Bukayo Saka បានបង្ហាញពីសារពី Thierry Henry បន្ទាប់ពីស៊ុតបញ្ចូលទីក្នុងការបង្ហាញខ្លួនលើកទី ២០០

បរទេស៖ កីឡាករ Saka បានបង្កើតប្រវត្តិសាស្ត្រក្រុម Arsenal ជាមួយនឹងគ្រាប់បាល់ប៉េណាល់ទីរបស់គេនៅនាទីទី ៦៧ ទល់នឹងក្រុម West Ham ខណៈដែលគេបានក្លាយជាតារាឆ្នើមក្រុម Gunners ទីពីរក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីឥស្សរជនជើងចាស់របស់ក្លិប Henry ដែលរកបានគ្រាប់បាល់ក្នុងការបង្ហាញខ្លួនលើកទី ២០០ របស់គេក្នុងក្របខ័ណ្ឌ Premier League។ មុននេះ កីឡាករ Declan Rice បានស៊ុតបញ្ចូលទីបើកឆាកនៅនាទីទី ៣៨

FBL-ENG-PR-ARSENAL-BLACKBURN

ថ្លែងប្រាប់ទូរទស្សន៍ Sky Sports បន្ទាប់ពីការប្រកួត កីឡាករ Saka បាននិយាយថា៖ “លោក Thierry បានផ្ញើសារមកខ្ញុំនៅព្រឹកនេះ ដើម្បីរំលឹកខ្ញុំថា យើងបានចាញ់ការប្រកួតពីរលើកចុងក្រោយទល់នឹងក្រុម West Ham នៅក្នុងផ្ទះ។ គាត់តែងតែជំរុញខ្ញុំ។ ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលមានឈ្មោះរបស់ខ្ញុំជាមួយកំណត់ត្រារបស់គាត់”

ចំពោះទម្រង់លេងរបស់ក្រុម Arsenal ទល់នឹងក្រុម Hammers កីឡាករ Saka បានបន្ថែមថា៖ “វាបានបង្ហាញពីវឌ្ឍនភាពដែលយើងបានធ្វើ។ ក្នុងរដូវកាលពីរចុងក្រោយនេះ យើងបានភ្លាត់ស្នៀតនៅផ្ទះទល់នឹងក្រុម West Ham ហើយយើងចង់ធ្វើឱ្យវាបានត្រឹមត្រូវនៅថ្ងៃនេះ។ យើងដឹងពីគុណភាពដែលយើងមាននៅតំបន់ប្រយុទ្ធ ហើយយើងដឹងថា ប្រសិនបើយើងរក្សាការមិនរបូតគ្រាប់បាល់បាន នោះភាគច្រើនយើងនឹងឈ្នះការប្រកួត”

Arsenal v West Ham United - Premier League

ប្រធានក្រុម Martin Odegaard បានទទួលរងរបួសម្តងទៀត បន្ទាប់ពីត្រូវបានដកចេញនៅនាទីទី ៣០ នៃការប្រកួត ខណៈដែលកីឡាករ Declan Rice មានអាការៈឈឺខ្នង ហើយត្រូវត្រូវបានប្តូរចេញនៅនាទីទី ៧៩។ ក្រុម Arsenal នឹងវិលត្រឡប់មកប្រកួតវិញ បន្ទាប់ពីការសម្រាកអន្តរជាតិ ទល់នឹងក្រុម Fulham ក្នុងក្របខ័ណ្ឌ Premier League៕

Previous articleMason Mount ផ្ញើរសារគាំទ្រទៅកាន់លោក Ruben Amorim
Next articleHarry Kane បញ្ជាក់បន្ថែមអំពីរបួសរបស់ខ្លួន ក្រោយត្រូវប្តូរចេញក្នុងការប្រកួតជាមួយ Eintracht Frankfurt