បរទេស៖ កីឡាករវ័យ ២៤ ឆ្នាំ រូបនេះ គឺជាប្រធានបទនៃការរំពឹងទុកយ៉ាងខ្លាំងដែលភ្ជាប់រូបគេជាមួយនឹងការចាកចេញពីក្រុម Real Madrid កាលពីអំឡុងរដូវក្តៅ ដោយមានរបាយការណ៍បានលើកឡើងថា រូបគេមិនស្ថិតនៅក្នុងផែនការរបស់គ្រូបង្វឹកថ្មីលោក Xabi Alonso ទេ ដោយសារតែការមកដល់របស់ Franco Mastantuono សម្រាប់តំណែងស្លាបស្តាំ និងភាពលេចធ្លោបន្តរបស់ Vinicius Junior នៅស្លាបឆ្វេង។
ទោះជាយ៉ាងណាក៏ដោយ អតីតកីឡាករឆ្នើមរបស់ Santos រូបនេះ បានច្រានចោលការអះអាងដែលថា គេធ្លាប់ជិតនឹងចាកចេញពីទីក្រុង Madrid ដោយបញ្ជាក់ថា ក្លិបមិនបានស្នើសុំឱ្យគេស្វែងរកទ្រនំថ្មីនោះទេ ទោះបីជាមានទំនាក់ទំនងជាមួយក្រុម Liverpool, Arsenal, Manchester City និង PSG ក៏ដោយ។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយកាសែត AS កីឡាករ Rodrygo បានពន្យល់ពីស្ថានភាពរបស់គេដែលបានឃើញរូបគេភ្ជាប់ទៅនឹងក្រុមធំៗជាច្រើននៅទូទាំងទ្វីបអឺរ៉ុប។ ខ្សែបម្រើស្លាបរូបនេះបាននិយាយថា៖ «រៀងរាល់រដូវក្តៅ រឿងដដែលៗកើតឡើងចំពោះខ្ញុំ។ ថាតើខ្ញុំនឹងចាកចេញ ឬថាតើខ្ញុំមានសំណើពីក្លិបនេះ ឬក្លិបនោះ»។

«រៀងរាល់សប្តាហ៍ ខ្ញុំស្ថិតនៅក្នុងក្រុមមួយ ប្រសិនបើខ្ញុំយកចិត្តទុកដាក់លើអ្វីដែលត្រូវបានផ្សព្វផ្សាយ។ ពិតណាស់ តែងតែមានសំណើ ខ្ញុំនឹងមិនកុហកអំពីរឿងនោះទេ។ ប៉ុន្តែខ្ញុំតែងតែបញ្ជាក់ប្រាប់ក្លិបយ៉ាងច្បាស់ថា ខ្ញុំចង់បន្តជោគជ័យនៅទីនេះ ឱ្យកាន់តែខ្លាំងជាងអ្វីដែលខ្ញុំមានរួចទៅហើយ។ វាជារឿងដ៏អស្ចារ្យដែលបានឈ្នះ Champions League ២ លើក នៅវ័យរបស់ខ្ញុំ ប៉ុន្តែឥឡូវនេះខ្ញុំចង់បានពាន European Cups បន្ថែមទៀតនៅក្នុងអាវនេះ»។
«ខ្ញុំតែងតែនិយាយថា៖ ‘ដរាបណា Real Madrid ចង់បានខ្ញុំ ខ្ញុំនឹងនៅទីនេះ’។ ប្រសិនបើថ្ងៃណាមួយ Real Madrid ប្រាប់ខ្ញុំថា៖ ‘Rodry ស្វែងរកក្រុមទៅ’ ខ្ញុំនឹងនិយាយថា ‘យល់ព្រម’។ ប៉ុន្តែវាមិនបានកើតឡើងនោះទេ។ ក្លិបតែងតែប្រាប់ខ្ញុំថា ពួកគេនៅតែរាប់បញ្ចូលខ្ញុំ។ ហើយនៅពេលដែលខ្ញុំមានបញ្ហា ពួកគេនៅទីនោះសម្រាប់ខ្ញុំ។ មនុស្សបានសន្និដ្ឋានដោយសារតែខ្ញុំនៅស្ងៀម។ ប៉ុន្តែខ្ញុំដឹងថាខ្ញុំនឹងធ្វើអ្វីក្នុងរដូវកាលនេះជាមួយ Real Madrid ហើយខ្ញុំនឹងផ្តោតលើការផ្តល់ឱ្យអស់ពីសមត្ថភាពរបស់ខ្ញុំ។ វាមិនបានរំខានខ្ញុំទេ។ ខ្ញុំមានភាពស្ងប់ស្ងាត់ ហើយខ្ញុំនៅទីនេះ…ដូចសព្វមួយដង។ នេះជារដូវកាលទី ៧ របស់ខ្ញុំហើយ»។
