ឯកឧត្តម ផាន់ វណ្ណរ័ត្ន ៖ បណ្តាប្រទេសចូលរួមប្រកួត ITF ជើងឯកអាស៊ាន រីករាយខ្លាំងណាស់ ដោយសារម្ចាស់ផ្ទះកម្ពុជាទទួលដោយទឹកចិត្តកក់ក្តៅ

ភ្នំពេញ៖ គ្រប់​បណ្តា​ប្រទេស​នានា គ្រប់​កីឡាករ កីឡាការិនី​ទាំងអស់ រួម​ទាំង​គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម​អន្តរជាតិ ដែល​ប្រកួតប្រជែង និង​ដឹកនាំ​ការ​ប្រកួត​នៅ​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​នេះ​បាន​បង្ហាញ​ភាព​សប្បាយ​រីករាយ​ខ្លាំង​ណាស់ ដោយសារ​តែ​យើង​បាន​ទទួល​ពួក​គាត់​ប្រកបដោយ​ទឹកចិត្ត​កក់ក្តៅ​បំផុត​។

នេះ​ជា​ការ​គូសបញ្ជាក់​របស់​ឯកឧត្តម ផា​ន់ វណ្ណ​រ័​ត្ន អនុប្រធាន​ទី​១ សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ ITF កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​កណ្តាល​រៀបចំ​ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ ITF ជើងឯក​អាស៊ី​អាគ្នេយ៍ លើក​ទី​២ ឆ្នាំ​២០២៥ នៅ​ក្រោយ​បញ្ចប់​ពិធី​បិទ​ជា​ផ្លូវការ កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៥ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​។

ឯកឧត្តម ផា​ន់ វណ្ណ​រ័​ត្ន បាន​លើក​ឡើង​ទៀត​ថា ៖«​ការ​ទទួល​ប្រតិភូ​កីឡា​មក​ពី​បណ្តា​ប្រទេស​នានា ដោយ​ទឹកចិត្ត​កក់ក្តៅ​នេះ គឺ​រាប់​ទាំង​ការ​ទទួល​ពួក​គាត់​តាំងពី​មាត់ច្រក​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ការ​ដឹក​ជញ្ជូន​តាម​រថយន្ត​មក​ស្នាក់​នៅ​សណ្ឋាគារ និង​ពី​កន្លែង​ស្នាក់​នៅ​មក​ទីលាន​ប្រកួត មាន​ក្រុម​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​យកចិត្តទុកដាក់​ខ្ពស់ ព្រមទាំង​ការ​យកចិត្តទុកដាក់​លើ​ការ​បញ្ហា​ម្ហូបអាហារ​សម្រាប់​ពួក​គាត់​ផង​ដែរ​។ ក្រៅពី​នេះ​ម្ចាស់ផ្ទះ កម្ពុជា​ក៏​ទុក​ពេល​ឱ្យ​ពួក​គាត់​មាន​ពេលវេលា​សម្រាប់​ដំណើរ​កម្សាន្ត​ទៀត​។ ជាមួយ​គ្នា​នេះ តំណាង​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ ITF អន្តរជាតិ​ក៏​បាន​បង្ហាញ​នូវ​ក្តី​រំភើប​រីករាយ​ណាស់ ដែល​ម្ចាស់ផ្ទះ​កម្ពុជា​រៀបចំ​បាន​យ៉ាង​ល្អ ដោយ​ព្រឹត្តិការណ៍​នេះ​ទទួល​បានការ​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ រាប់​ទាំង​ឧបនាយករដ្ឋមន្ត្រី ទេស​រដ្ឋមន្ត្រី តំណាង​ក្រសួង​អប់រំ និង​តំណាង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ផង​ដែរ​»​។

