បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាការចរចារវាងក្លឹប Barcelona និងភ្នាក់ងាររបស់កីឡាករ Williams លោក Felix Tainta បានបញ្ចប់ដោយជោគជ័យកាលពីសប្តាហ៍មុន ទៅលើលក្ខខណ្ឌផ្ទាល់ខ្លួនរបស់កីឡាករ។ ខណៈពេលដែលព័ត៌មានលម្អិតជាក់លាក់ទាក់ទងជាមួយប្រាក់ឈ្នួល និងរយៈពេលកិច្ចសន្យាមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ ខណៈកិច្ចព្រមព្រៀងនេះបង្ហាញពីវឌ្ឍនភាពដ៏សំខាន់មួយ។
ក្លឹបយក្សកាតាឡានឥឡូវនេះកំពុងផ្តោតលើការស្វែងរកវិធីដើម្បីបំពេញលក្ខខណ្ឌនៃការផ្តាច់កុងត្រា ដែលមានតម្លៃ ៥៨លានអឺរ៉ូ ហើយអ្វីៗនឹងអាចបញ្ចប់ដោយជោគជ័យសម្រាប់ការផ្ទេរ។ ក្លឹប Athletic បានប្តេជ្ញាថាពួកគេនឹងមិនចរចាជាមួយក្លឹប Barcelona នោះទេ ហើយនឹងព្រមានថាសម្រាប់ក្លឹបដែលចង់បាន Williams ត្រូវតែបង់នៅតម្លៃពេញក្នុងលក្ខខណ្ឌផ្តាច់កុងត្រា។
ប្រធានក្លឹប Barcelona លោក Joan Laporta បានបង្ហាញការកោតសរសើរចំពោះកីឡាករ Williams ហើយមានទំនុកចិត្តថានឹងអាចចុះហត្ថលេខាយកគាត់បាន។ ថ្លែងក្នុងកម្មវិធីវិទ្យុ ‘El Matí de Catalunya Ràdio’ លោក Laporta បាននិយាយថា៖ “ជាក់ស្តែងខ្ញុំចូលចិត្តគាត់ខ្លាំងណាស់។ ថ្ងៃនេះយើងអាចមានលទ្ធភាពចុះហត្ថលេខាលើ Nico Williams ។ យើងអាចប្រឈមមុខនឹងការចុះហត្ថលេខាយកកីឡាករដូច Nico”។
លោក Laporta ក៏បាននិយាយអំពីយុទ្ធសាស្ត្ររបស់ក្លឹបក្នុងដោះស្រាយនៅឧបសគ្គហិរញ្ញវត្ថុ និងប្រកាន់ខ្ជាប់នូវច្បាប់មាត្រា ១:១ របស់ La Liga ដែលគ្រប់គ្រងការចុះឈ្មោះកីឡាករ និងការចំណាយប្រាក់ឈ្នួល។ គាត់បាននិយាយថាក្លឹប Barcelona កំពុងធ្វើការយ៉ាងខ្លាំងទៅលើប្រតិបត្តិការផ្សេងៗ ហើយមានសុទិដ្ឋិនិយមក្នុងធ្វើអោយមានការវិលត្រឡប់ទៅរកភាពប្រក្រតីវិញនៃផ្នែកហិរញ្ញវត្ថុក្នុងពេលឆាប់ៗនេះ។ លោកបានធានាថា៖ “យើងនឹងអាចប្រកាសប្រតិបត្តិការដែលយើងបានដំណើរការក្នុងពេលឆាប់ៗនេះ។ យើងនឹងត្រលប់ទៅរកភាពធម្មតានៃ Financial Fair Play ឆាប់ៗនេះ”។
ទោះបីជាមានការវិវឌ្ឍជាវិជ្ជមានក៏ដោយ ប៉ុន្តែក៏មានភាពបន្ទាន់ផ្សេងទៀតជុំវិញការផ្ទេរមួយនេះផងដែរ។ កីឡាករ Wiliams ផ្តល់អាទិភាពលើការផ្ទេរទៅកាន់ក្លឹប Barcelona ហើយក៏យល់ពីការលំបាកផ្នែកហិរញ្ញវត្ថុរបស់ក្លឹបដូចគ្នា។ ទោះជាយ៉ាងណាក៏ដោយ គាត់មិនមានឆន្ទៈក្នុងការរង់ចាំពេញមួយរដូវក្តៅនោះទេ ហើយរំពឹងថាកិច្ចព្រមព្រៀងនេះអាចនឹងបញ្ចប់នៅក្នុងសប្តាហ៍ដំបូងនៃខែសីហា នឹងដើម្បីអោយក្លឹប Athletic អាចមានពេលវេលាគ្រប់គ្រាន់ក្នុងការចុះហត្ថលេខាយកកីឡាករថ្មីមកជំនួស Nico Williams៕