Arsenal និង Chelsea ជាក្រុមដែលប្រជែងគ្នាយកខ្សែការពារឆ្នើមសញ្ជាតិអ៊ីតាលី

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sport បានអោយដឹងថាក្រុមកាំភ្លើងធំបានសម្លឹងឃើញខ្សែការពារកណ្តាលសញ្ជាតិអ៊ីតាលីជាមួយនឹងផែនការរយៈពេលវែងរបស់ខ្លួន ហើយក្នុងនោះគាត់ក៏ទទួលបានការចាប់អារម្មណ៍ពីក្លឹបដូចជា Paris Saint-Germain, Chelsea និង Bayer Leverkusen ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ La Gazzetta dello Sport វិញបានអោយដឹងថាក្លឹប Liverpool, West Ham និង Juventus ក៏បានចាប់អារម្មណ៍ទៅលើកីឡាករជម្រើសជាតិអ៊ីតាលីដូចគ្នា ប៉ុន្តែមិនទាន់ធ្វើការដាក់សំណើរណាមួយនោះទេ។

Riccardo Calafiori Italy 2024

ប្រភពដដែលបានអោយថាក្រុមដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍ គឺមានសង្ឃឹមក្នុងការឈានដល់ការព្រមព្រៀងជាមួយនឹងកីឡាករវ័យ​២២ឆ្នាំនៅចុងសប្តាហ៍នេះ ខណៈបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអះអាងថាកីឡាករ Calafiori បានបើកចំហរក្នុងការទៅចូលរួមជាមួយនឹងក្លឹបកាំភ្លើងធំ ខណៈដែលក្លឹប Arsenal និង Chelsea គឺជាក្លឹបដែលបានធ្វើការចរចាជាមួយនឹងកីឡាករប៉ុណ្ណោះ។

Calafiori Italy

កីឡាករ Calafiori បានក្លាយជាតួអង្គសំខាន់សម្រាប់ក្លឹប Bologna ចាប់តាំងពីចូលរួមជាមួយក្រុមពីក្លឹប Basel របស់ប្រទេសស្វីសកាលពីឆ្នាំមុន។ គាត់បានបង្ហាញខ្លួនចំនួន ៣៣ដងនៅក្នុងការប្រកួតទាំងអស់ ក្រោមការដឹកនាំរបស់លោក Thiago Motta ដែលបច្ចុប្បន្នជាអ្នកចាត់ការថ្មីនៅក្លឹប Juventus។ គាត់ក៏បានបង្ហាញខ្លួនជាលើកដំបូងក្នុងក្រុមជម្រើសជាតិអ៊ីតាលីនៅដើមខែមិថុនា ដោយបានចូលលេងទាំង ៣ប្រកួតសម្រាប់ក្រុមជម្រើសជាតិក្នុងការប្រកួតវគ្គចែកពូល ប៉ុន្តែពួកគេបានទទួលបរាជ័យក្រោមទ្វៃដៃរបស់ក្រុមជម្រើសជាតិស្វីស នៅវគ្គ ១៦ក្រុម។

Riccardo Calafiori Bologna

អតីតកីឡាករ Roma និង Genoa នឹងត្រូវធ្វើការពីចារណាទៅលើអនាគតរបស់គាត់ ខណៈដែលក្លឹប Arsenal និង Chelsea កំពុងព្យាយាមបញ្ចុះបញ្ចូលគាត់អោយមកកាន់ទឹកដីអង់គ្លេស ហើយសង្ឃឹមថានឹងអាចឈានដល់ការព្រមព្រៀងជាមួយនឹងក្លឹប Bologna ដែលគាត់នៅមានកុងត្រាដល់ឆ្នាំ២០២៧៕

Previous articleការផ្ទេរ Palhinha ទទួលបានផ្លែផ្កា!! ខណៈក្លឹបទាំង ២ព្រមព្រៀងគ្នាក្នុងតម្លៃ….
Next articleChelsea ឆ្លើយតបទៅនឹងសំណើរសុំខ្ចីជើងកីឡាករ Chukwuemeka របស់ក្លឹប AC Milan