ភ្នំពេញ៖ កីឡាករយានយន្តកម្ពុជា លោក វង្ស គឹមហួត បានគូសបញ្ជាក់ថា ឆ្លងតាមបទពិសោធធ្លាប់ចូលរួមការប្រណាំងកម្រិតអាស៊ី តាំងពីឆ្នាំ២០១៣ រហូតឆ្នាំ២០២៤នេះ ក្រុម VKH Rally Racing នឹងទទួលបានលទ្ធផលល្អ ពីព្រោះក្រុមការងារមានចិត្តឆន្ទៈខ្ពស់ បូករួមនឹងបទពិសោធន៍ ភាពស្ទាត់ជំនាញជាច្រើនឆ្នាំលើផ្នែកបច្ចេកទេស ការជួសជុល និងការជួយសង្គ្រោះរថយន្តប្រណាំង។
ក្រុម VKH Rally Racing បានចេញដំណើរទៅចូលរួមព្រឹត្តការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ ឆ្នាំ២០២៤ (Asia Cross Country Rally 2024) លើចម្ងាយផ្លូវសរុប ២៤០០គីឡូម៉ែត្រ នៅប្រទេសថៃ ដោយបានឆ្លងកាត់ព្រំដែនតាមច្រកចាំយាមខេត្តកោះកុង ឆ្ពោះទៅសម្រាកនៅខេត្តត្រាត។
អ្នកជំនាញប្រណាំង Rally រូបនេះបន្ថែមថា ចំពោះបញ្ហាបច្ចេកទេសរថយន្តប្រណាំង ដែលយើងធ្លាប់ឆ្លងកាត់ យើងបានកែសម្រួលគ្រប់បែបយ៉ាងដែលគិតមិនដល់ យើងត្រូវប្រុងប្រយ័ត្នជាងមុនទ្វេរដង។ កីឡាករ វង្ស គឹមហួត បន្តថា សម្រាប់ការធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តសូរ៉ាតថានីត្រូវសម្រាកតាមផ្លូវ២ថ្ងៃទើបដល់គោលដៅ ដែលមានចម្ងាយផ្លូវ ១៣០០គីឡូម៉ែត្រ។ ជាមួយគ្នានេះយើងបានសម្រេចចិត្តបើករថយន្តប្រណាំងផ្លូវឆ្ងាយ ដើម្បីសាកល្បងរថយន្ត និងពិនិត្យពីបច្ចេកទេស កម្លាំងម៉ាស៊ីន គ្រឿងក្រោមរថយន្ត កង់ និងផ្នែកផ្សេងៗខ្វះខាតកន្លែងណា និងសល់ពេលវេលាច្រើនបានជួសជុលឱ្យបានល្អ ជៀសវាងបញ្ហាកើតឡើងដូចឆ្នាំមុន។
កីឡាករ វង្ស គឹមហួត បានសង្កត់ធ្ងន់ថា ការប្រណាំង Rally ឆ្នាំនេះ មានរថយន្តចូលរួមច្រើនរហូត៤៥គ្រឿង រីឯ Class សាំង ៩គ្រឿងមកពី១០ប្រទេស សុទ្ធសឹងតែមានកីឡាករខ្លាំងៗមានកីឡាករប្រណាំងថ្មី និងកីឡាករប្រណាំងដែលខកខានពីឆ្នាំមុនក៏ត្រឡប់មកចូលរួមវិញ។ គួររម្លឹកថា ព្រឹត្តការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ ឆ្នាំ២០២៣ ក្រុម VKH Rally Racing ទទួលបានលេខ១១ ក្នុងរថយន្តប្រណាំងសរុប៤១គ្រឿង។
សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ ឆ្នាំ២០២៤ (Asia Cross Country Rally 2024) នឹងចាប់ផ្តើមប្រកួតរយៈពេល៦ថ្ងៃ ពីថ្ងៃទី១១ ដល់ទី១៧ ខែសីហា នៅប្រទេសថៃ ពីខេត្តសូរ៉ាតថានី ទៅខេត្តហួហ៊ីន និងបញ្ចប់នៅខេត្តកាន់ឆាណាក់បូរី។ ក្រុម VKH Rally Racing មានរថយន្តប្រណាំងមួយគ្រឿង បើកបរដោយកីឡាករ ហេង បញ្ញា និងជំនួយការអ្នកបើកបរ កីឡាករ វង្សគឹមហួត និងមានរថយន្តសេវាចំនួន៤គ្រឿង៕