បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Corriere dello Sport បានអោយដឹងថាកីឡាករសញ្ជាតិហ្សកហ្ស៊ីវ័យ ២៣ ឆ្នាំរូបនេះបានជ្រើសរើសទទួលយកនៅការគោរព ចំពោះជំនឿដែលលោក Antonio Conte មានចំពោះខ្លួន។ ហើយគាត់រៀបចំក្នុងការចុះហត្ថលេខារយៈពេលវែងជាមួយនឹងក្លឹបនៅ Serie A។ លោក Conte បានបញ្ជាក់យ៉ាងច្បាស់ថា Kvaratskhelia គឺជាស្នូរនៃផែនការរបស់គាត់សម្រាប់ក្លឹប Napoli ។ គ្រូបង្វឹកជនជាតិអ៊ីតាលីដែលទើបចូលកាន់តំណែងនៅក្លឹបបានធ្វើការទំនាក់ទំនងជាទៀងទាត់ជាមួយខ្សែបម្រើស្លាប ហើយបានទាក់ទងគ្នាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ប្រទេសអាឡឺម៉ង់សម្រាប់ការប្រកួតជើងឯកអឺរ៉ុបនាពេលថ្មីៗនេះ។
ការសម្រេចចិត្តរបស់ Kvaratskhelia ត្រូវបានគេមើលឃើញថាជាការផ្លាស់ប្តូរមួយដើម្បីតបស្នងនូវទំនុកចិត្ត និងការគាំទ្រដែលគាត់បានទទួលពីលោក Conte និងក្លឹប។ ទោះបីជាមានសំណើរជាច្រើន និងការចាប់អារម្មណ៍ពីក្លឹប PSG ក៏ដោយ ខ្សែបម្រើស្លាបរូបនេះមានទំនោរចង់បន្តការអភិវឌ្ឍន៍របស់ខ្លួនក្រោមការដឹកនាំរបស់លោក Conte ។ ក្លឹបនៅបារាំងដែលកំពុងមានបញ្ហាក្រោយការចាកចេញរបស់កីឡាករ Kylian Mbappe ពួកគេបានកំណត់អត្តសញ្ញាណ Kvaratskhelia ជាគោលដៅសំខាន់ក្នុងការមកជំនួសកន្លែង ហើយបានត្រៀមរួចរាល់ក្នុងការផ្តល់នៅសំណើរដែលមានតម្លៃជាង ១០០លានអឺរ៉ូ សម្រាប់ផ្ទេរយកគាត់។ ពួកគេក៏បានផ្តល់នៅប្រាក់ឈ្នួល ១១លានអឺរ៉ូក្នុងមួយរដូវកាល ដោយបន្ថែមជាមួយនឹងប្រាក់រង្វាន់បន្ថែមទៀត។
ប្រធានក្លឹប Napoli លោក Aurelio De Laurentiis បានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការលក់កីឡាករ Kvaratskhelia ។ ទោះបីជាមានការផ្តល់ជូនជាបន្តបន្ទាប់របស់ក្លឹប PSG ក៏ដោយ ក៏លោក De Laurentiis បានបដិសេធទាំងស្រុងនូវការផ្ទេរ។ ការបង្ហាញនៅឆន្ទៈរបស់ក្លឹបមួយនេះ បានដើរតូយ៉ាងសំខាន់ក្នុងការសម្រេចចិត្តរបស់កីឡាករក្នុងការបន្តនៅជាមួយក្លឹប Napoli ។
ក្លឹប Napoli បានផ្តល់កិច្ចសន្យាថ្មីរយៈពេល ៥ឆ្នាំដល់កីឡាករ Kvaratskhelia ជាមួយនឹងប្រាក់ឈ្នួល ៥លានអឺរ៉ូ ក្នុងមួយរដូវកាល និងកើនឡើងបន្តិចៗម្តងរហូតដល់ទៅជាង ៧លានអឺរ៉ូនៅចុងបញ្ចប់នៃកិច្ចសន្យា។ ទោះជាយ៉ាងណាក៏ដោយ ភ្នាក់ងាររបស់កីឡាករគឺលោក Mamuka Jugeli បានទាមទារនៅប្រាក់ឈ្នួល ៨លានអឺរ៉ូ រួមជាមួយនឹងការបញ្ចូលនៅលក្ខខណ្ឌផ្តាច់កុងត្រា។ ការចរចាទាំងនេះកំពុងបន្ត ប៉ុន្តែភាគីទាំងពីរមានសុទិដ្ឋិនិយមក្នុងការឈានដល់កិច្ចព្រមព្រៀងដែលមានផលប្រយោជន៍ទៅវិញទៅមកក្នុងពេលឆាប់ៗនេះ៕