បរទេស៖ ខ្សែប្រយុទ្ធវ័យជំទង់រូបនេះនឹងចូលរួមជាមួយក្រុមបម្រុងរបស់ Milan គឺ Milan Futuro ដែលប្រកួតប្រជែងក្នុងក្របខ័ណ្ឌ Serie C សម្រាប់រដូវកាល ២០២៤-២៥ ។ ការផ្លាស់ប្តូរនេះ គឺជាជំហានដ៏សំខាន់មួយនៅក្នុងអាជីពបាល់ទាត់ដែលកំពុងរីកចម្រើនរបស់ Maximilian ខណៈដែលគាត់បន្តដើរតាមគន្លងដ៏គួរឱ្យទាក់ទាញរបស់ឪពុកគាត់។
កីឡាករ Maximilian មានអាយុ ១៧ឆ្នាំបានបង្ហាញពីសក្តានុពលរបស់គាត់នៅពេលលេងឱ្យក្រុមអាយុក្រោម ១៨ឆ្នាំរបស់ក្លឹប AC Milan កាលពីរដូវកាលមុន។ គាត់កើតនៅប្រទេសស៊ុយអែត ហើយមានប្រវត្តិហ្វឹកហ្វឺនចម្រុះជាច្រើន ដោយក្នុងនោះគាត់ធ្លាប់ហ្វឹកហាក់នៅសាលាយុវជនរបស់ក្លឹប Paris Saint-Germain និង Manchester United ដោយសារតែឪពុករបស់គាត់នៅក្លឹបទាំងនោះ។
លោក Ibrahimovic ដែលជាអ្នកស៊ុតបញ្ចូលច្រើនជាងគេរបស់ជម្រើសជាតិស៊ុយអែត ដែលរកបាន ៦២គ្រាប់ក្នុងការបង្ហាញខ្លួន ១២១ ប្រកួត បានចូលនិវត្តន៍ពីបាល់ទាត់អាជីពកាលពីរដូវក្តៅមុនបន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយក្លឹប Milan បានផុតកំណត់។ ឥឡូវនេះគាត់ធ្វើជាទីប្រឹក្សាជាន់ខ្ពស់សម្រាប់ក្លឹប AC Milan ដោយនាំយកបទពិសោធន៍ និងជំនាញបាល់ទាត់របស់គាត់មកជួយក្រុម។
ខណៈដែល Milan Futuro រៀបចំសម្រាប់រដូវកាលបន្ទាប់នៅ Serie C ការបន្ថែម Maximilian ត្រូវបានគេមើលឃើញថាជាការផ្លាស់ប្តូរយុទ្ធសាស្ត្រដើម្បីពង្រឹងក្រុម។ ក្រុមនេះមានគោលបំណងដើម្បីអភិវឌ្ឍទេពកោសល្យកីឡាករវ័យក្មេង ដែលអាចមកចូលរួមជាមួយនឹងក្រុមជម្រើសដំបួង៕