បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Daily Mirror បានអោយដឹងថា ក្លឹប Fiorentina បានដាក់បញ្ចូលនៅលក្ខខណ្ឌមួយក្នុងកុងត្រាខ្ចីជើងកីឡាករ Amrabat ពីសំណាក់ក្លឹប Manchester United។ ដោយក្នុងនោះ កុងត្រានឹងត្រូវបន្តដោយស្វ័យប្រវត្តិចំនួន ១ឆ្នាំទៀត ប្រសិនជាក្លឹប Man Utd មិនទិញយកខ្សែបម្រើរូបនេះនៅចុងបញ្ចប់នៃការខ្ចីជើង។ ក្លឹបទាំង ២បាន ធ្វើការព្រមព្រៀងគ្នាទៅលើជម្រើសក្នុងការទិញផ្តាច់ដែលមាននៅកុងត្រាខ្ចីជើងនេះផងដែរ ប៉ុន្តែវាមិនមែនជាកាតព្វកិច្ចនោះទេ មានន័យថា United មិនត្រូវបានបង្ខំឱ្យទិញកីឡាករអន្តរជាតិម៉ារ៉ុកនៅរដូវក្តៅក្រោយនោះទេ។
ក្នុងនោះ Amrabat បានបង្ហាញខ្លួនលើស ១០០ដង អោយក្លឹបនៅ Serie A ហើយគាត់នឹងអាចវិលត្រលប់មកកាន់ទឹកដីអ៊ីតាលីនៅពេលបញ្ចប់ការខ្ចីជើងនៅ Old Trafford។ ហើយគាត់ក៏បានបង្ហាញខ្លួន ៤៩ដង ដោយក្រុមជម្រើសជាតិផងដែរ។
គួរបញ្ជាក់ថា ក្លឹប Manchester United នឹងត្រលប់ចូលប្រកួតនៅក្នុងក្របខណ្ឌ Premier League វិញដោយត្រូវប៉ះជាមួយនឹងក្លឹប Brighton នៅសប្តាហ៍នេះ ប៉ុន្តែកីឡាករ Amrabat នៅតែមិនអាចចូលជួយក្រុមបាននោះទេ ដោយសារតែមានបញ្ហារបួសក្នុងកំឡុងពេលហ្វឹកហាត់៕