ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាវាយកូនគោលកម្ពុជា ទាំងអាណត្តិចាស់ និងអាណត្តិថ្មី ២០២៤-២០២៨ ក្នុងការជំរុញអភិវឌ្ឍកីឡាវាយកូនគោលនៅកម្ពុជាប្រកបដោយចក្ខុវិស័យច្បាស់លាស់ជាមួយនឹងការប្តេជ្ញាចិត្ត និងឆន្ទៈយ៉ាងមោះមុតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការលើកស្ទួយវិស័យកីឡាវាយកូនគោល ក៏ដូចជាអភិវឌ្ឍធនធានអត្តពលិកកីឡាវាយកូនគោលកម្ពុជាចូលរួមការប្រកួតអន្តរជាតិជាប្រចាំ។
នេះជាការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន ក្នុងឱកាសដែលឯកឧត្តមផ្តល់កិត្តិយសជាអធិបតី ក្នុងមហាសន្និបាតសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បញ្ចប់អាណត្តិទី៥ ឆ្នាំ២០២០-២០២៤ និងបន្តអាណត្តិទី៦ ពីឆ្នាំ២០២៤-២០២៨ នៅទីស្នាក់ការ NOCC នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិត ថោង ខុន គូសបញ្ជាក់ថា ៖«សូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាវាយកូនគោលកម្ពុជាអាណត្តិទី៥ ឆ្នាំ២០២០-២០២៤ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងការជំរុញអភិវឌ្ឍកីឡាវាយកូនគោលនៅកម្ពុជាប្រកបដោយចក្ខុវិស័យច្បាស់លាស់។ សូមអបអរសាទរដល់សម្តេចពិជ័យសេនា ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រីទាំងអស់ ដែលត្រូវបានអង្គមហាសន្និបាតបោះឆ្នោតជ្រើសរើសជាសមាជិកគណៈកម្មធិការប្រតិបត្តិរបស់សហព័ន្ធ អាណត្តិទី៦នេះ»។
យោងតាមរបាយការណ៍របស់សហព័ន្ធ ប្រធាន NOCC ក៏វាយតម្លៃបានថា គណៈកម្មាធិការប្រតិបត្តិសហព័ន្ធបានបង្ហាញនូវការប្តេជ្ញាចិត្ត និងឆន្ទៈយ៉ាងមោះមុតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការលើកស្ទួយវិស័យកីឡាវាយកូនគោល ក៏ដូចជាអភិវឌ្ឍធនធានអត្តពលិកកីឡាវាយកូនគោលកម្ពុជាចូលរួមការប្រកួតអន្តរជាតិជាប្រចាំ ក៏ដូចជារៀបចំការប្រកួត និងពានរង្វាន់កម្រិតជាតិជាច្រើនផងដែរ។ ឯកឧត្តមបណ្ឌិត ថោង ខុន បានបន្ថែមថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក៏បានត្រៀមរៀបចំផែនការមេ និងផែនការយុទ្ធសាស្ត្រ ឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ីនេះ ដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលរាជធានីភ្នំពេញ សហព័ន្ធកីឡាជាតិ និងស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តជំរុញអភិវឌ្ឍ ចលនាកីឡានៅកម្ពុជាឱ្យកាន់តែផុលផុសបន្ថែមទៀត។
ជាមួយគ្នានេះ ឯកឧត្តម ជា បូរ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនគោលកម្ពុជាបានបង្ហាញនូវផែនការសកម្មភាពសំខាន់ៗចំនួន៨ចំណុច។ នៅក្នុងនេះ គឺសហព័ន្ធត្រៀមហ្វឹកហាត់កីឡាករ កីឡាការិនី សម្តៅពង្រឹងសមត្ថភាព សម្រួចគុណផលដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ និងត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ នៅកម្ពុជាផងដែរ។
គួរបញ្ជាក់ថា នៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មីនេះ សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាវាយវាយកូនបាល់កម្ពុជាមានចំនួន១៤រូប ដោយមានសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានកិត្តិយស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា ជាប្រធាន ឯកឧត្តម ជា បូរ៉ា អគ្គលេខាធិការ អគ្គលេខាធិការង អគ្គហេរញ្ញិក និងសមាជិក៕