បរទេស៖ ក្រុម Al-Nassr បានចាប់ផ្តើមការប្រកួតយ៉ាងសាហាវតាំងពីដំបូង ហើយបានធ្វើឲ្យខ្សែការពាររបស់ Al Fateh រវល់ឥតឈប់ឈរជាមួយនឹងការវាយលុកជាបន្តបន្ទាប់។ កីឡាករ Ronaldo និង Kingsley Coman បានចូលមកកៀកនឹងការរកគ្រាប់បាល់ដំបូងចំនួនពីរដងក្នុងរយៈពេល ១០ នាទី ដំបូងនៃការប្រកួត ប៉ុន្តែមិនបានស៊ុតចំគោលដៅនោះទេ។ ទោះជាយ៉ាងណាក៏ដោយ គ្រាប់បាល់បើកឆាកត្រូវបានរកឃើញនៅនាទីទី ១៣ នៅពេលដែលកីឡាករ Sadio Mane បានបញ្ជូនបាល់កាត់ឲ្យ Felix នៅគែមប្រអប់គ្រោះថ្នាក់ ហើយអតីតតារាឆ្នើមក្រុម Chelsea និង Barcelona រូបនេះបានស៊ុតបាល់យ៉ាងខ្លាំងចូលទី។
មួយនាទីក្រោយមក Felix គិតថាខ្លួនបានស៊ុតបញ្ចូលទីម្តងទៀត នៅពេលដែលគាត់បានរកឃើញបាល់ចំណាំងផ្លាតចូលទី បន្ទាប់ពីការស៊ុតរបស់ Ronaldo ត្រូវបានអ្នកចាំទី Al Fateh លោក Amin Bukhari បិទបាន ប៉ុន្តែអាជ្ញាកណ្តាលជំនួយបានលើកទង់ Offside ដោយសារតែកីឡាករប្រធានក្រុម Al-Nassr រូបនេះត្រូវបានរកឃើញថាស្ថិតក្នុងស្ថានភាព Offside ពេលទទួលបាល់។ នៅពេលជិតបញ្ចប់តង់ទីមួយ Ronaldo បានធ្វើបានល្អក្នុងការបបក់រំលងខ្សែការពារ ២ នាក់របស់គាត់នៅជិតគែមប្រអប់គ្រោះថ្នាក់ មុនពេលស៊ុតបាល់ដ៏ខ្លាំងមួយដែលបានបុករបារទីហើយលោតចេញមកក្រៅវិញ។ Felix មានឱកាសដើម្បីបង្កើនចំនួនគ្រាប់បាល់ ប៉ុន្តែការស៊ុតរបស់គាត់បានរំលងទី។ ក្រុម Al Fateh បានសម្រាកតង់បន្ទាប់ពីបានរួចផុតពីការវាយលុកជាបន្តបន្ទាប់របស់ Al-Nassr ខណៈដែលលទ្ធផលនៅតែ ១-០។
ក្រុមភ្ញៀវបានតាមស្មើដោយការភ្ញាក់ផ្អើលក្នុងរយៈពេល ១០ នាទី ដំបូងនៃតង់ទីពីរ ខណៈដែលកីឡាករ Karl Toko Ekambi បានរត់យ៉ាងល្អនៅចំកណ្តាល ហើយបានទទួលបាល់វែងពីខ្សែការពារ។ បន្ទាប់មកខ្សែបម្រើស្លាបរូបនេះបានឃើញការស៊ុតរបស់គាត់ត្រូវបានបិទជាលើកដំបូង ប៉ុន្តែពីបាល់ចំណាំងផ្លាត Sofiane Bendebka បានស៊ុតបញ្ចូលទីតាមស្មើ។
ក្រុម Al-Nassr មានឱកាសដើម្បីស្តារការនាំមុខរបស់ពួកគេឡើងវិញ ៤ នាទី បន្ទាប់ពីការតាមស្មើ ដោយសារខ្សែការពារ Al Fateh ម្នាក់បានប៉ះបាល់ដោយដៃដោយចៃដន្យនៅក្នុងប្រអប់គ្រោះថ្នាក់ ក្នុងពេលព្យាយាមបិទការបញ្ជូនបាល់កាត់។ បន្ទាប់ពីការពិនិត្យ VAR បាល់ប៉េណាល់ទីត្រូវបានផ្តល់ជូន ទោះបីជាវាជាការសម្រេចចិត្តដ៏តឹងរ៉ឹងក៏ដោយ។ Ronaldo បានដើរទៅស៊ុតបាល់ Spot-kick ប៉ុន្តែអ្នកចាំទី Bukhari បានទាយបានយ៉ាងល្អឥតខ្ចោះ ហើយបានហក់ទៅខាងឆ្វេងរបស់គាត់ដើម្បីការពារបាល់ប៉េណាល់ទីនោះបាន។
