីឡាករ Dani Parejo បានរត់ទៅមុខស៊ុតបញ្ចូលទីយ៉ាងត្រជាក់ដៃកាត់អ្នកចាំទី Arnau Tenas នៅនាទី ៥៦។ គ្រាន់តែមើលទៅដូចជាក្រុមអ៊ីតាលីនឹងទទួលបាន ៣ ពិន្ទុពេញ កីឡាករអតីត Juventus កីឡាករ Renato Veiga បានស៊ុតបញ្ចូលទីនៅនាទី ៩០ ដោយការតែតបាល់ពីជ្រុង ហើយការប្រកួតបានបញ្ចប់ដោយលទ្ធផលស្មើ ២-២។

ក្នុងបទសម្ភាសន៍ក្រោយការប្រកួតជាមួយ Sky Sport គ្រូបង្វឹក Juventus លោក Tudor បានសម្តែងកំហឹងរបស់គាត់ដោយនិយាយថា៖ «ខ្ញុំខឹង អ្នកមិនអាចបោះបង់ការប្រកួតចោលនៅវិនាទីចុងក្រោយដោយសារបាល់ជ្រុងបែបនេះទេ។ វាពិតជាខកចិត្តណាស់ ព្រោះយើងបានគ្រប់គ្រងការប្រកួតបានហើយ»។
«ក្នុងអំឡុងពេលសម្រាកតង់ ខ្ញុំបានផ្តល់ការណែនាំជាក់លាក់ ហើយបានស្នើសុំឲ្យពួកគេមានភាពវិជ្ជមាន។ បន្ទាប់មក Conceicao បានបង្កើតភាពខុសប្លែក។ តើយើងបានធ្វើខុសនៅត្រង់ណា? មានការសោកស្តាយដែលមិនបានបញ្ចប់វាឲ្យបានឆាប់ ពួកយើងមានឱកាសពីរដងជាមួយ [Jonathan] David ហើយបើលទ្ធផល ៣-១ នោះវានឹងចប់ហើយ។ ភាពច្របូកច្របល់ និងការភ័យខ្លាចខ្លាំងពេក ការបញ្ជូនបាល់ខុសច្រើនពេក»។
ជាចុងក្រោយ គាត់បានទទួលយកពិន្ទុស្មើនេះដោយបន្ថែមថា៖ «យើងបានព្យាយាមយ៉ាងខ្លាំងនៅតង់ទីពីរ ជាតង់ទីពីរដ៏អស្ចារ្យ ពួកគេលេងបានល្អជាងនៅតង់ទីមួយ។ យើងនឹងយកពិន្ទុនេះហើយបន្តទៅមុខ»។
Juventus បានរបូតគ្រាប់បាល់ ១១ គ្រាប់ក្នុង ៥ ប្រកួតចុងក្រោយរបស់ពួកគេក្នុងការប្រកួតទាំងអស់ រួមទាំង ៧ គ្រាប់ទល់នឹង Inter និង Dortmund។ ទោះជាយ៉ាងណា លោក Tudor បាននិយាយសរសើរពីខ្សែការពាររបស់គាត់ ដោយជឿជាក់ថាពួកគេបានធ្វើបានល្អ និងរក្សាកុំឲ្យស្ថានការណ៍កាន់តែអាក្រក់។
លោកបានបន្ថែមថា៖ «ខ្សែការពារបីនាក់ខាងក្រោយសុទ្ធតែធ្វើបានល្អ ពួកគេរក្សាក្រុមឲ្យនៅរស់រាល់ការប្រកួត» «យើងខ្វះខាតបន្តិចក្នុងការគ្រប់គ្រងបាល់ យើងស្ថិតនៅលំដាប់ចុងក្រោយក្នុងស្ថិតិនេះ។ ក្រុមគឺនៅទីនោះ វានឹងល្អប្រសើរក្នុងការលេងនៅកម្រិតខ្ពស់រយៈពេល ៩០ នាទី ប៉ុន្តែវាមិនងាយស្រួលទេ។ យើងក៏មានចំណុចខ្សោយ និងការលំបាករបស់យើងផងដែរ»។

Juventus គ្រោងនឹងទទួលក្រុមកំពូលតារាង Serie A AC Milan នៅថ្ងៃអាទិត្យ ហើយ Tudor សង្ឃឹមថាក្រុមរបស់គាត់អាចបង្ហាញទម្រង់លេងដ៏ល្អបំផុតរបស់ពួកគេក្នុងការប្រកួតដែលនឹងជាការវិលត្រឡប់របស់ Massimiliano Allegri ទៅកាន់ Allianz Stadium៕



