បរទេស៖ កីឡាករ Roberto ដែលបានចំណាយពេលស្ទើរតែពេញមួយអាជីពរបស់គាត់នៅក្លឹប Barcelona ប៉ុន្តែគាត់អាចនឹងចាកចេញពីក្លឹបដោយគ្មានតម្លៃខ្លួន។ កិច្ចសន្យារបស់កីឡាករជើងចាស់រូបនេះជាមួយនឹងក្លឹបបានផុតកំណត់ ហើយមិនទាន់មានការផ្តល់នៅសំណើរថ្មីនោះទេ ដោយសារតែក្លឹប Barca មានបញ្ហាពិបាកសម្រាប់ផ្នែកហិរញ្ញវត្ថុ។ នេះបើយោងតាម Mundo Deportivo បានអោយដឹងថាកីឡាករ Roberto បានសម្រេចចិត្តថាគាត់មិនចង់រង់ចាំទៀតទេសម្រាប់ក្លឹប Barcelona ក្នុងការផ្តល់ជូននៅសំណើរថ្មី ហើយកំពុងពិចារណាទៅលើការផ្តល់ជូនសំណើរពីក្លឹបនៅ Premier League។
នាយកផ្នែកកីឡារបស់ក្លឹប Barcelona លោក Deco បានប្រាប់ទៅកាន់កីឡាករ Roberto ថាក្លឹបត្រូវការគាត់សម្រាប់រដូវកាលក្រោយ ហើយបានកំណត់យកថ្ងៃទី១០ ខែសីហា ជាថ្ងៃសម្រាប់ការផ្តល់ជូននៅសំណើរថ្មី។ ទោះជាយ៉ាងណាក៏ដោយកីឡាករ Roberto មិនបានត្រលប់ទៅក្លឹបវិញទេសម្រាប់ការចាប់ផ្តើមហ្វឹកហាត់មុនបើករដូវកាល ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Hansi Flick ដោយឥឡូវនេះ គាត់សុខចិត្តស្តាប់នៅសំណើរពីខាងក្លឹបផ្សេង។ ក្លឹបនៅ La Liga ដូចជា Sevilla, Girona និង Valencia បានចាប់អារម្មណ៍ទៅលើកីឡាករវ័យ ៣២ឆ្នាំ ប៉ុន្តែគាត់ចង់បានការប្រកួតប្រជែងថ្មី ហើយអាចនឹងធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស។
អតីតគ្រូបង្វឹកលោក Xavi បានជំរុញឱ្យក្លឹប Barcelona រក្សាទុកកីឡាករ Roberto មុនពេលគាត់ចាកចេញពីក្លឹប។ គាត់បានប្រាប់អ្នកសារព័ត៌មានថា៖ “ខ្ញុំមិនដឹងថាតើវានឹងក្លាយជារដូវកាលចុងក្រោយរបស់គាត់ឬអត់។ អនុសាសន៍របស់ខ្ញុំចំពោះក្លឹបគឺដើម្បីរក្សាទុកគាត់។ ខ្ញុំគិតថាគាត់ជាកីឡាករដ៏សំខាន់ម្នាក់ក្នុងក្រុមទាំងក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ និងនៅលើទីលាន”។
ទោះជាយ៉ាងណាក៏ដោយ ពេលវេលារបស់កីឡាករ Roberto នៅក្លឹប Barcelona ហាក់ដូចជានៅសល់តិច ខណៈដែលបញ្ហាហិរញ្ញវត្ថុរបស់ក្លឹបនៅតែបន្តប៉ះពាល់ដល់ផែនការក្រុមរបស់ពួកគេ។ ក្លឹបក៏សង្ឃឹមផងដែរក្នុងការនាំយកតារាឆ្នើមក្លឹប Athletic Club កីឡាករ Nico Williams នៅរដូវក្តៅនេះ ប៉ុន្តែគេនៅតែត្រូវមើលថាតើពួកគេអាចមានលទ្ធភាពក្នុងការចំណាយទៅលើលក្ខខណ្ឌផ្តាច់កុងត្រានាពេលបច្ចុប្បន្នរបស់កីឡាករដែរឬទេ៕