បន្ទាប់ពីលេងបានត្រឹមតែ ១០០ នាទី ក្នុងពាន Club World Cup កាលពីខែមិថុនា-កក្កដា Rodrygo ត្រូវបានគេរំពឹងថានឹងមិនសូវលេចធ្លោខ្លាំងក្នុងអំឡុងពេលរដូវកាលនេះទេ។ តាមពិត រូបគេគឺជាកីឡាករបម្រុងដែលមិនបានប្រើប្រាស់ក្នុងចំណោម ៤ ប្រកួត ដំបូងនៃលីគ La Liga។ ទោះជាយ៉ាងណាក៏ដោយ រូបគេត្រូវបានផ្តល់ឱកាសឱ្យចូលលេងដោយភ្ញាក់ផ្អើលក្នុងការប្រកួតបើកឆាក Champions League ទល់នឹងក្រុម Marseille កាលពីខែមុន ដោយបានបង្ហាញខ្លួនជាកីឡាករបម្រុង ៥ ប្រកួត ជាប់គ្នាជាបន្តបន្ទាប់។
Rodrygo បានលាតត្រដាងពីការសន្ទនាដែលរូបគេមានជាមួយលោក Alonso ដោយធានាថា រូបគេ «សប្បាយចិត្ត» ជាមួយនឹងនាទីនៃការលេងរបស់គេ ដោយបន្ថែមថា៖ «ពេលដែលគ្រូបង្វឹកមកដល់ លោកបានហៅខ្ញុំចូលទៅនិយាយ ហើយបាននិយាយថា៖ ‘ខ្ញុំដឹងថាអ្នកចូលចិត្តលេងនៅស្លាបឆ្វេង ប៉ុន្តែខ្ញុំនឹងត្រូវការអ្នកនៅក្នុងតំណែងផ្សេងទៀតផងដែរ’។ ខ្ញុំបានប្រាប់លោកថា៖ ‘យល់ព្រម គ្រូបង្វឹក ខ្ញុំនៅទីនេះដើម្បីជួយក្រុម’។ អ្នកគ្រប់គ្នាដឹងថាខ្ញុំចូលចិត្តលេងនៅស្លាបឆ្វេង ហើយខ្ញុំពូកែជាងនៅស្លាបនោះ ប៉ុន្តែខ្ញុំតែងតែអាចជួយក្រុមឱ្យលេងនៅស្លាបស្តាំ ឬជាខ្សែប្រយុទ្ធលេខ ៩ ហើយខ្ញុំបានប្រាប់លោកបែបនោះ»។
«ការពិតគឺ លោកដាក់ខ្ញុំឱ្យលេងនៅតែស្លាបឆ្វេងប៉ុណ្ណោះ ហើយខ្ញុំចូលចិត្តចំនួននាទីដែលខ្ញុំកំពុងទទួលបាន។ ខ្ញុំកំពុងធ្វើបានល្អ ទោះបីជាខ្ញុំចង់លេងឱ្យបានច្រើនជាងនេះក៏ដោយ។ ខ្ញុំស្ថិតនៅក្នុងដំណើរការនៃការវិវត្ត ហើយខ្ញុំកាន់តែប្រសើរឡើង ហើយខ្ញុំមានអារម្មណ៍សប្បាយរីករាយ។ ខ្ញុំកំពុងលេងបានល្អឡើងៗ»។

បន្ទាប់ពីត្រូវបាន “ផ្តល់ឱកាសឱ្យសម្រាក” សម្រាប់ការផ្អាកអន្តរជាតិលើកដំបូងនៃរដូវកាល ២០២៥-២៦ កីឡាករ Rodrygo ត្រូវបានអតីតចៅហ្វាយនាយរបស់គេ និងជាគ្រូបង្វឹកក្រុមជម្រើសជាតិ ប្រេស៊ីល បច្ចុប្បន្ន លោក Carlo Ancelotti កោះហៅសម្រាប់ជំនួបមិត្តភាពអន្តរជាតិខាងមុខនេះ ដែលក្រុម Selecao នឹងត្រូវជួបក្រុមយក្សអាស៊ីគឺ កូរ៉េខាងត្បូង និង ជប៉ុន។ កីឡាករចេះអូសបាល់ដ៏ប៉ិនប្រសប់រូបនេះ បានបញ្ជាក់ថា រូបគេសង្ឃឹមថានឹងលើកពាន World Cup ឆ្នាំ ២០២៦ ជាមួយក្រុម ប្រេស៊ីល បន្ថែមលើពាន Champions League មួយទៀតជាមួយក្រុម Madrid៕



