បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sport Italy បានអោយដឹងថាបន្ទាប់ពីការមកដល់ខ្សែបម្រើស្លាបព័រទុយហ្គាល់វ័យ ២៤ឆ្នាំនៅឯកីឡដ្ឋាន Stamford Bridge អាចធ្វើអោយកីឡាករ Sterling ពិចារណាទៅលើការចាកចេញ ស្របពេលមានការចាប់អារម្មណ៍ពីខាង Serie A គឺកីឡាករ Juventus។ ក្លឹប Juventus កំពុងវាយតម្លៃទៅលើកីឡាករជាច្រើន ដោយក្នុងនោះក៏មានកីឡាករ Sterling ផងដែរ ខណៈដែលពួកគេចង់បន្ថែមខ្សែបម្រើស្លាបពីរនាក់ទៀតទៅក្នុងក្រុមសម្រាប់រដូវកាល ២០២៤-២៥។
ក្លឹបយក្សនៅអ៊ីតាលីក៏បានដាក់បញ្ចូលឈ្មោះកីឡាករ Jadon Sancho របស់ក្លឹប Manchester United និងកីឡាករ Francisco Conceicao របស់ក្លឹប Porto ទៅក្នុងបញ្ជីរបស់ពួកគេផងដែរ។ កាលពីដើមរដូវក្តៅ ក្លឹបយក្សនៅក្របខណ្ឌ Serie A បានព្យាយាមទិញខ្សែបម្រើស្លាបរបស់បិសាចក្រហម ដោយផ្តល់ជូននៅកីឡាករ Federico Chiesa ជាជម្រើសនៃការប្តូរ។
កីឡាករ Sterling វ័យ ២៩ឆ្នាំបានបង្ហាញខ្លួនក្នុង ៤៣ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ ដែលគាត់បានស៊ុតបញ្ចូលទី ១០គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ៨ដង។ ទោះជាយ៉ាងណាក៏ដោយ ការខិតខំប្រឹងប្រែងរបស់គាត់សម្រាប់ក្លឹប មិនអាចបញ្ចុះបញ្ចូលលោក Gareth Southgate ឱ្យជ្រើសរើសគាត់សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ក្នុងព្រឹត្តិការណ៍ Euro ២០២៤។
វានៅតែត្រូវបានមើលឃើញថាតើក្លឹប Juventus នឹងដាក់សំណើជាផ្លូវការសម្រាប់កីឡាកររូបនេះឬអត់? សម្រាប់ពេលនេះ គាត់នៅតែផ្តោតលើក្លឹប Chelsea របស់គាត់ ហើយអាចត្រូវបានគេមើលឃើញថាគាត់អាចបង្ហាញខ្លួននៅក្នុងការប្រកួតបន្ទាប់នៅថ្ងៃអាទិត្យ ខណៈដែលក្រុមរបស់លោក Enzo Maresca ជួបជាមួយក្លឹប Inter ក្នុងការប្រកួតមិត្តភាពមុនរដូវកាលចុងក្រោយរបស់ពួកគេ៕