បរទេស៖ កីឡាករ Felix បានស្វែងរកនៅការចាកចេញពីក្លឹប Atletico Madrid អស់រយៈពេល ២ឆ្នាំមកហើយ ក្រោយគាត់មិនស្ថិតក្នុងជម្រើសរបស់លោក Diego Simeone។ ឥលូវនេះបើយោងតាមការចេញផ្សាយរបស់ Record បានអោយដឹងថាក្លឹប Benfica សង្ឃឹមថានឹងអាចនាំយកកីឡាករវ័យ ២៤ឆ្នាំត្រលប់មកកាន់ក្លឹប ដែលគាត់បានចាប់ផ្តើមអាជីពរបស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយក្លឹប Aston Villa ក៏ចាប់អារម្មណ៍ចង់បានគាត់ដូចទៅនឹងក្លឹប Barcelona ដែលជាកន្លែងកីឡាកររូបនេះបានចំណាយពេលលេងខ្ចីជើងកាលពីរដូវកាលមុន។
ប្រភពដដែលបានអោយដឹងថាក្លឹប Benfica មិនមានលទ្ធភាពក្នុងការចំណាយប្រាក់ ២៨លានផោន សម្រាប់ ៥០% នៃថ្លៃផ្ទេរកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះទេ។ ទោះបីជាយ៉ាងណាប្រសិនជាមិនមានក្លឹបណាចុះហត្ថលេខាយក Felic នៅថ្ងៃទី៣០ ខែសីហានោះទេ ក្លឹបយក្សនៅព័រទុយហ្គាល់អាចនឹងព្យាយាមចុះហត្ថលេខាយកគាត់ក្នុងលក្ខខណ្ឌខ្ចីជើងជាមួយជម្រើសទិញផ្តាច់។
Record ក៏បានបន្ថែមទៀតថាក្លឹប Benfica អាចប្រមូលថវិកាសម្រាប់កិច្ចព្រមព្រៀងកីឡាករ Felix ដោយលក់កីឡាករ David Neres ទៅកាន់ក្លឹប Napoli ក្នុងតម្លៃប្រមាណ ២៥លានផោន។ ទោះបីជាលក់កីឡាករ Joao Neves ក្នុងតម្លៃ ៦០លានផោនទៅឱ្យកលឹប Paris Saint-Germain ក៏ដោយ ក៏ហិរញ្ញវត្ថុរបស់ក្លឹប Benfica នៅតែហាក់បីដូចជាតឹងតែងណាស់។
នៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះទីផ្សារដោះដូរកីឡាករនឹងត្រូវបិទ ហើយវានៅតែត្រូវបានគេមើលឃើញថាតើកីឡាករ Felix នឹងត្រូវចាប់ផ្តើមរដូវកាលថ្មីនៅក្លឹបណា។ ទោះយ៉ាងណាក៏ដោយ វាហាក់បីដូចជាគាត់មិនអាចបន្តស្នាក់នៅក្លឹប Atletico នោះទេ ក្រោយរយៈពេល ៥ឆ្នាំដែលគាត់ចុះហត្ថលេខាមកកាន់ក្លឹបក្នុងតម្លៃ ១១៣លានផោនពី Benfica៕