ម្ចាស់ផ្ទះកម្ពុជាឈ្នះមេដាយមាស ៣គ្រឿង ថ្ងៃដំបូង តេក្វាន់ដូ ITF ជើងឯកអាស៊ាន

ភ្នំពេញ៖ ម្ចាស់ផ្ទះ​កម្ពុជា​បាន​ឈ្នះ​មេដាយមាស ៣​គ្រឿង ក្នុង​ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ ITF ជើងឯក​អាស៊ាន នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៥ ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ការ​ប្រកួត​ពី​ថ្ងៃ​ទី​២៨-៣០ ខែមិថុនា ឆ្នាំ​២០២៥​។

មន្ត្រី​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ ITF កម្ពុជា​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​កម្ពុជា ដែល​ឈ្នះ​មេដាយមាស ៣​គ្រឿង ក្នុង​ថ្ងៃ​ដំបូង​នេះ​ដណ្តើម​បាន​ដោយ​កីឡាការិនី តូច ឧត្តម កីឡាករ ស៊ីវ សិរី​បុត្រ និង​កីឡាករ សិរី វ​ឌ្ឍ​នា​វង្ស លើ​វិញ្ញាសា​សម្តែង​ឯកត្តជន​។ នេះ​ជា​ការ​ប្រកួត​ថ្ងៃ​ដំបូង ដែល​មាន​វិញ្ញាសា​សរុប​ទាំង​៣​ថ្ងៃ​ចំនួន ១៤៥ លើ​ប្រភេទ​វិញ្ញាសា​ឈុត U13 U15 U17 និង​ឈុត​ធំ​។

ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ ITF ជើងឯក​អាស៊ី​អាគ្នេយ៍ លើក​ទី​២ ឆ្នាំ​២០២៥ នៅ​កម្ពុជា​នេះ មាន​ប្រទេស​ចូលរួម​សរុប​ចំនួន​៦ រួម​មាន​៖ ម្ចាស់ផ្ទះ កម្ពុជា ឥណ្ឌូ​ណេ​ស៊ី ម៉ា​ឡេ​ស៊ី ហ្វី​លី​ពី​ន សិង្ហ​បូ​រី វៀតណាម និង​កូរ៉េ​ខាងជើង ដោយ​មាន​ប្រតិភូ​គ្រូបង្វឹក កីឡាករ កីឡាការិនី​សរុប ១៨៤​នាក់​។

ចំពោះ​ពិធី​បើក​ជា​ផ្លូវការ​នឹង​ធ្វើ​ឡើង នៅ​រសៀល​ថ្ងៃ​ទី​២៨​ខែមិថុនា​នេះ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដោយ​ទទួល​បានការ​អញ្ជើញ​ផ្តល់​កិត្តិយស​ពី​ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​នឹង​ធ្វើ​ស​ន្ទ​រក​ថា​ស្វាគមន៍ ក្នុង​នាម​ជា​ម្ចាស់ផ្ទះ ក្នុង​ពិធី​បើក​ការ​ប្រកួត​ជា​ផ្លូវការ​នេះ​៕

Previous articleព្រឹត្តិការណ៍ប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១២ ឆ្នាំ២០២៥ ម្ចាស់ជ័យលាភីលេខ១ បានទៅលើវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
Next articleឯកឧត្តម ហ៊ឹម រីដា ៖ ក្នុងនាមម្ចាស់ផ្ទះ តេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ កម្ពុជាច្បាមយកឱ្យបានមេដាយ ៤៥%នៃចំនួនមេដាយមាស ១៤៥ វិញ្ញាសា