បរទេស៖ បន្ទាប់ពីកាន់តំណែងជិត ៩ឆ្នាំ នៅក្លឹប Liverpool លោក Klopp បានលាលែងពីដំណែងជាអ្នកចាត់ការនៅចុងបញ្ចប់នៃរដូវកាល២០២៣-២៤ ហើយចាប់តាំងពីគាត់បានចាកចេញមក ក៏ត្រូវបានគេតាមមើលថាតើគាត់នឹងទៅដឹកនាំក្លឹប ឫជម្រើសជាតិណាបន្តទៀត។ បុរសសញ្ជាតិអាឡឺម៉ង់បានរាយការណ៍ថាបានបដិសេធក្នុងការទទួលយកនៅសំណើរទៅដឹកនាំក្រុមជម្រើសជាតិសហរដ្ឋអាមេរិក ខណៈគាត់កំពុងរីករាយជាមួយនឹងពេលវេលាឈប់សម្រាប់របស់ខ្លួន។ ឥឡូវនេះអតីតគ្រូបង្វឹកក្រុម Borussia Dortmund បានបដិសេធនូវឱកាសមួយទៀតក្នុងការទទួលតំណែងបន្តពីលោក Gareth Southgate ដែលបានលាលែងពីតំណែងបន្ទាប់ពីដឹកនាំក្រុមជម្រើសជាតិអង់គ្លេសបរាជ័យនៅ Euro ២០២៤។
ថ្លែងនៅឯសន្និសីទគ្រូបង្វឹកអន្តរជាតិ លោក Klopp បាននិយាយថា៖ “មិនមានអ្វីទាំងអស់។ ការងារថ្មី ក៏មិនមានអ្វីសោះ។ មិនមានក្លឹប មិនមានប្រទេស។ អង់គ្លេស? នោះនឹងជាការបាត់បង់មុខមាត់ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ប្រសិនបើខ្ញុំនិយាយថាខ្ញុំនឹងទទួលយកនៅការងារនេះ”។
គាត់ក៏បានបន្ថែមទៀតថា៖ “ខ្ញុំនឹងធ្វើការនៅពេលណាមួយម្តងទៀត។ វាលឿនពេកសម្រាប់ខ្ញុំទើបតែបានលេងវាយកូនបាល់ និងចំណាយពេលជាមួយចៅៗ! តើនឹងត្រូវបង្វឹកទៀតទេ? ខ្ញុំនឹងបដិសេធវានៅពេលនេះ។ យើងនឹងចាំមើលថានឹងមានអ្វីនៅប៉ុន្មានខែខាងមុខ ប៉ុន្តែនៅពេលនេះ មិនមានអ្វីកើតឡើងទេ”។
លោក Klopp គឺជាអ្នកចាត់ការដ៏អស្ចារ្យម្នាក់នៅ Liverpool និង Premier League បន្ទាប់ពីគាត់បានទទួលជោគជ័យយ៉ាងខ្លាំងនៅ Anfield។ បុរសសញ្ជាតិអាឡឺម៉ង់បាននិយាយថាគាត់មានអារម្មណ៍ថាគាត់អស់ថាមពល ដូច្នេះប្រសិនបើគាត់ត្រលប់ទៅគ្រប់គ្រងវិញ វាអាចនឹងស្ថិតក្នុងតួនាទីដែលមិនសូវមានតម្រូវការ ឬតួនាទីខុសគ្នានៅក្នុងបាល់ទាត់ទាំងស្រុង។
ខណៈពេលដែលលោក Klopp រីករាយនឹងពេលវេលាឈប់សម្រាក់របស់គាត់ ហើយគាត់ប្រហែលនៅតែសម្លឹងមើលក្លឹប Liverpool ខណៈពួកគេរៀបចំក្នុងការប្រកួតប្រជែងថ្មីក្រោមការដឹកនាំរបស់លោក Arne Slot។ យុគសម័យថ្មីនោះនឹងចាប់ផ្តើមនៅថ្ងៃទី ១៧ ខែសីហា ខណៈ Liverpool នឹងទៅសួរសុខទុក្ខក្លឹប Ipswich Town៕