បរទេស៖ ក្លឹប Barcelona ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការផ្ទេរកីឡាករ Nico Williams កាលពីដើមរដូវក្តៅ ប៉ុន្តែកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានសម្រេចចិត្តបន្តស្នាក់នៅជាមួយក្លឹប Athletic Club វិញ។ បន្ទាប់ពីហាក់ដូចជាខកខានលើខ្សែប្រយុទ្ធវ័យក្មេង ក្លឹបកាតាឡានបានចាប់ផ្តើមផ្ទេរយកកីឡាករ Dani Olmo ហើយនៅពេលនេះពួកគេក៏បានផ្ទេរយកបានខ្សែបម្រើប្រយុទ្ធរូបនេះផងដែរ។
នេះបើយោងតាមការចេញផ្សាយរបស់ Sky Sport បានអោយដឹងថាក្លឹប Bayern Munich បានត្រៀមរួចរាល់ក្នុងបញ្ចេញនៅកីឡាករ Kingsley Coman នៅក្នុងទីផ្សារដោះដូរនេះ ខណៈអ្នកចាត់ការក្លឹប Barcelona លោក Hansi Flick កំពុងសម្លឹងមើលការផ្ទេរយកគាត់។ អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់ធ្លាប់បានដឹកនាំខ្សែបម្រើស្លាប កាលនៅដឹកនាំក្លឹប Bayern Munich ហើយគាត់ក៏មានការកោតសរសើរចំពោះកីឡាកររូបនេះផងដែរ។
បើទោះបីជាមានការចង់បានកីឡាកររូបនេះពីគ្រូបង្វឹកក្លឹប Barcelona ក៏ដោយ ក៏ពួកគេមិនអាចចុះហត្ថលេខា និងចុះឈ្មោះកីឡាករបន្ថែមទៀតបានទេ លុះត្រាតែពួកគេលក់សមាជិកក្រុមដំបូងដ៏សំខាន់ម្នាក់ ដោយសារបញ្ហាហិរញ្ញវត្ថុបច្ចុប្បន្នរបស់ពួកគេ។
ក្លឹបយក្ស Bundesliga ត្រូវបានគេរាយការណ៍ថាបានបញ្ជាក់យ៉ាងច្បាស់ថា Coman មិនសមនឹងផែនការរបស់លោក Vincent Kompany ។ ប្រសិនបើក្លឹប Barcelona មិនអាចចុះហត្ថលេខាលើគាត់បាននៅរដូវក្តៅនេះ ក្លឹបនៅអាល្លឺម៉ង់អាចនឹងពិចារណាលក់កីឡាកររូបនេះទៅឱ្យអតីតក្លឹប Paris Saint-Germain របស់គាត់វិញ៕