បរទេស៖ នេះបើយោងតាមការចេញផ្សាយពីអ្នកសារព័ត៌មាន Dharmesh Sheth របស់ Sky Sports បានអោយដឹងថាម្ចាស់ជើងឯក Ligue 1 បានរាយការណ៍អំពីការចាប់ផ្តើមពិភាក្សាជាមួយក្លឹបបិសាចក្រហមជុំវិញការផ្ទេរកីឡាករ Sancho ដែលអាចធ្វើទៅបាននៅរដូវក្តៅនេះ។ លោក Sheth បានអះអាងបន្ថែមទៀតថា ក្លឹបទាំងពីរបានពិភាក្សាគ្នាអំពីរចនាសម្ព័ន្ធនៃកិច្ចព្រមព្រៀងដ៏មានសក្តានុពល ដោយ Sancho បាននិយាយថាគាត់នឹងបើកចំហចំពោះការផ្ទេរមួយនេះ។
កីឡាករវ័យ ២៤ឆ្នាំរូបនេះមានបញ្ហាជាមួយនឹងលោក Erik ten Hag កាលពីរដូវកាលមុន ដែលធ្វើអោយគាត់ត្រូវដកចេញពីក្រុមជម្រើសដំបូង មុនពេលដែលក្លឹប United ដាក់អោយគាត់ខ្ចីជើងទៅកាន់ក្លឹប Borussia Dortmund។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករ Sancho ឥឡូវនេះបានត្រលប់មកវិញ ហើយវាហាក់ដូចជាគាត់បានផ្សះផ្សាជាមួយនឹងអ្នកចាត់ការសញ្ជាតិហូឡង់រួចរាល់ផងដែរ។
លោក Erik ten Hag បានផ្តល់ពេលវេលាលេងធម្មតាដល់ Sancho ក្នុងកំឡុងពេលប្រកួត Pre-Season នាពេលថ្មីៗនេះ ហើយគាត់កំពុងពិចារណាដាក់អោយខ្សែបម្រើស្លាបអង់គ្លេសរូបនេះលេងនៅក្នុងតួនាទីថ្មី សម្រាប់ការប្រកួតប៉ុន្មានដងមកនេះ មុននឹងកាលប្រកួតសម្រាប់រដូវកាល ២០២៤-២៥ខាងមុខមកដល់។
ជាមួយនឹងការចាកចេញរបស់កីឡាករ Kylian Mbappe ទៅកាន់ក្លឹប Real Madrid នៅក្នុងរដូវក្តៅនេះ ដោយគ្មានតម្លៃខ្លួន។ លោក Luis Enrique កំពុងស្វែងរកខ្សែបម្រើស្លាបដែលមានគុណភាពអាចមកជំនួសកន្លែងរបស់កីឡាករ Mbappe ហើយកីឡាករ Sancho គឺសាកសម។ បិសាចក្រហមក៏បានសាកសួរពីខ្សែបម្រើ Manuel Ugarte របស់ក្លឹប PSG ហើយឥឡូវនេះក្រុមទាំងពីរមានទំនាក់ទំនងបើកចំហរទាក់ទងនឹងកីឡាករ Sancho ដូចគ្នា៕