បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Daily Star បានអោយដឹងថាក្លឹបយក្សនៅកាតាឡានបានដាក់សំណើខ្ចីជើងដែលមានតម្លៃ ៧លានផោន និងលក្ខខណ្ឌទិញផ្តាច់ ១៨លានផោន ដែលលក្ខខណ្ឌទិញផ្តាច់នេះនឹងចូលជាធរមាននៅចុងបញ្ចប់នៃការខ្ចីជើង។ កិច្ចព្រមព្រៀងមួយនេះបានឆ្លុះបញ្ចាំងពីឧបសគ្គផ្នែកហិរញ្ញវត្ថុរបស់ក្លឹប Barcelona ដែលបានកំណត់អំណាចនៃការចំណាយរបស់ពួកគេម្តងទៀតនៅរដូវក្តៅនេះ។
ក្លឹប City ចង់លក់កីឡាករ Cancelo ជាអចិន្ត្រៃយ៍តែម្តង ជាជាងការអោយគាត់ខ្ចីជើងបន្តទៀត។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែគ្មានសំណើផ្សេងទៀតនៅលើតុ ធ្វើអោយសំណើរបស់ក្លឹប Barcelona អាចជាជម្រើសដ៏ល្អបំផុត។ ម្ចាស់ជើងឯកនៅ Premier League ត្រូវបានគេរាយការណ៍ថាសង្ឃឹមនឹងទទួលបានប្រាក់ប្រហែល ២៥លានផោនពីការលក់កីឡាករ Cancelo ហើយបើទោះបីជាមានការពន្យាពេលនៃការទូរទាត់ប្រាក់ក៏ដោយ ក៏ការផ្ទេរមួយនេះកាន់តែខិតជិតទៅដល់គោលដៅ ក្រោយពួកគេបានបើកចំហរនៅការចរចាម្តងទៀត។
កីឡាករ Cancelo ព្រមទទួលយកនៅប្រាក់ឈ្នួលទាបជាងបច្ចុប្បន្នដែលគាត់ទទួលបាន ១៥ម៉ឺនផោនក្នុងមួយសប្តាហ៍ ដើម្បីជួយសម្រួលដ៏ការផ្ទេរមួយនេះអោយកើតឡើងកាន់តែលឿន។ ក្លឹប Barcelona បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់អោយនៅប្រាក់ឈ្នួលពេញសម្រាប់គាត់ ដែលវាជាដំណោះស្រាយដ៏ទាក់ទាញមួយសម្រាប់ក្លឹប Man City។
ខណៈដែល Barcelona នៅតែជាអ្នកនាំមុខសម្រាប់ការចុះហត្ថលេខារបស់ Cancelo ក្លឹបផ្សេងទៀតក៏បានបង្ហាញពីចំណាប់អារម្មណ៍ផងដែរ។ ក្លឹបយក្សអ៊ីតាលី Juventus និង Inter Milan ត្រូវបានគេនិយាយថាកំពុងតាមដានស្ថានការណ៍។ ទោះបីជាយ៉ាងណាក៏ដោយក្លឹប Man City នៅតែរក្សាក្តីសង្ឃឹមសម្រាប់ការផ្តល់ជូនភ្លាមៗពី Saudi Pro League ដែលលក្ខខណ្ឌហិរញ្ញវត្ថុរបស់ពួកគេមិនមែនជាបញ្ហានោះទេ ហើយ Man City ក៏អាចលក់ Cancelo ជាអចិន្ត្រៃយ៍ដូចគ្នា៕