មូលហេតុ​កិច្ច​ព្រមព្រៀង Xavi Simons ទៅ Bayern Munich ត្រូវបរាជ័យ

បរទេស៖ បន្ទាប់ពីរយៈពេលខ្លីនៅក្លឹប RB Leipzig កីឡាករ Xavi Simons ត្រូវបានគេរំពឹងថានឹងពាក់អាវដ៏ល្បីរបស់ក្រុម Bayern។ វាត្រូវបានរាយការណ៍នៅលើផតខាស់ Bayern Insider របស់ទស្សនាវដ្តី Bild ថា កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងរួចហើយដើម្បីចុះហត្ថលេខាលើរូបគេ ដោយនាយកក្លឹប Bayern លោក Max Eberl និងលោក Christoph Freund ព្រមទាំងគ្រូបង្វឹកលោក Vincent Kompany បានផ្តល់ភ្លើងខៀវដើម្បីនាំយកកីឡាករជម្រើសជាតិ ហូឡង់ រូបនេះមកកាន់ក្លឹប។ ប៉ុន្តែនៅពាក់កណ្តាលខែសីហា ការប្រកាសពីប្រធានកិត្តិយសលោក Uli Hoeness បាន បំផ្លាញ កិច្ចព្រមព្រៀងនេះ។

លោក Hoeness ដែលត្រូវបានគេស្គាល់ដោយសារតែមានភាពតានតឹងជាមួយលោក Eberl បានប្រកាសថា Bayern នឹងពង្រឹងក្រុមរបស់ពួកគេតែជាមួយកិច្ចព្រមព្រៀង ខ្ចីជើង ប៉ុណ្ណោះ ហើយគ្មានការផ្ទេរជាអចិន្ត្រៃយ៍នោះទេ។ ជាលទ្ធផល ឱកាសក្នុងការទទួលបានកីឡាករ Simons បានរលាយបាត់ទៅ។ ជំនួសមកវិញ ក្លឹបបានសម្រេចចិត្តចុះហត្ថលេខាលើកីឡាករ Nicolas Jackson ពីក្រុម Chelsea។

FC Bayern München v Hamburger SV - Bundesliga

លោក Hoeness បានបំភ្លឺពីគោលជំហរលើ គោលនយោបាយខ្ចីជើងតែប៉ុណ្ណោះ របស់ក្លឹបកាលពីខែសីហា ដែលជាសេចក្តីថ្លែងការណ៍ដែលធ្វើឱ្យលោក Eberl និងក្រុមការងារភ្ញាក់ផ្អើល ហើយបានបំផ្លាញក្តីសង្ឃឹមរបស់ក្រុមគ្រប់គ្រងក្នុងការទទួលបានកិច្ចព្រមព្រៀងនេះ។ ដោយបានខកខានក្នុងការចុះហត្ថលេខាលើលោក Florian Wirtz និង Nico Williams រួចហើយកាលពីរដូវក្តៅនោះ នេះគឺជាការខកចិត្តមួយទៀតនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីពង្រឹងក្រុមរបស់លោក Kompany។

ប្រធានកិត្តិយសបានថ្លែងថា៖ «មានមតិខុសៗគ្នា។ Max [Eberl] ចង់ទិញ ប៉ុន្តែយើង [ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ] ត្រូវតែយកចិត្តទុកដាក់លើស្ថានភាពហិរញ្ញវត្ថុរបស់យើង។ នោះមានសារៈសំខាន់ដូចភាពជោគជ័យផ្នែកកីឡាដែរ។ អ្នកមាន Barcelona ជាឧទាហរណ៍ដ៏ល្អបំផុតនៃអ្វីដែលកើតឡើងនៅពេលដែលអ្នកទិញ ទិញ ទិញតែប៉ុណ្ណោះ ហើយបន្ទាប់មកបញ្ចប់ដោយបំណុល ១,២ ពាន់លានអឺរ៉ូ ហើយមិនអាចធ្វើអ្វីបាន»។

Leeds United v Tottenham Hotspur - Premier League

ចាប់តាំងពីផ្លាស់មកកាន់ក្រុម Tottenham ក្នុងតម្លៃ ៦៥ លានអឺរ៉ូ លោក Simons បានចាប់ផ្តើមជាជម្រើសដំបូង ៦ លើកក្នុងការបង្ហាញខ្លួន ៩ លើករបស់លោក ហើយបានបញ្ជូនបាល់ assist បាន ១ លើករហូតមកដល់ពេលនេះ។ ទោះជាយ៉ាងណាក៏ដោយ កង្វះផលិតភាពរបស់លោកមិនមែនជាក្តីបារម្ភសម្រាប់គ្រូបង្វឹកលោក Thomas Frank ទេ ដោយសារកីឡាករ ហូឡង់ រូបនេះកំពុងធ្វើតាមការណែនាំរបស់លោក។

លោក Frank បាននិយាយនៅសប្តាហ៍នេះថា៖ «ការមកដល់ប្រទេសថ្មី ក្លឹបថ្មី ទីក្រុងថ្មី គឺត្រូវការពេលវេលាដើម្បីសម្របខ្លួន ហើយវាគឺជាផ្នែកមួយនៃដំណើរការ។ យើងទាំងអស់គ្នាកំពុងត្រូវបានគេវាយតម្លៃរាល់ការប្រកួត ប៉ុន្តែយើងក៏ត្រូវមើលទស្សនៈធំជាងនេះផងដែរ។ ខ្ញុំតែងតែរកមើលតម្រុយ ហើយខ្ញុំបានសុំ Xavi ឱ្យចូលទៅក្នុងតំបន់គ្រោះថ្នាក់ [box] ឱ្យបានច្រើន ហើយនៅពេលដែលខ្ញុំមើលការប្រកួតឡើងវិញ គាត់បានធ្វើវា»។

ទន្ទឹមនឹងនេះ លោក Jackson បានរីករាយជាមួយនឹងការចាប់ផ្តើមជាវិជ្ជមានចាប់តាំងពីការមកដល់របស់លោកនៅ Bavaria ដែលកិច្ចព្រមព្រៀងនេះស្ទើរតែដួលរលំនៅចុងបញ្ចប់នៃទីផ្សារដោះដូរ។ ថ្វីត្បិតតែកីឡាករ សេណេហ្គាល់ រូបនេះមិនទាន់រកគ្រាប់បាល់បានក្នុងលីគ Bundelsiga ក៏ដោយ ក៏លោកបានរួមចំណែកយ៉ាងល្អក្នុងពានរង្វាន់ Champions League ដោយរកបាន ២ គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ១ គ្រាប់។ រូបគេភាគច្រើនជាកីឡាករបម្រុងសម្រាប់លោក Harry Kane ហើយបានចាប់ផ្តើមតែ ៣ លើកប៉ុណ្ណោះរហូតមកដល់ពេលនេះ។ កិច្ចព្រមព្រៀងជាមួយ Chelsea រួមមាន ជម្រើសទិញ ក្នុងតម្លៃ ៦៥ លានអឺរ៉ូ ដែលនឹងមានប្រសិទ្ធភាព ប្រសិនបើរូបគេបានចាប់ផ្តើមលេង ៤០ លើកសម្រាប់ក្លឹប៕

Previous articleRuben Amorim តម្លើងកីឡាករវ័យ ១៥ ឆ្នាំ រហ័សនាម «Kid Messi» ឱ្យហ្វឹកហាត់ជាមួយក្រុមធំ Man Utd
Next articleហេតុផល ២ យ៉ាង​ដែល Harry Kane គួរ​បន្ត​នៅ Bayern