ឯកឧត្តម​អនុប្រធាន​ទី​១ បន្ថែម​ថា ថ្ងៃនេះ​គឺជា​មោទនភាព​របស់​កម្ពុជា ដែល​ទទួល​បានការ​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ ITF ជើងឯក​អាស៊ី​អាគ្នេយ លើក​ទី​២ ឆ្នាំ​២០២៥​ជាមួយនឹង​ការ​បញ្ចប់​ដោយ​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង ជា​ពិសេស​ម្ចាស់ផ្ទះ កម្ពុជា​ដណ្តើម​បាន​មេដាយ​រហូត​ដល់ ៩០​គ្រឿង ក្នុង​នោះ​មេដាយមាស ៤៨​គ្រឿង​។​មូលហេតុ​ចម្បង ដែល​ធ្វើ​ឱ្យ​អត្ត​ព​លិ​ក​កម្ពុជា​ដណ្តើម​បាន​មេដាយ​ច្រើន និង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១​នេះ ត្រូវ​បាន​ឯកឧត្តម​អនុប្រធាន​ទី​១​រូប​នេះ​ពន្យល់​ថា ដោយសារ​តែ​កីឡាករ កីឡាការិនី​កម្ពុជា​ប្រឹងប្រែង​ហ្វឹកហាត់ និង​ការ​ប្រកួតប្រជែង​ទាំង​ថ្នាក់​ថ្នាក់​ជាតិ និង​អន្តរជាតិ ដោយ​តែងតែ​ឈ្នះ​មេដាយ​ជា​ច្រើន ទាំង​កម្រិត​អាស៊ី​អាគ្នេយ៍ អាស៊ី និង​ពិភពលោក​ជា​រៀង​រាល់​លើក ដែល​ធ្វើ​ឱ្យ​ពួក​គាត់​កាន់តែ​ខ្លាំងក្លា ក្នុង​គុណភាព​បច្ចេកទេស​។ ជា​ការ​កត់សម្គាល់​បន្ថែម ក្នុង​ការ​ប្រកួត​ជើងឯក​អាស៊ី​អាគ្នេយ៍ លើក​ទី​២ នៅ​កម្ពុជា​ពេល​នេះ ត្រូវ​បាន​ឯកឧត្តម ផា​ន់ វណ្ណ​រ័​ត្ន គូសបញ្ជាក់​បន្ថែម​ថា ការ​ប្រកួត​ឈុត​ក្រោម​១៣​ឆ្នាំ ក្រោម​១៥​ឆ្នាំ ឈុត​ក្រោម​១៧​ឆ្នាំ និង​ឈុត​ជម្រើសជាតិ​ឈុត​ធំ ជា​ពិសេស​ឈុត​ថ្នាល​កុមារ​-​យុវជន​របស់​កម្ពុជា ដែល​ជា​ធនធាន​ថ្នាល​បន្តវេន​សម្រាប់​តេ​ក្វា​ន់​ដូ ITF កម្ពុជា ក្រោម​ការ​យកចិត្តទុកដាក់​បង្ហាតបង្រៀន​ពី​លោក ប៉ា​ល់ ជីវ័ន​។

ជា​គោលដៅ​បន្ទាប់ ឯកឧត្តម ផា​ន់ វណ្ណ​រ័​ត្ន សង្កត់ធ្ងន់​ថា ឆ្លងកាត់​តាម​បទ​ពិសោធ​មួយ​នេះ យើង​ពិនិត្យ​ឃើញ​នូវ​ចំណុចខ្លាំង ចំណុចខ្សោយ​របស់​យើង​។ ដូច្នេះ​ក្នុង​រយៈពេល​៣​ឆ្នាំ​ទៀត សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ ITF កម្ពុជា​នឹង​ដាក់​ស្នើ​ដល់​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ ITF អន្តរជាតិ ថា​តើ កម្ពុជា​អាច​ទទួល​រៀបចំ​ធ្វើ​ម្ចាស់​ផ្ទ ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ ITF ជើងឯក​អាស៊ី បាន​ឬទេ​។ ក្នុង​នាម​អនុប្រធាន​ទី​១ សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ ITF កម្ពុជា និង​ក្នុង​នាម​ជា​ប្រធាន​គណៈកម្មការ​កណ្តាល​រៀបចំ​ការ​ប្រកួត​ព្រឹត្តិការណ៍​នេះ​ដាក់​ការ​ជឿជាក់​ថា កម្ពុជា​នឹង​អាច​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ការ​ប្រកួត​ជើងឯក​អាស៊ី​បាន ដោយ​យើង​បាន​បែងចែក​ភារកិច្ច​ច្បាស់ ក្នុង​គណៈកម្មការ​ជំនាញ​នីមួយ​ៗ​។ ចំពោះ​កីឡាករ កីឡាការិនី​កម្ពុជា​ក៏​មាន​ភាព​ខ្លាំងពូកែ​ដែរ ហើយ​យើង​សង្ឃឹមថា បើ​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ ការ​ប្រកួត​ជើងឯក​អាស៊ី នា​៣​ឆ្នាំ​ខាង​មុខ តេ​ក្វា​ន់​ដូ ITF កម្ពុជា​នឹង​នាំ​មោទនភាព​ជូន​ជាតិ ព្រមទាំង​ជួយ​ជំរុញ​ដល់​វិស័យ​ទេសចរណ៍​កាន់តែ​ប្រសើរ តាម​រយៈ​វិស័យ​កីឡា​តេ​ក្វា​ន់​ដូ ITF នេះ​ផង​ដែរ​៕

Previous articleLiverpool មានភាគរយខ្ពស់ក្នុងការផ្ទេរយក Marc Guehi ដោយសារតែ
Next articleកីឡាករទាំង ២នាក់សម្រេចចិត្តបញ្ចប់កុងត្រាជាមួយក្លឹប Toronto