ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOOC) បានបញ្ជាក់ជំហរ ក្នុងការត្រៀមលក្ខណៈរបស់ប្រតិភូកីឡាកម្ពុជា ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាខែធ្នូ ឆ្នាំ២០២៥ ដែលប្រទេសថៃទទួលរៀបចំធ្វើម្ចាស់ផ្ទះ នៅទីក្រុងបាងកក។
ការបញ្ជាក់ជំហររបស់ឯកឧត្តម វ៉ាត់ ចំរើន បានធ្វើឡើង កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ក្រោយពីមានការសាកសួរជុំវិញបញ្ហាឡើងកម្តៅព្រំដែនរវាងកម្ពុជា-ថៃ និងការបិទច្រកព្រំដែន រួមទាំងការបិទការនាំចូលទំនិញនានារវាងប្រទេសទាំងពីរ។
ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា ចំពោះការងាររៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាខែធ្នូ ឆ្នាំ២០២៥ ដែលប្រទេសទទួលរៀបចំធ្វើម្ចាស់ផ្ទះ នៅទីក្រុងបាងកកនោះ គឺគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដោយមិនមានអ្វីប្រែប្រួលនោះឡើយ ដោយបណ្តាប្រទេសអាស៊ាននៅតែស្វាគមន៍គ្នាប្រកបដោយភាពកក់ក្តៅក្នុងក្របខណ្ឌចលនាកីឡា។
«កីឡាមិនបានបញ្ជាក់អំពីការពាក់ព័ន្ធនឹងរឿងនយោបាយ ឬបញ្ហាផ្សេងទៀត ដែលជះឥទ្ធិពលដល់ចលនាកីឡាទេ។ ភាគីអូឡាំពិកប្រទេសថៃបានប្រកាសហើយ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍កន្លងទៅថា កម្ពុជា ក៏ដូចជាប្រទេសផ្សេងៗទៀតក្នុងតំបន់នៅតែទទួលបានការស្វាគមន៍ប្រកបដោយភាពកក់ក្តៅជានិច្ច។ ភាគីអូឡាំពិកថៃ នៅតែកោតសរសើរ និងផ្តល់ការវាយតម្លៃខ្ពស់អំពីការទទួលរៀបចំធ្វើម្ចាស់ផ្ទះរបស់កម្ពុជា ចំពោះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កន្លងទៅប្រកបដោយភាពជោគជ័យដ៏ត្រចះត្រចង់ដដែល»។ ឯកឧត្តមបានបន្ថែម។
ចំពោះការប្រកួតកីឡាស៊ីហ្គេម នាខែធ្នូ ២០២៥ នៅប្រទេសថៃនេះ គឺកម្ពុជាមិនមានអ្វីប្រែប្រួលនោះឡើយ ពោលគឺកម្ពុជានៅតែត្រៀមលក្ខណៈចូលរួមប្រកួតជាធម្មតា ខណៈកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាកំពុងហ្វឹកហាត់ និងត្រៀមចូលរួមប្រកួតជាធម្មតា។ យើងសង្ឃឹមថា ស្ថានភាពរវាងកម្ពុជា និងថៃ កាន់តែល្អប្រសើរ ហើយការត្រៀមលក្ខណៈតាមការកំណត់ធម្មតា។
ឆ្លើយនឹងសំនួរ ដែលសួរថា ប្រសិនបើបញ្ហានយោបាយថៃកាន់តែវិវឌ្ឍខ្លាំងទៅៗ ហើយអាចរាំងស្ទះដល់ដំណើរការរៀបចំស៊ីហ្គេម នៅប្រទេសថៃដែរឬទេ? ឯកឧត្តម វ៉ាត់ ចំរើន ពន្យល់ថា ជាទូទៅ នៅក្នុងចលនាអូឡាំពិក ទោះបីជាមានបញ្ហាសង្គ្រាមកើតឡើងក៏ដោយ ក៏គេមិនដែលចោលអត្តពលិកនោះឡើយ។ ឧទាហរណ៍ជាក់ស្តែង ដូចជាការចូលរួមប្រកួតអូឡាំពិក ដូចជាកីឡាករចេញពីប្រទេសស៊ីរី អ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន ឬប្រទេសដែលធ្លាប់មាន ឬក៏កំពុងកើតមានសង្គ្រាមក៏ដោយ ក៏គេឱ្យអត្តពលិកទៅចូលរួមប្រកួកីឡាដែរ ដោយនេះជាស្មារតីរបស់ចលនាអូឡាំពិក ដោយមិនគិតពីបញ្ហាសង្គ្រាម ឬមិនសង្គ្រាមនោះទេ ដែលធ្វើយ៉ាងណាឱ្យមានការចូលរួមប្រកួត។
«ការចូលរួមបានផ្តល់ការជឿជាក់លើគ្នា យោគយល់គ្នា ផ្តល់នូវអត្ថន័យនៃសន្តិភាពផ្លូវចិត្តរបស់អត្តពលិក។ ដូច្នេះ ការចូលរួមប្រកួតកីឡានេះ គឺយើងយកស្មារតីនេះបន្តការប្រឹងប្រែងហ្វឹកហាត់ជំនាញរបស់ខ្លួន និងត្រៀមចូលរួមប្រកួត បើទោះបីជាអាចនឹងកើតមានឡើងនូវបញ្ហាអ្វីកើតឡើង ដែលអាចទៅបាន គឺនឹងត្រូវចូលរួមប្រកួតជាធម្មតា។ ការប្រកួតកីឡា មិនមានអ្វីជាសម្ពាធផ្សេងក្រៅពីជំនាញនោះទេ ពីព្រោះទៅប្រកួតនេះ គឺដើម្បីជំនាញ ក្នុងន័យកសាងមិត្តភាព សាមគ្គីភាព ដោយយើងយកស្មារតីនេះជាស្មារតីរបស់ចលនាអូឡាំពិក ដែលធម្មនុញ្ញអូឡាំពិកបានចែងហើយថា កីឡាគ្មាននិន្នាការនយោបាយ គ្មានពណ៌សម្បុរ គ្មានការរើសអើងពូជសាសន៍ គ្មានការបែងបែងវណ្ណៈ ដោយកីឡាត្រូវការសន្តិភាព កីឡាត្រូវការរួបរួមគ្នា ដើម្បីសុខដុមរមនារបស់មនុស្សទាំងអស់នៅលើពិភពលោក»។ ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ចុងក្រោយ៕