គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បារាំងពន្យល់​អំពី ‘ជំហាន’ ដែល​ខ្សែ​បម្រើ Paul Pogba ត្រូវ​អនុវត្ត ដើម្បី​អាច​វិល​ត្រឡប់​ចូល​ក្រុម​ជម្រើសជាតិ​វិញ

បរទេស៖ បន្ទាប់ពី​ត្រូវ​បាន​ពិន័យ​ហាម​ឃាត់​មិន​ឲ្យ​លេង​បាល់ទាត់​រយៈពេល ១៨ ខែ ក្រោយ​តេស្ត​វិជ្ជមាន​សារធាតុ​ហាមឃាត់ Pogba កំពុង​តែ​ខិត​ជិត​ដល់​ការ​វិល​ត្រឡប់​ទៅ​កាន់​ទីលាន​បាល់ទាត់​ដែល​អ្នកគាំទ្រ​ទន្ទឹង​រង់ចាំ។ កាលពី​រដូវក្តៅ អតីត​ខ្សែ​បម្រើ Manchester United និង Juventus រូបនេះ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រយៈពេល ២ ឆ្នាំ​ជាមួយ​ក្លឹប Ligue 1 Monaco ហើយ​ថែមទាំង​ស្រក់​ទឹកភ្នែក​ទៀតផង។ កីឡាករ​ជម្រើសជាតិ​បារាំង​រូបនេះ​បាន​សម្តែង​មហិច្ឆតា​របស់​ខ្លួន​រួចហើយ​ក្នុង​ការ​លេង​ឲ្យ Les Bleus ក្នុង World Cup ឆ្នាំក្រោយ។

ថ្លែង​ទៅកាន់​អ្នកកាសែត​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក Deschamps បាន​និយាយ​ថា៖ «បាទ គាត់​កំពុង​ខិត​កាន់តែ​កៀក​ដល់​ពេល​ដែល​គាត់​នឹង​ក្លាយជា​កីឡាករ​បាល់ទាត់​ម្តង​ទៀត។ ការ​ត្រឡប់​ទៅ​ក្រុម​បារាំង? ថា​គាត់​ចង់​បាន​វា ហើយ​ថា​វា​ជា​គោលដៅ​ក្នុង​ចិត្ត​របស់​គាត់ ខ្ញុំ​មិនមាន​ការ​សង្ស័យ​ទេ»។

PAUL POGBA FRANCE

«បន្ទាប់ពី​នោះ គាត់​មាន ជំហាន​ដែល​ត្រូវ​អនុវត្ត។ ជំហាន​បន្ទាប់​គឺ​នៅពេល​ដែល​គាត់​ពាក់​អាវ Monaco ហើយ​ឈាន​ជើង​ចូល​ទីលាន។ ខ្ញុំ​សង្ឃឹមថា​អ្វីៗ​នឹង​ល្អ​សម្រាប់​គាត់។ បន្ទាប់ពី​នោះ យើង​នឹង​មើល​បន្ត។ នោះ​ជា​អ្វី​ទាំងអស់​ដែល​ខ្ញុំ​ជូនពរ​ឲ្យ​គាត់ គឺ​ឲ្យ​គាត់​ឆ្លងកាត់​ជំហាន​ដំបូង​នេះ​ឲ្យ​បាន។ នោះ​នឹង​ជា​សេចក្តី​រីករាយ​ដ៏​ធំធេង​សម្រាប់​គាត់»។

លោក​បន្ត​ថា៖ «ថា​តើ​វា​អាច​ទៅរួច​ទេ [ក្នុង​ការ​ត្រឡប់​ទៅ​ក្រុម​បារាំង] ប្រសិនបើ​ខ្ញុំ​និយាយថា​បាទ នោះ​នឹង​ក្លាយជា៖ ‘វ៉ា៎វ Pogba ត្រឡប់​មកវិញ​ហើយ។’ ប្រសិនបើ​ខ្ញុំ​និយាយថា​ទេ ខ្ញុំ​នឹង​មើល​ទៅ​ដូចជា​មនុស្ស​ល្ងង់ ដូច្នេះ​វា​នឹង​មិន​ដំណើរការ​នោះទេ»។

វា​ជិត ៤ ឆ្នាំ​ហើយ​ដែល Pogba បាន​លេង​ឲ្យ​ក្រុម​បារាំង និង​លោក Deschamps ជា​លើក​ចុងក្រោយ។ តាមពិត ការ​បង្ហាញខ្លួន​ចុងក្រោយ​របស់​គាត់​សម្រាប់​ក្រុម​ជើងឯក World Cup ឆ្នាំ ២០១៨ គឺ​នៅ​ថ្ងៃទី ២៩ ខែ​មីនា ឆ្នាំ ២០២២ ក្នុង​ការ​ប្រកួត​មិត្តភាព​ទល់នឹង​អាហ្វ្រិក​ខាងត្បូង។ បារាំង​បាន​ឈ្នះ ៥-០ ដោយ Pogba បាន​បញ្ជូន​បាល់​ឲ្យ Wissam Ben Yedder ស៊ុត​បាន​គ្រាប់​ទី ៤ បន្ទាប់ពី​ប្តូរ​ចូល​ជំនួស Olivier Giroud នៅ​នាទី ៦៥។

Nottingham Forest v AS Monaco - Pre-Season Friendly

កាលពី​ខែ​មិថុនា Monaco បាន​រៀបចំ​កម្មវិធី​ហ្វឹកហាត់​រយៈពេល ៣ ខែ​ដើម្បី​ជួយ Pogba ឲ្យ​មាន​កាយសម្បទា​ឡើងវិញ បន្ទាប់ពី​អវត្តមាន​ពី​ការ​លេង​អស់​រយៈពេល ២ ឆ្នាំ។ គ្រូបង្វឹក Adi Hutter បាន​បញ្ជាក់​ម្តង​ទៀត​កាលពី​ខែ​កក្កដា​ថា កីឡាករ​វ័យ ៣២ ឆ្នាំ​រូបនេះ​នៅតែ​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ទទួល​បាន​ភាព​ស៊ាំ​ក្នុង​ការ​ប្រកួត។ ទោះជាយ៉ាងណា អ្នកគាំទ្រ​អាច​រំពឹង​ថា Pogba នឹង​បង្ហាញខ្លួន​ជា​លើកដំបូង​សម្រាប់ Monaco នៅ​ខែ​នេះ បន្ទាប់ពី Hutter បាន​បញ្ជាក់​កាលពី​ដើម​សប្តាហ៍​នេះ​ថា ខ្សែ​បម្រើ​រូបនេះ​អាច​នឹង​ត្រូវ​ដាក់​ក្នុង​ក្រុម​មួយ​របស់​គាត់​ក្រោយ​ចប់​ពេល​សម្រាក​អន្តរជាតិ។ យ៉ាង​ហោច​ណាស់ គាត់​អាច​នឹង​បង្ហាញខ្លួន​ជា​លើកដំបូង​សម្រាប់ Les Rouge et Blanc នៅ​ថ្ងៃទី ១៨ ខែ​តុលា ទល់នឹង Angers៕

Previous articleMan Utd ត្រូវ​បាន​រំពឹង​ថា​នឹង​ពិចារណាការផ្ទេរ​អ្នកចាំទី Emi Martinez នៅខែមករា
Next articleលោក Oliver Glasner មិន​ស័ក្តិសមមកជំនួស Ruben Amorim នៅ Man Utd នោះទេ