បរទេស៖ បន្ទាប់ពីប្រទេសអាឡឺម៉ង់មានការខកចិត្តក្រោយធ្លាក់ពីព្រឹត្តិការណ៍ Euro ២០២៤ ក្រោមទ្វៃជើងរបស់ក្រុមអេស្ប៉ាញក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាករវ័យ ៣៤ឆ្នាំរូបនេះបានបញ្ជាក់ថាការប្រកួតនេះជាការបង្ហាញខ្លួនលើកចុងក្រោយរបស់គាត់សម្រាប់ក្រុមឥន្ទ្រីដែកអាឡឺម៉ង់។
កីឡាករ Muller បាននិយាយថា៖ “និយាយតាមពិត វាអាចថានេះជាការប្រកួតអន្តរជាតិចុងក្រោយរបស់ខ្ញុំ។ ខ្ញុំនឹងអាចអង្គុយជាមួយគ្រូបង្វឹកជម្រើសជាតិនៅពេលក្រោយ។ យើងមានទំនាក់ទំនងដ៏ល្អមួយ។ ប៉ុន្តែដូចដែលខ្ញុំបាននិយាយ វាពិតជាអាចកើតឡើង”។
នេះបើយោងតាមការចេញផ្សាយរបស់ Bild Sport បានអោយដឹងថាកីឡាករ Muller បានបញ្ជាក់ថានេះជាការលេងប្រកួតចុងក្រោយសម្រាប់ក្រុមជម្រើសជាតិអាឡឺម៉ង់ ហើយនឹងប្រកាសពីការចូលនិវត្តន៍របស់គាត់ពីក្រុមជម្រើសផងដែរ។ គាត់នឹងដើរតាមគន្លងរបស់កីឡាករ Toni Kroos ដែលមិនត្រឹមតែបានចាកចេញពីក្រុមជម្រើសជាតិបន្ទាប់ពីព្រឹត្តិការណ៍ Euro ២០២៤ ប៉ុន្តែគាត់ក៏បានចូលនិវត្តន៍ពីអាជីពបាល់ទាត់ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករ Muller នឹងបន្តការលេងអោយក្រុម Bayern Munich និងគោរពតាមកិច្ចសន្យាដែលគាត់នៅមានរហូតដល់ឆ្នាំ២០២៥។
អស់រយៈពេលជាងមួយទសវត្សរ៍មកនេះ Muller គឺជាតួអង្គសំខាន់មួយក្នុងវិស័យបាល់ទាត់អាឡឺម៉ង់ ដែលត្រូវបានគេស្គាល់ថាមានភាពប៉ិនប្រសប់ ភាពឆ្លាតវៃ និងសមត្ថភាពនៃការស៊ុតបញ្ចូលទី។ ការរួមចំណែករបស់គាត់មិនត្រឹមតែការបង្ហាញសមត្ថភាពនៅលើទីលាននោះទេ ប៉ុន្តែក៏បង្ហាញអំពីការដឹកនាំ និងឥទ្ធិពលរបស់គាត់ទៅលើក្រុមផងដែរ។ ការបង្ហាញខ្លួនលើដំបូងរបស់គាត់អោយក្រុមជម្រើស គឺនៅខែមីនា ឆ្នាំ២០១០ ដែលជាការប្រកួតជាមួយនឹងក្រុមអាហ្សង់ទីន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គាត់បានស៊ុតបញ្ចូលទី ៤៥គ្រាប់ ក្នុងការបង្ហាញខ្លួន ១៣១ដងអោយក្រុមអាឡឺម៉ង់។ គាត់ជាកីឡាករទី៣ ដែលបង្ហាញខ្លួនបានច្រើនអោយក្រុមជម្រើសជាតិ ខណៈកីឡាករ Lothar Matthäus (១៥០ប្រកួត, ស៊ុត ៦៣គ្រាប់) និងកីឡាករ Miroslav Klose (១៣៧ប្រកួត, ស៊ុត ៤៦គ្រាប់)។
ការចូលនិវត្តន៍របស់កីឡាករ Muller ពីជម្រើសជាតិអាចចាប់ទុកជាការបញ្ចប់នៃយុគសម័យនៃបាល់ទាត់អាឡឺម៉ង់។ ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់គាត់ក្នុងឆ្នាំ២០១០ គឺគាត់បានរួមចំណែកជួយក្រុមជម្រើសអោយឈ្នះ World Cup ២០១៤៕