បរទេស៖ ក្លឹប Bayern Munich ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរយកខ្សែការពារជម្រើសជាតិអាឡឺម៉ង់ជាយូរមកហើយ ហើយកីឡាករ Tah ក៏បានបញ្ជាក់ផងដែរអំពីការចង់ផ្ទេរមួយនេះ ខណៈគាត់បានបដិសេធក្នុងការបន្តកុងត្រាថ្មីជាមួយក្លឹប Leverkusen។ ទោះបីជាយ៉ាងណាក៏ដោយសារព័ត៌មាន Kicker បានបញ្ជាក់ថាក្លឹប Bayern លែងចង់ចុះហត្ថលេខាយកកីឡាកររូបនេះទៀតហើយ ស្របពេលការផ្ទេរត្រូវបានបញ្ឈប់។
នេះបើយោងតាមការចេញផ្សាយរបស់ BILD បានអោយដឹងថាម្ចាស់ជើងឯក Bundesliga បានកំណត់ថ្ងៃផុតកំណត់សម្រាប់ការផ្ទេរនេះ ហើយប្រសិនបើពួកគេមិនទទួលបានការផ្តល់ជូននៅចុងសប្តាហ៍នោះ ដូច្នេះកីឡាករ Tah នឹងត្រូវស្នាក់នៅបន្តជាមួយ Leverkusen។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះកិច្ចព្រមព្រៀងនឹងលែងកើតឡើងទៀតហើយ បន្ទាប់ពីផ្នែកមួយនៃការគ្រប់គ្រងរបស់ Bayern បានប្រឆាំងនឹងការផ្ទេរនេះ។
ខ្សែការពារកណ្តាលវ័យ ២៨ឆ្នាំដែលបានបង្ហាញខ្លួនច្រើនជាង ៣៥០លើកសម្រាប់ក្លឹប Leverkusen ចាប់តាំងពីឆ្នាំ២០១៥ គឺជាសមាជិកដ៏សំខាន់នៃក្រុមរបស់លោក Xabi Alonso ដែលបានឈ្នះពានរង្វាន់លីគជាប្រវត្តិសាស្ត្រកាលពីរដូវកាលមុន។
អតីតកីឡាកររបស់ក្លឹប Hamburger នៅសល់កុងត្រាតែមួយឆ្នាំទៀតប៉ុណ្ណោះជាមួយក្លឹប Leverkusen ហើយត្រូវបានគេរាយការណ៍ថាបានបដិសេធមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី។ ក្លឹប Leverkusen នៅតែមានបំណង់ចង់លក់កីឡាកររូបនេះក្នុងពេលឆាប់ៗ ខណៈពួកគេមិនចង់អោយគាត់ចាកចេញដោយគ្មានតម្លៃខ្លួននៅឆ្នាំ២០២៥នោះទេ៕