Man City គ្រោងចុះហត្ថលេខាយកខ្សែប្រយុទ្ធវ័យក្មេងម្នាក់

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំ ដែលទើបចាកចេញពីក្លឹប West Ham ដោយសារតែផុតកុងត្រា បានកំពុងតែទាក់ទាញភ្នែករបស់ក្លឹប Man City ខណៈដែលក្លឹបចង់នាំយកមកកាន់ Etihad ដោយគ្មានតម្លៃខ្លួន។ កីឡាករជម្រើសជាតិអង់គ្លេសអាយុក្រោម ២០ឆ្នាំ ត្រូវបានដោះលែង បន្ទាប់ពីគាត់មិនអាចឈានដល់ការបន្តកុងត្រាថ្មី។ ការចាកចេញរបស់កីឡាករ Mubama បានបង្ហាញពីការបញ្ចប់ទំនាក់ទំនងដ៏យូរអង្វែងជាមួយក្លឹបនៅទីក្រុងឡុងដ៍ ជាកន្លែងដែលគាត់ទទួលបានការអភិវឌ្ឍន៍ចាប់តាំងពីចូលរួមជាមួយក្រុមយុវជនរបស់ West Ham។

Divin Mubama West Ham 2023-24

លោក Romano បានបន្ថែមទៀតថាក្លឹប Man City កំពុងធ្វើការឆ្មក់ចរចាជាមួយកីឡាករ Mubama ខណៈកំពុងទទួលបានការចាប់អារម្មណ៍ពីក្លឹប Lyon និង Famalicao ដូចគ្នា។ ក្នុងនោះត្រូវបានគេមើលឃើញថាយុវជនរូបនេះអាចនឹងត្រូវដាក់អោយខ្ចីជើងនៅក្នុងខែមករា ឫក៏រដូវក្តៅក្រោយ ដើម្បីទទួលបានបទពិសោធន៍ និងការអភិវឌ្ឍន៍ជំនាញ។ Man City ចាត់ទុក Mubama ថាជាយុវជនដែលមានទេពកោសល្យ អាចទទួលបានការណែនាំ និងឪកាសក្លាយជាកីឡាករសំខាន់សម្រាប់ក្លឹបនាពេលអនាគត។

ក្នុងការបង្ហាញខ្លួន ១៨ដងអោយក្លឹប West Ham គាត់បានស៊ុតបញ្ចូលទី ១គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានម្តង ប៉ុន្តែកីឡាករ Mubama មិនអាចមានអនាគតនៅក្លឹបញញួរធំនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ទម្រង់លេងរបស់គាត់នៅកម្រិតយុវជនគឺគួរអោយចាប់អារម្មណ៍ជាង ខណៈដែលគាត់បានស៊ុតបញ្ចូលទីបាន ៤០គ្រាប់ក្នុងការបង្ហាញខ្លួន ៥៧ដង សម្រាប់ក្រុមអាយុក្រោម ១៨ឆ្នាំរបស់ក្លឹប West Ham និងបានស៊ុតបញ្ចូលទី ១៨គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៤ដងអោយក្រុមអាយុក្រោម ២១ឆ្នាំ។

Erling Haaland Pep Guardiola

ជាមួយនឹងការចាកចេញរបស់ Julian Alvarez ទៅកាន់ក្លឹប Atletico Madrid បន្ទាប់ពីការខកចិត្តរបស់គាត់ក្នុងការលេងជាជម្រើសទី២ ពីក្រោយកីឡាករ Erling Haaland ដូច្នេះវានៅសល់ចន្លោះប្រហោងសម្រាប់កីឡាករ Mubama មកបំពេញបាន។ កំណត់ត្រាស៊ុតបញ្ចូលទីដ៏អស្ចារ្យរបស់គាត់នៅកម្រិតយុវជនបង្ហាញថាគាត់មានទេពកោសល្យ និងសក្តានុពលដើម្បីជោគជ័យក្នុងកម្រិតខ្ពស់បំផុត។ ទោះជាយ៉ាងណាក៏ដោយ គាត់ត្រូវតែសម្របខ្លួនទៅនឹងទម្រង់លេងរបស់ក្លឹប City ហើយប្រសិនបើគាត់អាចចាប់យកឱកាសនេះបាន កីឡាករ Mubama អាចក្លាយជាកីឡាករឆ្នើមម្នាក់ក្នុងជំនាន់របស់ខ្លួន៕

Previous articleកីឡាករ Mark McKenzie កាន់តែខិតជិតទៅចូលរួមជាមួយក្លឹបនៅ Ligue 1
Next articleAC Milan សម្រេចជោគជ័យលើការចរចាផ្ទេរកីឡាករ Youssouf Fofana