កីឡាករវ័យ ៤០ ឆ្នាំ រូបនេះបានឆ្លើយតបស្ទើរតែភ្លាមៗ ហើយបានបង្ហាញថាហេតុអ្វីបានជាគាត់ជាកីឡាករដ៏អស្ចារ្យគ្រប់ពេលវេលា ខណៈដែលគាត់បានបញ្ចេញការទាត់បាល់ដ៏ខ្លាំងពីគែមប្រអប់គ្រោះថ្នាក់ដើម្បីយកឈ្នះ Bukhari ក្នុងពេលនេះ ហើយបានដាក់ក្រុមរបស់គាត់ឱ្យនាំមុខម្តងទៀត។ Ronaldo បានអបអរខ្លាំងពេកដោយដោះអាវរបស់គាត់ចេញ ដែលនាំឱ្យគាត់ទទួលបាន កាតលឿង។
នៅនាទីទី ៦៨ Felix បានបញ្ចប់គ្រាប់ទីពីរ (Brace) របស់គាត់នៅទីបំផុត នៅពេលដែលគាត់បានទទួលបាល់ពី Ronaldo នៅជិតប្រអប់គ្រោះថ្នាក់ ហើយបានចូលទៅខាងក្នុង មុនពេលបបក់រំលងខ្សែការពារ Al Fateh ពីរនាក់ ហើយរុញបាល់ចូលទី។ ពីរបីនាទីក្រោយមក Kingsley Coman បានស៊ុតបញ្ចូលទីគ្រាប់ទី ៤ សម្រាប់ក្រុមយក្សរបស់ អារ៉ាប៊ីសាអូឌីត ខណៈដែលគាត់បានស៊ុតបញ្ចូលទីបន្ទាប់ពីទទួលបានបាល់ពី Angelo Gabriel។ Felix បានបញ្ចប់ Hat-trick ទីពីររបស់គាត់ក្នុងយុទ្ធនាការឆ្នាំ ២០២៥-២៦ យ៉ាងឆាប់រហ័ស ដោយគាត់បានប៉ះបញ្ចូលបាល់ចំណាំងផ្លាត បន្ទាប់ពីការខិតខំប្រឹងប្រែងទោលរបស់ Sadio Mane ពីក្នុងប្រអប់គ្រោះថ្នាក់ត្រូវបានបោសចេញពីខ្សែទី។
Felix បានបញ្ចប់ទីយ៉ាងស្អាតនៅយប់នោះ ខណៈដែលគាត់បានបញ្ចប់ Hat-trick ទីពីររបស់គាត់ចាប់តាំងពីការស៊ុតបញ្ចូលទី Hat-trick ដំបូងរបស់គាត់ក្នុងការបង្ហាញខ្លួនលើកដំបូងនៅ Saudi Pro League កាលពីខែសីហា ទល់នឹង Al-Taawoun។ ខ្សែប្រយុទ្ធ ព័រទុយហ្គាល់ រូបនេះបានជួបប្រទះការផ្លាស់ប្តូរដ៏អស្ចារ្យនៅក្នុងអាជីពរបស់គាត់ចាប់តាំងពីផ្លាស់ទៅលេងនៅ អារ៉ាប៊ីសាអូឌីត ដោយបច្ចុប្បន្នគាត់រកបាន ១១ គ្រាប់ ក្នុងការប្រកួត ១០ លើកក្នុងគ្រប់ការប្រកួតទាំងអស់។
ខ្សែការពារ Al Fateh បានជួបប្រទះសុបិន្តអាក្រក់ ខណៈដែលពួកគេមើលទៅមិនដឹងធ្វើអ្វីទាំងអស់នៅចំពោះមុខការវាយលុកដ៏ខ្លាំងក្លារបស់ Al-Nassr តាំងពីដំបូង។ គម្លាតគ្រាប់បាល់អាចនឹងខ្ពស់ជាងនេះ ប្រសិនបើកីឡាករដូចជា Ronaldo, Felix ឬ Coman មិនបានខ្ជះខ្ជាយឱកាសងាយៗក្នុងតង់ទីមួយ។ អ្នកចាំទី Bukhari មានការលេងដ៏គួរឲ្យចាប់អារម្មណ៍ក្នុងការចាំទី ហើយថែមទាំងបានការពារបាល់ប៉េណាល់ទីដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ Ronaldo ទៀតផង ប៉ុន្តែអ្នកចាំទីរូបនេះត្រូវបានធ្វើឲ្យខកចិត្តដោយខ្សែការពាររបស់គាត់៕